បណ្តាញសង្គម

ខឹង​ជនរងគ្រោះ​ធ្លាប់​ជេរ​ដៀល​ខ្លួន យក​កាំបិត​អា​រក​សម្លាប់​យ៉ាង​សាហាវព្រៃផ្សៃ​

ស្វាយរៀង: ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឃាតកម្មត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តស្វាយរៀងឃាត់ខ្លួន កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨។សមត្ថកិច្ចខេត្តស្វាយរៀង បានឲ្យដឹងថាកាលពីវេលាម៉ោង ១០និង២០នាទីក្នុងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំយ៉ោង បានទទួលព័ត៌មានពីប្រជាពលរដ្ឋថានៅភូមិឫស្សីលៀប ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ មានមនុស្សស្លាប់ម្នាក់ឈ្មោះ ចាប ប៉ាក ស្រី អាយុ ៦៣ឆ្នាំ មុខរបរនៅផ្ទះ។ ប្រភពដដែលបានបន្តថាៈបន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងការិយាល័យជំនាញខេត្តសហការជាមួយកម្លាំងជំនាញស្រុក និងលោកគ្រូពេទ្យបានចុះពិនិត្យនិងធ្វើកោសល្យវិច្ច័យសាកសព ឃើញថាមានស្លាកស្នាមអាករ នឹងកាំបិត ព្រមទាំងរកឃើញសម្ភារៈរបស់ជនរងគ្រោះមួយចំនួនគឺលុយចំនួន២៣៤,០០០ រៀល, លុយដុល្លារ៦៥$, លុយដុង ១លាន៤សែនដុង និងទូរស័ព្ទ០១គ្រឿង។ ក្រោយពីការពិនិត្យសមត្ថកិច្ចជំនាញនិងគ្រូពេទ្យសន្និដ្ឋានថា សាកសពនេះស្លាប់ដោយអំពើឃាតកម្ម។តាមលទ្ធផលនៃការស្រាវជ្រាវរហូតមកដល់ម៉ោង១៦និង៣០នាទីក្នុងថ្ងៃដដែល សមត្ថកិច្ចបាននាំខ្លួនឈ្មោះ ទួច នួច ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិឫស្សីលៀប ឃុំសំយ៉ោង ដែលជាមុខសញ្ញាមានការសង្ស័យយកមកសាកសួរ នៅការិយាល័យជំនាញខេត្ត។ ឆ្លងកាត់តាមការសាកសួរអស់រយៈពេលមួយម៉ោងក្រោយមក ជនសង្ស័យឈ្មោះ ទូច នួច បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដោយយកកាំបិតអាកសម្លាប់ជនរងគ្រោះឈ្មោះ ចាប ប៉ាក ប្រាកដមែន តែខ្លួនពុំបានយកសម្ភារៈ ឬទ្រព្យសម្បត្តិអ្វីទេ ព្រោះយប់ងងឹតពេក។ រីឯកាំបិតដែលធ្វើសកម្មភាពនោះ ខ្លួនយកទៅបោះចោលនៅក្នុងទឹកស្រះក្រោយផ្ទះរបស់ខ្លួន។ជនល្មើសបានឲ្យដឹងថាមូលហេតុដែលនាំអោយសម្លាប់ស្ត្រីខាងលើដោយសារខ្លួនខឹងនឹងឈ្មោះ ចាប ប៉ាក ជេរដៀលខ្លួនកន្លងមក។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕