បណ្តាញសង្គម

មន្រ្តីសាខាកាំកុងត្រូលខេត្តកណ្តាលនៅតែបន្តត្រួតពិនិត្យសុវត្ថិភាពផលិតផលម្ហូបអាហារនៅតាមទីផ្សារ

ខេត្តកណ្តាល ៖ នៅថ្ងៃអង្គារ ៦កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលខេត្តកណ្តាល ដោយមានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យសុវត្ថិភាពផលិតផលម្ហូបអាហារនៅផ្សារស្អាងព្រែកតូច និងផ្សារកោះធំ ខេត្តកណ្តាល ដើម្បីទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។ ក្នុងការចុះពិនិត្យនេះមន្រ្តីបានត្រួតពិនិត្យរួមមានគ្រឿងកំប៉ុង គ្រឿងសមុទ្រ ជ្រក់ បន្លែ សណ្តែកបណ្តុះប្រហិត ត្រីងៀត សាច់ក្រក គុយទាវ ស្ករត្នោត និងគ្រឿងឧបភោគ បរិភោគ ដែលដាក់តាំងលក់នៅក្នុងផ្សារ និងផ្ទះលក់ទំនិញមួយចំនួន។ ជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃើញសារធាតុគីមីហាមឃាត់នៅក្នុងគំរូផលិតផលទាំងនោះទេ។ ប៉ុន្តែមន្រ្តីជំនាញបានរកឃើញផលិតផលហួសកាលបរិច្ឆេទប្រើប្រាស់ ហើយបានធ្វើការដកហូតទំនិញទាំងនោះ មានដូចជា ៖ ទឹកក្រូចដប ចំនួន ១ដប និងនំដំឡូងកំប៉ុង ចំនួន ៦កំប៉ុង យកមករក្សាទុកដើម្បីកំទេចចោល។ ជាមួយគ្នានោះមន្រ្តីសាខាកាំកុងត្រូលបានណែនាំ និងបានចែកផ្ទាំងរូបភាពផ្សព្វផ្សាយអំពីរបៀបជ្រើសរើសផលិតផលម្ហូបអាហារដែលមានសុវត្ថិភាពជូនដល់អាជីវករ និងប្រជាពលរដ្ឋផងដែរ៕