បណ្តាញសង្គម

តាម​ពាក្យសន្យា​! លោក ពេជ្រ ស្រស់ នឹង​អុជ​ធូប​មួយថ្ងៃ​ម្តង​គ្រប់​មួយឆ្នាំ​

រាជធានីភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ធ្លាប់បានសន្យាថា ប្រសិន បើលោកឧកញ៉ា ឌួង ឆាយ យល់ព្រមដកពាក្យបណ្តឹងឈប់ប្តឹងកូនឈ្នួលរបស់លោក ដែលរងការចោទថា បានធ្វើទុក្ខបុកម្នេញកូនរបស់លោកឧកញ៉ា ហើយត្រូវតុលាការចាប់ឃុំខ្លួននោះ លោកនឹងអុជធូបមួយថ្ងៃ មួយដងឲ្យគ្រប់មួយឆ្នាំ ដើម្បីបួងសួងដល់វត្ថុសក័សិទ្ធិក្នុងលោកឲ្យតាមថែរក្សាលោកឧកញ៉ា ឌួង ឆាយ ។ ឥឡូវនេះលោក ពេជ្រ ស្រស់ បានលើកឡើងថា លោកនឹងធ្វើតាមកិច្ចសន្យាខាងលើ នេះ ។ លោក ពេជ្រ ស្រស់ បានសរសេរនៅលើបណ្តាញព័ត៌មានសង្គមផ្ទាល់ខ្លួនថា ៖ « ខ្ញុំ ពេជ្រ ស្រស់ សូមអបអរសាទរ ចំពោះលោកឧកញ្ញា ឌួង ឆាយ ដែលបានបំពេញនូវទានបារមីដែលជាទានកើតឡើងដោយកម្រ ដោយលោកឧកញ្ញាបានប្រកាសដកពាក្យបណ្តឹងដែលប្តឹងកូនឈ្នួលរបស់លោកឧកញ្ញា ហើយលោកឧកញ្ញាក៏មានគម្រោងស្នើរដល់តុលាការឲ្យលើកលែងទោសដល់នាងទៀតផង ។ លោក ពេជ្រ ស្រស់ បានបញ្ជាក់បន្ថែមថា ខ្ញុំ ពេជ្រ ស្រស់ក៏មិនភ្លេចពាក្យសន្យារបស់ ខ្លួនផងដែរដោយខ្ញុំនឹង អុជធូបមួយថ្ងៃ១ដងឲ្យគ្រប់១ឆ្នាំ ដើម្បីបួងសួងដល់វត្ថុស័ក សិទ្ធិក្នុងលោកឲ្យ ជួយតាមថែរក្សាដល់កូនលោកឧកញ្ញាទាំងពីរឲ្យមានសេចក្តីសុខ និងសុខភាពល្អបរិបូណ៌ពេញមួយជីវិត ហើយខ្ញុំ ពេជ្រ ស្រស់ នឹងអនុវត្តនូវពាក្យសន្យារបស់ខ្ញុំ នៅពេល តុលាការសំរេចដោះលែងកូនឈ្នួលរបស់លោកឧកញ្ញាជាស្ថាពរ៕