បណ្តាញសង្គម

ជួសជុល​បន្ទប់​ឲ្យ​កូន តែអកុសល​ឆ្លង​ចរន្តអគ្គិសនី ឆក់ស្លាប់ខ្លួន

/ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ ឆ្លៀតពេលទំនេរពីការងារ បានយក ម៉ូទ័រ ដាក់ ជណ្តើរឡើងស្វាន ដើម្បីជួសជុលបន្ទប់ដេកអោយកូន តែ អកុសលភ្លៀត់ស្នៀត ក៏ឆ្លងចរន្ត ឆក់បណ្តាល អោយជនរងគ្រោះ ស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីពេទ្យ ។ ហេតុការណ៍នេះបានកើតឡើង នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅផ្ទះអត់លេខ ក្រុម ១៧ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ជនរងគ្រោះសពមានឈ្មោះ សុខ ចាន់ថន ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម្មករសំណង់ ស្នាក់នៅ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មានស្រុកកំណើត ភូមិស្វាយជំរៅ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានប្រពន្ធ ថាំង សុភាព អាយុ៤០ឆ្នាំ មុខរបរ លក់ការ៉េម ស្នាក់នៅជាមួយប្តី មានស្រុកកំណើត ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត មានកូនចំនួន៤នាក់ ប្រុស១ ស្រី៣នាក់ នៅក្នុងបន្ទុក គ្រួសារ។ តាមសម្តីរៀបរាប់របស់ស្ត្រីជាប្រពន្ធបានអោយដឹងថា មុនពេលកើតហេតុ ប្តីរបស់គាត់ បានសំរាកពីការងារសំណង់ ហើយឆ្លៀតពេលទំនេរ ប្តីរបស់គាត់ បានយកម៉ូទ័រ រួចដាក់ជណ្តើរឡើង ស្វានដើម្បីជួសជុលបន្ទប់ អោយកូនដេក តែនៅពេលដែលដាក់ ជណ្តើរឡើង គឺប្តីរបស់គាត់ មិនបានមើលខ្សែភ្លើងដែលនៅខាងក្រោម។ លុះដល់ពេលឡើងស្វាន ស្រាប់តែប្តីរបស់គាត់ បានជាន់ជណ្តើរដែក ដែលគាប់ជាប់ខ្សែភ្លើងនៅក្រោមជណ្តើរ ទើបបណ្ដាលអោយប្តីរបស់គាត់ឆក់ធ្លាក់មកក្រោមវិញ ហើយពេលនោះដែរ រូបគាត់ជាប្រពន្ធ ព្រមទាំងបងប្អូនដែលនៅក្បែរនោះ ក៏បាននាំជនរងគ្រោះ ត្រូវជាប្តី ដាក់លើម៉ូតូកង់បី យកទៅសង្គ្រោះនៅមន្ទីពេទ្យ មិត្តភាពខ្មែរសូវៀត តែពេលទៅដល់មន្ទីពេទ្យតែអកុសល់ប្ដីរបស់គាត់បានដាច់ខ្យល់ស្លាប់តាមផ្លូវបាត់ទៅហើយ។ ក្រោយមក ដំណឹងនេះបានលឺដល់អាជ្ញាធរមូលដ្ឋានព្រមទាំងមានសមត្ថកិច្ច ប៉ុស្តិនគបាលស្ទឹងមានជ័យ២ បានចុះទៅកន្លែងកើតហេតុ ខ្លះទៀតទៅមន្ទីពេទ្យ ដើម្បីពិនិត្យមើលជនរងគ្រោះ និងបានទំនាក់ទំនងហៅខាងជំនាញកោសល្យវិច្ច័យ ខណ្ឌមានជ័យ ឲ្យចុះទៅពិនិត្យសាកសពតែម្តង ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានបញ្ជាក់ប្រាប់ថា សពជនរងគ្រោះ គឺពិតជាបានស្លាប់ដោយសារតែឆក់ខ្សែភ្លើង ពិតប្រាកដមែន រួចហើយក៏ធ្វើលិខិតប្រគល់សពជន រងគ្រោះឲ្យទៅក្រុមគ្រួសារសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕