បណ្តាញសង្គម

ចាប់បាន​មេខ្លោងង​ពាក់ព័ន្ធ​ករណី​ជួញដូរ​អាវុធ​ប្រឆាំង​​រដ្ឋាភិបាល

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងបា្រប់អ្នកសារព័ត៌មានថា ប៉ូលិសបានចាប់ខ្លួនមេខ្លោងជួញដូរអាវុធក្នុងបំណងបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា កាលពីរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នៅខេត្តព្រះវិហារ។ មេខ្លោងរូបនោះមានឈ្មោះ ប្តិន្តិ៍ ថងឌី ហៅក្រូច អាយុ៤៤ឆ្នាំ។

កម្លាំងសមត្ថកិច្ចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានរឹបអូសវត្ថុតាងផងដែរ រួមមាន ៖ អាវុធ២ដើម(ខ្លី០១ដើម វែង០១ដើម), គ្រឿងផ្ទុះ និងសារធាតុផ្សំគ្រឿងផ្ទុះមួយចំនួន។ ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ពាក់ព័ន្ធនឹងរឿងខាងលើនេះដែរ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ បានសម្រេចចោទប្រកាន់មនុស្ស ០៨នាក់ ពីបទរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ សន្និធិអាវុធ និងគ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត និងពីបទចូលរួមក្នុងក្រុមជនប្រដាប់អាវុធ តាមមាត្រា៤៨៥ មាត្រា ៤៨៦ និងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ។

ជនត្រូវចោទទាំង៨នាក់រួមមាន ៖ ១. ឈ្មោះ សៀង វណ្ណឌឿន ២.ឈ្មោះ វ៉ន ឡេង ៣.ឈ្មោះ វ៉ន សាវណ្ណ ៤.ឈ្មោះ ថន សាម៉េត ៥.ឈ្មោះ ហេង ហៃ (ស្រី) ៦.ឈ្មោះ ណុប វ៉ុន ៧.ឈ្មោះ សាន សៅរី និង៨.ឈ្មោះ ប៉ែន ប៊ុនធឿន៕