បណ្តាញសង្គម

ស្ពានឈើ​មួយកន្លែង​ក្នុងស្រុក​កូន​មុំ ត្រូវ​ជនខិលខូច​លួច​ដុត​ឆេះ​ក្លាយជា​ផេះ

ខេត្តរតនគិរី ៖ ស្ពានឈើប្រវែង៩ម៉ែត្រ និងទទឹង៤ម៉ែត្រ ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្បែរភ្នំទទឹង ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។ មន្ត្រីនគរបាលស្រុកកូនមុំបានឲ្យដឹងថា ស្ពានដែលភ្លើងឆេះនោះ មានប្រវែង៩ម៉ែត្រ ទទឹង៤ម៉ែត្រ ធ្វើអំពីឈើ តែមិនមានបង្កាន់ដៃនោះទេ។ មន្ត្រីដដែលបានបន្តថា ក្រោយទទួលព័ត៌មានទាន់ទិនករណីអគ្គិភ័យនេះ ក្រុមកម្លាំងពន្លត់អគ្គិភ័យ បានចេញទៅអន្តរាគមន៍ផងដែរ តែពេលទៅដល់ ស្ពានឈើខាងលើនេះ ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុងទៅហើយ។ សូមបញ្ជាក់ថា ករណីភ្លើងឆេះស្ពានខាងលើនេះ សង្ស័យមានគេលួចដុតកម្ទេចចោល ហើយសមត្ថកិច្ចមូលដ្ឋានកំពុងស្រាវជ្រាវវែកមុខជនដៃដល់ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕