បណ្តាញសង្គម

ប្រជាពលរដ្ឋ​ដេញ​វាយកម្ទេច​រថយន្ត​មួយគ្រឿង​ចំណែក​ម្ចាស់​រងរបួស​ធ្ងន់​បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៍ហើយ​បើក​រត់​

(ភ្នំពេញ)៖ បុរសជនជាតិចិនម្នាក់បើកបររថយន្តម៉ាក ហ្គិច ក្នុងល្បឿនលឿនហើយបុករះជាច្រើនកន្លែងបណ្តាលអោយមានបងប្អូនជាពលរដ្ឋរងរបួសជាច្រើននាក់ ចាប់ពីចំណុចម្ដុំវត្តទួល ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រហូតឃាត់បាននៅចំណុចផ្លូវ២៦៥ កែងផ្លូវ១៥៦ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពប្រជាពលរដ្ឋដែលបានដេញតាមរថយន្តបង្ក បានអោយដឹងថាមុនពេលកើតហេតុ ជនបង្កបានបើករថយន្តរបស់ខ្លួនម៉ាក ហ្គិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AP-9719 បានបុករះកន្លែងបូមកង់ម៉ូតូឡាន បណ្ដាលអោយមានអ្នករងរបួសធ្ងន់២នាក់ ពេលបងប្អូនជាពលរដ្ឋឃើញហេតុការបាននាំគ្នាដេញតាមឃាត់រថយន្តបង្កតែម្ចាស់រថយន្តបង្កមិនបានឈប់នោះទេបានព្យាយាមបើកគេច រត់ពេញរាជធានីភ្នំពេញ ដោយបើករត់ជុំវិញរង្វង់មូលវត្តភ្នំ ក្រឡឹកផ្សារធំថ្មី ឡើងមកស្តុបណានជីង សំដៅមកស្តុបនាងគង្ហីង បានបុករះប្រជាពលរដ្ឋធ្វើដំណើរជាហូរហែ រហូតដល់ចំណុចផ្លូវ២៦៥កែងផ្លូវ១៥៦ ទើបរថយន្តបែកកង់ទៅមុខលែងរួចត្រូវបានប្រជាពលរដ្ឋ វាយកំទេចរថយន្តនិងម្ចាស់រថយន្តបណ្ដាលអោយរងរបួសធ្ងន់ ខណៈនោះកម្លាំងសមត្ថកិច្ចបានចុះជួយអន្តរាគមន៍ និងទាក់ទងរថយន្តសង្គ្រោះបន្ទាន់យកទៅមន្ទីរពេទ្យ ភ្លាមៗតែម្ដង។ ពាកព័ន្ធករណីចរាចរណ៍នេះ ដែរ លោក ទៀង ច័ន្ទសា អធិការនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបានអោយដឹងថាករណីដែលប្រជាពលរដ្ឋថា មានបុរសជនជាតិចិន បើករថយន្តបុករះនៅម្ដុំវត្តទួលបណ្ដាលអោយប្រជាពលរដ្ឋស្លាប់ចំនួន២នាក់នោះគឺពុំមានដូចការលើកឡើងនោះឡើយ។ បច្ចុប្បន្នជនបង្កត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនចំណែករថយន្តត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកដើម្បីរកចាំការការដោះស្រាយនៅពេលក្រោយ៕