បណ្តាញសង្គម

លួចបានសម្រេចហើយ តែរត់មិនរួច, ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ

ខេត្តរតនគិរី ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានបន្ទាប់ពីជនសង្ស័យទាំងនោះបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងបានសម្រេច។ តាមការឲ្យដឹងពីអធិការនគរស្រុកលំផាត់ បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែធ្នូឆ្នាំ២០១៨ វេលាម៉ោងប្រហែល៣ និង៣១នាទីទៀបភ្លឺ មានឈ្មោះ សៀ ណូ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិទំពួន ជាជនរងគ្រោះបានមកប្ដឹងផ្ទាល់មាត់ថា នៅផ្ទះជនរងគ្រោះស្ថិតក្នុងភូមិថ្មី ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី មានករណីចោរកម្ម (លួចម៉ូតូ) ចំនួន១គ្រឿង ម៉ាកហុងដាឌ្រីម C125 សេរីឆ្នាំ2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគីរី១E.៤៨២៧ លេខតួ លេខម៉ាស៊ីន ៥៣១៣០៧៥។ លោកបន្តថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់។ លុះដល់វេលាម៉ោង៨ និង៣០នាទីព្រឹក កម្លាំងជំនាញខេត្ត បានសហការជាមួយកម្លាំងអធិការស្រុកកូនមុំ កម្លាំងអធិការស្រុកលំផាត់ បានដេញស្ទាក់មុខសញ្ញាដល់ចំណុចភ្នំលលក ស្ថិតនៅភូមិ៣ ឃុំត្រពាំងច្រេះស្រុកកូនមុំខេត្តរតគិរី បណ្តាលឲ្យជនសង្ស័យភ័យក៏ផ្តួលម៉ូតូម៉ាក vave ឆ្លាម ពណ៌ខ្មៅអត់ស្លាកលេខ (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព) ហើយរត់គេចខ្លួនចូលព្រៃបាត់។ លុះដល់ម៉ោង៧ និង៤០នាទីព្រឹកថ្ងៃខែឆ្នាំដដែលកម្លាំងសមត្ថកិច្ច បានពួនស្ទាក់ចាប់ជនសង្ស័យ បានម្នាក់ ឈ្មោះ ស៊ី ចយ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិឡាវ មុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅភូមិកន្ទុយគោ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដកហូតបានម៉ូតូ១គ្រឿង ម៉ាកសង់ C125 ពណ៌ខ្មៅស៊េរី2018 (ជារបស់ជនរងគ្រោះ) នៅចំណុចព្រាបស ផ្លូវចូលត្រពាំងក្រពិស ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងច្រេះ ស្រុកកូនមុំ ខេត្តរតនគិរី ។ ក្រោយឃាត់ខ្លួនជនសង្ស័យបាន សមត្ថកិច្ចបានធ្វើការសាកសួរជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូពិតប្រាកដមែន រួមជាមួយបក្ខពួកខ្លួនចំនួន២នាក់ទៀត (កំពុងរត់គេចខ្លួន)។ បច្ចុប្បន្នកម្លាំងជំនាញ ស្នងការនគរបាលខេត្ត កំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យទាំង២នាក់ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។