បណ្តាញសង្គម

តារាចម្រៀង​វ័យក្មេង​បើករថយន្ត​បុក​រថយន្ត​មួយគ្រឿង​ទៀត ហើយ​ជ្រុល​បុក​របង​វត្ត​មហាមន្ត្រី​

រាជធានីភ្នំពេញ ៖ តារាចម្រៀងវ័យក្មេងមួយក្រុមបានបើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX300 ពាក់ស្លាកលេខភ្នំពេញ 2AT-6487 ទៅបុកគ្នាជាមួយរថយន្តផ្សេងទៀត រួចរេចង្កូតទៅបុករបងវត្តមហាមន្ត្រី។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងជាង១២នាទីរំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ២៨៤ កែងនឹងផ្លូវលេខ១៧៣ ជាប់របងខាងក្រោយវត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។ កញ្ញា តន់ ច័ន្ទសីមា ដែលគេស្គាល់ថា ជាតារាចម្រៀងវ័យក្មេងស្ថិតក្នុងរថយន្តបង្កហេតុខាងលើបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ខ្លួន និងមិត្តភក្តិជាច្រើននាក់ទៀត ទើបតែចេញពីខួបកំណើត បានបើករថយន្ត ឡិចស៊ីស ខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនល្មម និងបានបើកឆ្លងកាត់ផ្លូវលេខ១៧៣ តែបំពានស្លាកសញ្ញាចរាចរណ៍ក៏ត្រូវរថយន្តកាមរីពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2I-4334 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៧៣ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿនមកបុក ទើបមិនទាមទារសំណង ហើយភាគីខាងរថយន្តកាមរីវិញក៏មិនចង់មានរឿងវែងឆ្ងាយដែរ ទើបយល់ព្រមបញ្ចប់រឿងនៅមុខសមត្ថកិច្ចតែម្ដង៕