បណ្តាញសង្គម

សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​បំបែកសំណុំរឿង​ឃាតកម្ម​មួយដោយ​ប្រើ​ពេលរយៈពេល​ជាង​២០​ថ្ងៃ

ខេត្តស្ទឹងត្រែង ៖ សមត្ថកិច្ចខេត្តស្ទឹងត្រែងបានបំបែកសំណុំរឿងឃាតកម្មមួយនៅរាជធានីភ្នំពេញ ដោយប្រើពេលវេលាជាង២០ថ្ងៃ ក្នុងការស៊ើបអង្កេត និងឈានទៅចាប់ខ្លួនជនសង្ស័យដៃដល់បាននាំខ្លួនមកផ្តន្ទាទោសតាមច្បាប់។ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានរួម សហការជាមួយ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង ដើម្បីបើកការស៊ើបអង្កេត និងស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យដៃដល់ ដែលបានប្រព្រឹត្តអំពើឃាតកម្ម ទៅលើជនរងគ្រោះនៅឯរាជធានីភ្នំពេញ ហើយបានរត់គេចខ្លួនមកពួនសម្ងំ នៅខេត្តស្ទឹងត្រែង ភាគឥសានប្រទេស។ ប្រតិបត្តិការស្រាវជ្រាវនោះបានធ្វើឡើងតែក្នុងរយៈពេល២២ថ្ងៃប៉ុណ្ណោះ បានធ្វើឲ្យកម្លាំងនគរបាល នៅក្នុងមូលដ្ឋានទាំងពីរ ឈានទៅចាប់ខ្លួនជនសង្ស័យបាន កាលពីវេលាម៉ោង៥ និង២៥នាទីល្ងាច ថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៨ នៅផ្លូវចូលទៅកាន់អូរព្រុំ ស្ថិតនៅក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលរងការចាប់ខ្លួននោះ ឈ្មោះ ជឹង ប៊ុននីន ហៅជឹងនីន ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន នៅផ្ទះកំពុងសាសង់ ផ្លូវបេតុង ស្ថិតនៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕