បណ្តាញសង្គម

អាណោចអាធ័ម​ណាស់​! បុរសអ្នកលក់​ត្រី​ម្នាក់​ត្រូវ​ដើមឈើ​រលំ​សង្កត់​ស្លាប់​ភ្លាមៗ​

ខេត្តឧត្តរមានជ័យ ៖ បុរសអ្នកលក់ម្នាក់ត្រូវដើមឈើបាក់រលំសង្កត់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈកំពុងជិះម៉ូតូដឹកត្រីលក់តាមស្រុកស្រែចំការ ដែលករណីនេះកើតឡើងកាលពីម៉ោង៩ និង៣០នាទីព្រឹកម្សិលមិញនៅតាមផ្លូវលំមួយខ្សែ ស្ថិតក្នុងភូមិត្រពាំងធំ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ ជនរងគ្រោះដែលដើមឈើរលំសង្កត់ពីលើឈ្មោះ ស៊ីម ផ្លោក ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអណ្ដូងចាន់ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀម ។ តាមព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះតែងតែជិះម៉ូតូដឹកត្រីលក់ឱ្យអ្នកភូមិទិញហូបជារៀងរាល់ថ្ងៃ ហើយនៅក្នុងថ្ងៃកើតហេតុនេះមានដើមឈើធំមួយដើមភ្លើងព្រៃកំពុងឆេះគល់ ស្រាប់តែដាច់ត្រូវដួលរលំស្របពេលជនរងគ្រោះជិះម៉ូតូទៅដល់ក៏បណ្តាលឱ្យសង្កត់ទាំងមនុស្ស និងម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ប៉ូលិសស្រុកអន្លង់វែងបានឱ្យដឹងថា ក្រោយពីពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារតែដើមឈើរលំសង្កត់ពិតប្រាកដមែន ហើយសមត្ថកិច្ចបានប្រគល់សាកសព្វទៅឱ្យក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី៕