បណ្តាញសង្គម

ទុស្សេ​ខ្សែរ​ភ្លើង​ពេល​ម្ចាស់ផ្ទះ​ចាក់សោរ​ចេញទៅ​ក្រៅ អគ្គិភ័យ​ឆេះ​ម៉ត់​

សៀមរាប ៖ អគ្គិភ័យមួយបានកើតឡើង បណ្តាលអោយផ្ទះពលរដ្ឋ២ល្វែងបីខ្នង១កន្លែងធ្វើអំពីឈើប្រក់ក្បឿងជញ្ជាំងក្តា ក្រាលក្តា ដែលមានបណ្តោយប្រវែង១១.៩៣ម៉ែត្រ គុណនឹងទទឹងប្រវែង៦.៣០ម៉ែត្រ ត្រូវបានក្លាយជាចំណីភ្លើងម៉ត់តែម្តង ខណៈពេលដែលម្ចាស់ផ្ទះបានចាក់សោរចេញទៅក្រៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច បានយករថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុកជីក្រែង មកជួយទាន់ មិនបណ្តាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ប៉ុន្តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសឡើយ។ ហេតុការណអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ បានកើតឡើងនៅវេលាម៉ោង១៦និង១៥នាទីល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិច្រាំងខ្ពស់ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។ លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការស្រុកជីក្រែង បានប្រាប់ថា ដោយមានពលរដ្ឋរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានថា មានអគ្គីភ័យកើតឡើងឆេះផ្ទះ២ល្វែងបីខ្នង១កន្លែង ដែលមានទីតាំងខាងលើ ទើបរូបលោកបានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុកជីក្រែង ចេញទៅជួយចំនួន៣ឡាននិង ប្រើប្រាស់ទឹកអស់ទាំង៣ឡាន ទើបជួយបានទាំងស្រុង មិនអាចរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ លោកបានបញ្ជាក់ថា មូលហេតុបណ្តាលឲ្យមានអគ្គីភ័យនេះ គឺបណ្តាលមកពីទុស្សេរខ្សែរភ្លើងក្នុងផ្ទះ ខណៈពេលដែលម្ចាស់ផ្ទះរងគ្រោះបានបិទទ្វាចាក់សោរផ្ទះ ចាកចេញទៅក្រៅ ហើយជនរងគ្រោះក៏បានឮស្នូរផ្ទុះចេញពីក្នុងផ្ទះ ក៏ប៉ុន្តែមិនបានចាប់អារម្មណ៍ ទើបធ្វើឱ្យឆេះផ្ទះរបស់គាត់អស់ទាំងស្រុង។ ម្ចាស់ផ្ទះរងគ្រោះគឺមានឈ្មោះ ស៊ីន រិទ្ធី ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិច្រាំងខ្ពស់ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។ សម្ភារៈដែលខូចខាតក្នុងហេតុការណអគ្គីភ័យនេះរួមមាន ស្រូវចំនួន៨ការ៉ុង ប្រាក់ចំនួន៥០០ដុល្លារអាមេរិក ក្រវិល៣ហ៊ុន ទូ១ គ្រែ១ ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ៕