បណ្តាញសង្គម

មនុស្ស​ប្រុស​ស្រី​២​នាក់​ត្រូវបាន​នគរបាល​ខណ្ឌ​ឫស្សី​កែវ​ឃាត់ខ្លួន​ពីបទ​ជួញដូរ​គ្រឿងញៀន​

ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ឫស្សីកែវបង្ក្រាបជាក់ស្តែងករណីជួញដូរសារធាតុញៀនឃាត់ខ្លួនជនសង្ស័យ២នាក់ រួមទាំងវត្ថុតាងជាថ្នាំញៀននិងវត្ថុតាងផ្សេងៗមួយចំនួនទៀតកាលពីល្ងាចថ្ងៃទី២០ ខែធ្នូឆ្នាំ២០១៨នៅ ចំណុចផ្លូវបេតុង ក្រុមទី០៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ នគរបាលប៉ុស្តិ៍ឬស្សីកែវបានឲ្យដឹងថា ជាលទ្ធផលនៃការបង្ក្រាបនេះកម្លាំងបានឃាត់ខ្លួនជនសង្ស័យ ១.ឈ្មោះ គឹម វ៉ាន់លីដា ហៅដា ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ក្រុមទី០៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ជួញដូរ) និងទី២.ឈ្មោះ ឃឹន ចាន់ធី ភេទស្រី អាយុ៣៣ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ក្រុមទី០៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបររើសអេតចាយ (ជួញដូរ)។ វត្ថុតាងមានក្រាមពណ៌សថ្លាចំនួន ៥កញ្ចប់ក្នុងនោះធំ១កញ្ចប់ ដែកកេះចំនួន ៤ ថង់ផ្លាស្ទិចសំរាប់ច្រកថ្នាំញៀន មួយចំនួន ឧបករណ៍ប្រើប្រាស់ថ្នាំញៀន មួយចំនួន ប្រាក់រៀលចំនួន៥៧,៦០០រៀល ទូរស័ព្ទ៣គ្រឿង ម៉ាកណូគា ពណ៌ក្រហម១គ្រឿង, ម៉ាកសាំសុង ពណ៌ខ្មៅ១គ្រឿង និងម៉ាកសាំសុង ពណ៌ស១គ្រឿង។ ជនសង្ស័យក្រោយឃាត់ខ្លួនផ្នែកជំនាញខណ្ឌ និងប៉ុស្តិ៍កំពុងសាកសួរយកចម្លើយកសាងសំណុំរឿង បញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕