បណ្តាញសង្គម

​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​សម្អាត​បរិស្ថាន​និង​ផ្តល់ព័ត៌មាន​ពី​ការបំពុល​បរិស្ថាន​

កំពង់ចាម: អភិបាលក្រុងកំពង់ចាម បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថាន និងផ្តល់ព័ត៌មានស្តីពីការបំពុលបរិស្ថានគឺដើម្បីថែរក្សាសម្រស់និងសោភ័ណ្ឌភាពក្រុងជាប់ដងទន្លេមេគង្គមួយនេះឲ្យស្ថិតក្នុងចំណាត់ថ្នាក់ជាក្រុង«រំដួលបីទង»ជារៀងរាល់ឆ្នាំ។ នេះជាការអំពាវនាវរបស់លោកចាន់ផល្លីអភិបាលក្រុងកំពង់ចាមនៅចំពោះមុខមន្ត្រីជាគណ:បញ្ជាការឯកភាពក្រុងនៅព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៨គឺបានអញ្ជើញបុរសឈ្មោះព្រំធឿនអាយុ៦៣ឆ្នាំជាជាងប៉ះកង់នៅជាប់របងសាលាបឋមសិក្សាឧត្តរក្រុងកំពង់ចាម។ឈ្មោះនោះបានយកសំរាមចាក់ពង្រាយទឹកភ្លៀងហូរលើផ្លូវហើយត្រូវអ្នកសារព័ត៌មានតាមប្រព័ន្ធហ្វេបុកថតបាននូវរាល់សកម្មភាពជាក់ស្តែងកាលពីល្ងាចថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១៨។ លោកចាន់ផល្លីបានលើកឡើងថាខណ:នេះលោកព្រំធឿនបានទទួលស្គាល់នូវកំហុសរបស់លោកដែលបានយកសំរាមចាក់ពង្រាយលើផ្លូវសាធារណ:នោះហើយ។ជាមួយនោះក៏សូមសន្យាបញ្ឈប់សកម្មភាពដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថានទៀត និងសូមសន្យានឹងកែប្រែជាប្រជាពលរដ្ឋដែលចូលរួមសម្អាតបរិស្ថាន។ ប៉ុន្តែទន្ទឹមនឹងនេះលោកអភិបាលក្រុងសូមឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់និងប្រជាពលរដ្ឋទូទៅចូលរួមសហការថែរក្សាសម្អាតបរិស្ថានឲ្យបានទាំងអស់គ្នាគឺប្រយោជន៍ដើម្បីជួយថែរក្សាសម្រស់និងសោភ័ណ្ឌភាពក្រុងកំពង់ចាមនេះស្ថិតក្នុងចំណាត់ថ្នាក់ជាក្រុង«រំដួលបីទង»ជារៀងរាល់ឆ្នាំនិងឲ្យក្លាយជាក្រុងទេសចរណ៍ដ៏ទាក់ទាញ។ លោកអភិបាលក្រុងបានលើកឡើងទៀតថាប្រការសំខាន់នោះគឺទាមទារឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមសហការផ្តល់ព័ត៌មាន ស្តីពីការបំពុលបរិស្ថានដូចករណីខាងលើនេះ ដើម្បីឲ្យអ្នកប្រព្រឹត្តបានយល់ និងកែប្រែឥរិយាបទរបស់ខ្លួនងាកមកចូលរួមថែរក្សាបរិស្ថានឲ្យបានទាំងអស់គ្នា។ បើយើងទុកប ណ្តោយឲ្យសំរាមនៅរាយមាយ ពាសវាលពាសកាលនោះ គឺវានឹងទៅបិទមាត់លូ ឬប្រព័ន្ធលូដែលជាអ្នករ៉ាប់រងធានាការបង្ហូរទឹកកខ្វក់ចេញពីក្រុងកំពង់ចាមក្នុងថ្ងៃ ៩.០០០ ម៉ែត្រគូបនោះ នឹងត្រូវស្ទះចាល់លិចផ្លូវ លំនៅស្ថានបងប្អូនដូចធ្លាប់បានជួបប្រទះនាពេលកន្លងមកជាមិនខាន។ លោកហែមចាន់ធូអាយុ៥៥ឆ្នាំជាអ្នកព័ត៌មានតាមប្រព័ន្ធសង្គមហ្វេបុកម្នាក់ដែលតាមដានករណីចាក់ចោលសំរាមពង្រាយលើផ្លូវខាងលើបានឲ្យដឹងថា សូមចូលរួមគាំទ្រនូវចំណាត់ការរបស់អាជ្ញាធរក្រុងកំពង់ចាម និងការអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថាន ហើយសហការផ្តល់ព័ត៌មានពីការបំពុល ឬបំផ្លាញបរិស្ថាន។ ពិសេសដែលបានអញ្ជើញអ្នកបង្កផលប៉ះពាល់បរិស្ថានលើផ្លូវសាធារណ:មកអប់រំបែបនេះ ជារឿងត្រឹមត្រូវ ហើយបើមិនរាងចាលនឹងអនុវត្តន៍វិធានពិន័យបន្តទៀត៕