បណ្តាញសង្គម

រន្ទះបាញ់​ស្លាប់​ម្នាក់ របួស​២​នាក់ គោ​០៣​ក្បាល និង​សត្វ​ឆ្កែ​១​ក្បាល​នៅស្រុកពួក

ខេត្តសៀមរាប ៖ ភ្លៀងមួយមេធំលាយឡំដោយខ្យល់ និងរន្ទះបាញ់យ៉ាងខ្លាំងបណ្ដាលឱ្យរលំផ្ទះ ៣ខ្នង របើកដំបូលផ្ទះ១ខ្នង និងរន្ទះបាញ់ស្លាប់មនុស្សម្នាក់ របួសធ្ងន់ស្រាល២នាក់ គោចំនួន០៣ក្បាល និងសត្វឆ្កែចំនួន១ក្បាល។ គ្រោះធម្មជាតិនេះកើតឡើងនៅវេលាម៉ោង១៣ និង១៥នាទីរសៀល នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងភូមិសាស្ត្រស្រុកពួក។ តាមរបាយការណ៍នគរបាលស្រុកពួកបានឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់មានមានឈ្មោះទី១- ឈ្មោះ វឿន ដុស ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិស្វាហួល ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប (ស្លាប់នៅហ្នឹងកន្លែង) និងសត្វឆ្កែ១ក្បាលផងដែរ ស្ថិតនៅចំណុចត្រពាំងតាអុកទឹក ភូមិគោករាំង ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប។ ទី២ ឈ្មោះ ជន នន់ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់ តែត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យ ជនរងគ្រោះទាំងពីរនាក់ខាងលើកំពុងដើរឃ្វាលគោ។ របាយការណ៍ដដែលបន្តថា ទី៣ ឈ្មោះ លាប លួត ភេទប្រុស អាយុ៥០ឆ្នាំ ជាជនរងគ្រោះហើយជាម្ចាស់ផ្ទះដែរ រស់នៅភូមិប្រាសាទឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ត្រូវខ្យល់កន្ត្រាក់រលំផ្ទះទំហំ៦គុណ៧ម៉ែត្រ ជញ្ជ្រាំងស័ង្កសី ដំបូលប្រក់ស័ង្កសីកម្ពស់១.៧០ម បណ្ដាលឱ្យ រងរបួសមនុស្ស០១នាក់ ស្រាល ឈ្មោះ ទូច ស្រីឡី ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិស្វាយចន្ទោរ ឃុំ ព្រៃជ្រូក ស្រុកពួក។ ទី៤- ឈ្មោះ បេង លីន ភេទស្រី អាយុ៣៦ឆ្នាំ (ម្ចាស់ផ្ទះ) រស់នៅភូមិ ស្វាយចន្ទោរ ឃុំ ព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ត្រូវបានខ្យល់កន្ត្រាក់ បណ្តាលឱ្យរបើកដំបូល ស័ង្កសីចំនួន១០សន្លឹក។ ចំណែកគោ០៣ក្បាលត្រូវរន្ទះបាញ់ស្លាប់នោះស្ថិតនៅចំណុចវាលស្រែចម្ងាយពីភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ជារបស់ឈ្មោះ រួន ពោរ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប៕