បណ្តាញសង្គម

ឃាតករចិត្តខ្មៅរំលោភសម្លាប់ក្មេងស្រីបងប្អូន២នាក់ញាត់ចូលក្នុងកេសនៅស្រុកបរិបូរណ៌ត្រូវបានចាប់ខ្លួន

ខេត្តកំពង់ឆ្នាំង ៖ ជនដៃដល់ដែលរំលោភ ហើយសម្លាប់ក្មេងស្រីបងប្អូនបង្កើត២នាក់នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានហើយនៅរសៀលថ្ងៃទី២១ ខែតុលានេះ បន្ទាប់ពីការសួរនាំរយៈពេល២ថ្ងៃ។

លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ ឆុំ ពយ គឺជាអ្នកជិតខាងក្មេងស្រីរងគ្រោះ។ ជនសង្ស័យរូបនេះបានឡើងទៅរំលោភក្មេងស្រីជាបង តែខណៈនោះក្មេងស្រីជាប្អូនបានឃើញ និងស្រែក ហើយដោយសារខ្លាចធ្វើឲ្យបែកការណ៍ ជនសង្ស័យបានយកខ្នើយ សង្កត់ដង្ហើមបណ្តាលឲ្យស្លាប់ទាំង២នាក់ភ្លាមៗ។

ជនរងគ្រោះទាំងពីរ ទី១៖ឈ្មោះ អ.ល.ណ អាយុ១៤ឆ្នាំ និងទី២៖ឈ្មោះ អ.ធ.ត អាយុ៧ឆ្នាំ។ អ្វីដែលកាន់តែគួរឲ្យអាសូរនោះ ឪពុកម្ដាយរបស់ក្មេងស្រីទាំងពីរ មិនបាននៅផ្ទះជាមួយនោះទេ ព្រោះម្ដាយទៅធ្វើការរោងចក្រនៅរាជធានីភ្នំពេញ និងឪពុកទៅធ្វើកម្មករនៅប្រទេសថៃ។

សូមជម្រាបថា ក្មេងស្រី២នាក់បងប្អូនបង្កើត ត្រូវឃាតករចិត្តខ្មៅសម្លាប់រួចញាត់ចូលក្នុងកេស ហើយយកទៅដាក់លើផ្ទះខ្ទម ដែលជនរងគ្រោះស្នាក់នៅរាល់ថ្ងៃ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាថ្ងៃត្រង់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង៕