បណ្តាញសង្គម

ទឹកខៀវដែលកំពុងតែល្បីនៅស្រុកស្វាយចេក​ បានឆក់យកជីវិតក្មេងអាយុ១៣ឆ្នាំម្នាក់​ រករយៈពេល​ជាង១យប់ទើបប្រទះឃើញសព

បន្ទាយមានជ័យ ៖ គួរឲ្យអាសូរជាប៉ុនពេក ក្មេងប្រុស អាយុ១៣ឆ្នាំម្នាក់ បានលង់ទឹកខៀវស្លាប់ ជាងមួយយប់ទើបរកសាកសពឃើញ ខណៈដែលរូបគេ រួមមិត្តភ័ក្ដិ៤នាក់ទៀតបាននាំគ្នាលេងទឹក ។ ហេតុកាណ៍នេះបានកើតឡើងនៅវេលាម៉ោង១២.៣០នាទីនៅថ្ងៃទី០៤ ខែតុលា ស្ថិតនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក បន្ទាយមានជ័យ និងបានរកឃើញសាកសពនៅព្រឹកថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៨ ។ 

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ៖ នៅវេលាថ្ងៃត្រង់ម៉ោង១២.៣០នាទី ថ្ងៃទី០៤ ខែតុលា គេឃើញមានក្មេងចំនួន៥នាក់ ក្នុងនោះមានជនរងគ្រោះម្នាក់ដែល បាននាំគ្នាទៅលេងទឹកខៀវដែលមានជំរៅជាង១៤ម៉ែត្រ ត្រង់ចំណុចក្រុមហ៊ុនចិនកាយយកថ្មនៅចំនុចភូមិសាស្រ្តខាងលើ ។ ក្នុងចំណោមក្មេងទាំង៥នាក់ ៖ ១. ឈ្មោះ ប្រាក់ សេវ៉ា ប្រុស ១៣ ឆ្នាំ បានលង់ទឹកស្លាប់ ដែលមានឪពុកឈ្មោះ ដន ប្រាក់ អាយុ ៣៨ឆ្នាំ និងម្តាយឈ្មោះ សូ សៀម អាយុ ៣៣ ឆ្នាំ។ ២.ឈ្មោះឈិត វិឆៃ ប្រុស១២ ឆ្នាំ ។ ៣.ឈ្មោះ ជិន សុចាន់ចាវ ប្រុស ១៤ ឆ្នាំ ។ ៤. ឈ្មោះ សឿន ឡុង ប្រុស ១៣ ឆ្នាំ ។ ៥. ឈ្មោះ ធិ ភ្នំ  ប្រុស  ១៦ ឆ្នាំ ។  ពួកគេទាំង៥នាក់ជាមិត្តភ័ក្តិនិងគ្នា ជាមួយជនរងគ្រោះ រស់នៅភូមិ-ឃុំជាមួយគ្នា ។ ខណៈពេលនោះពួកគេបាននាំលោតលែងទាំងអស់គ្នាប៉ុន្តែស្រាប់តែឈ្មោះប្រាក់ សេវ៉ា មិនឃើញផុសមកវិញទេ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាចុះរាវរកតែរកមិនឃើញ លុះនៅព្រឹកថ្ងៃទី០៥ ខែតុលា ក៏បានចុះរាវរកបន្ត ដោយមានការចូលរួមពីកងកម្លាំងទាហានដែលឈរជើងនៅតំបន់នោះក៏បានប្រទះឃើញសពតែម្តង ។ 

ក្រោយពីបានរកសព សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ បានធ្វើកោសលវិច្ឆ័យ និងបានសន្និដ្ឋានថា ក្មេងប្រុសរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចក៏បានប្រគល់សពជូនក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ អត្ថបទ ៖ រឿង ចន្ទ្រា