បណ្តាញសង្គម

រថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុន​ជុងលីធីឆ័របុកម៉ូតូវ៉េវបណ្តាលឲ្យមនុស្សស្លាប់នៅផ្លូវជាតិលេខ៤

ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានស្លាប់នៅហ្នឹងកន្លែង និងម្នាក់ទៀតបានស្លាប់ពាក់កណ្តាលផ្លូវក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តក្រឡុកស៊ីម៉ងត៍បានបុកនឹងម៉ូតូនៅវេលាម៉ោង២១ និង១០នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ មុខស្ថានីយ៌អគ្គិសនីថ្មី ស្ថិតនៅក្នុងភូមិ២ សង្កាត់លេខ១ ក្រុង.ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តក្រឡុកស៊ីម៉ងត៍ មួយគ្រឿង ពណ៌ស គ្មានស្លាកលេខ (ក្រុមហ៊ុន ជុងលីធីឆ័រ) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីលិចទៅកើត លុះដល់ចំណុចខាងលើក៏បុកនឹងម៉ូតូមួយគ្រឿងម៉ាក HONDA WAVE ពណ៌ខ្មៅពាក់ស្លាកលេខកំពត 1A-8005 បើកបរដោយឈ្មោះ វ៉ាន វឿន ភេទ ប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិអូរត្រេះ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានអ្នករួមដំណើរម្នាក់ឈ្មោះ ចាន់ ដា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិស្តេចគង់ ឃុំស្តេចគង់ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត មានទិសដៅផ្ទុយគ្នា។

ប្រភពបន្តថា ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានបើកយករថយន្តមកទុកនៅក្នុងក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍(ក្រុមហ៊ុន ជុងលីធីឆ័រ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុង.ខេត្តព្រះសីហនុ)។ ប្រភពដដែលបន្តទៀតថា គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្សចំនួន០២នាក់ទី១.ឈ្មោះ វ៉ាន វឿន អ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងទី២.ឈ្មោះ ចាន់ ដា អ្នករួមដំណើរលើម៉ូតូ រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយមកស្លាប់នៅពាក់កណ្ដាលផ្លូវ បានយកមកតម្កល់ទុកនៅវត្តឥន្ទញ្ញាណ ហៅ វត្តក្រោមដើម្បីរង់ចាំក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។

បច្ចុប្បន្នវត្ថុតាងរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករង់ចាំការដោះស្រាយទៅផ្លូវច្បាប់៕ ដោយ ៖ តឹង សុភាព