បណ្តាញសង្គម

​អតីត​ប្ដី​ដើរ​ចូលទៅ​ចាក់​ចិន​ម្នាក់​ជា​ប្ដី​ក្រោយ​ឱ្យស្លាប់​រួច​ចាក់​ប្រពន្ធ​និង​ម្ដាយក្មេក​រងរបួស​ធ្ងន់

ភ្នំពេញ៖មានហេតុការណ៍កើតឡើងបន្ទាប់ពីស្ត្រីជាប្រពន្ធនិងប្ដីដែលជាជនជាតិចិននិងកូន២នាក់រួមស្ត្រីម្នាក់ទៀតសរុប៥នាក់បានចូលមកញ៉ាំស៊ុប។មួយសន្ទុះក្រោយមកក៏មានបុរសម្នាក់ដែលអះអាងថាជាប្ដីដើមបានជិះម៉ូតូមកដល់ក៏រត់ចុះទៅចាក់ទាំងក្រុមគ្រួសារបណ្តាលឱ្យជនជាតិចិននោះស្លាប់និងស្ត្រីជាប្រពន្ធរងរបួសហើយក៏បានរត់គេចខ្លួនបាត់។ ហេតុការណ៍ដ៏រន្ធត់បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅត្រង់ចំណុចផ្ទះលេខ៧៩៣ (ហាង Family BBQ Buffet) ផ្លូវ១០១ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីវេលាម៉ោង០៧:២០នាទីយប់ ថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨។ មន្ត្រីអាវុធហត្ថខណ្ឌចំការមនបានឱ្យដឹងមុននេះថាបុរសជនជាតិចិនដែលជាប្ដីក្រោយនោះបានស្លាប់ហើយក្រោយពីបញ្ជូនទៅមន្ទីរពេទ្យរុស្សី។លោកហៀងណារ៉េតអធិការរងនគរបាលខណ្ឌចំការមន បានឱ្យដឹងថា បុរសដៃដល់ចាក់ទៅលើមនុស្ស៣នាក់ បណ្ដាលឱ្យស្លាប់និងរបួសនោះ គឺជាអតីតប្ដីរបស់នារីរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណទេ។ តែត្រូវបានគេស្គាល់ថាជាមន្ត្រីយោធា និងមិនទាន់ដឹងថាជាករណីអ្វីនោះដែរ ព្រោះកម្លាំងលោកកំពុងស្រាវជ្រាមួយជំហានសិន។ តាមការរៀបរាប់ពីសន្តិសុខយាមម៉ូតូមុខហាង បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ នៅមុនពេលកើតហេតុគេបានឃើញនារីរងគ្រោះជាប្រពន្ធនិងក្រុមគ្រួសារមានកូន២នាក់និងស្ត្រីម្នាក់ទៀតជាម្ដាយបានជិះរថយន្តHighlanderមួយគ្រឿងមកហាងកើតហេតុ។ក្រោយមកមានជនជាតិចិនដែលជាប្ដីក្រោយជិះកង់មួយគ្រឿងមកតាមក្រោយទើបនាំគ្នាហៅស៊ុបញាំជុំគ្នា។ មួយសន្ទុះក្រោយមកស្រាប់តែលេចមុខជនដៃដល់ជិះម៉ូតូសមួយគ្រឿងម៉ាកPCXមិនចាំស្លាកលេខកាត់មុខហាងមួយជុំរួចទើបជិះយកម៉ូតូទៅទុកនៅខាងក្រោយរថយន្តដែលគេចតចោលនៅក្បែរហាង។រួច។ក៏ដើរចូលទៅស្របពេលនោះដែលក្រុមនារីរត់តុក៏បាន សាកសួររកថា អញ្ជើញពិសារអ្វីដែរ តែបុរសដៃដល់ មិនឆ្លើយតបនោះទេ បែរជាប្រញាប់ដើរសំដៅទៅរកបុរសជនជាតិចិនរងគ្រោះ ដែលកំពុងអង្គុយហូបស៊ុបជាមួយប្រពន្ធនិងកូនរួមទាំងម្ដាយក្មេក។រួចដកកាំបិតដែលទុកនៅក្នុងកាបូបស្ពាយនោះ ចាក់ជនជាតិចិននោះ ជាច្រើនកាំបិត បណ្ដាលឱ្យរងរបួសធ្ងន់ ហូរឈាមពេញហាង។ ចំណែកឯនារីជាប្រពន្ធនិងស្ត្រីជាម្ដាយក៏ត្រូវបានបុរសជាប្ដីនោះចាក់ជាច្រើនកាំបិតបណ្ដាលឱ្យរបួសធ្ងន់ទាំង២នាក់។ ក្រោយពីចាក់ទៅលើមនុស្ស៣នាក់ខាងលើបណ្ដាលឱ្យរងរបួសធ្ងន់ហើយ ជនដៃដល់បានកំពុងដើរចេញពីហាងទៅយកម៉ូតូវិញ។ ស្របពេលជាមួយគ្នានោះមានភ្ញៀវនិងបុគ្គលិកក្នុងហាង បានរត់ចេញមកជួយចាប់ដែរ តែដោយសារតែឃើញកាំភ្លើងនៅជាប់ចង្កេះរបស់ជនដៃដល់នោះទើបមិនមានអ្នកណាហ៊ានចូលទៅឃាត់និងចាប់ឡើយ ទើបបានបណ្ដោយឱ្យជនដៃដល់ឡើងជិះម៉ូតូចេញទៅបាត់។ បន្ទាប់មកស្ត្រីជាប្រពន្ធនិងស្ត្រីជាម្ដាយដែលរងរបួសត្រូវបានគេដឹកតាមម៉ូតូទៅសង្គ្រោះភ្លាមៗនៅឯគ្លីនិកឯកជនទំនើប។ ចំណែកឯបុរសជនជាតិចិនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរុស្សីក៏ស្លាប់ ៕