បណ្តាញសង្គម

ទើប​មកពី​ស្រុក​មក​ស្នាក់នៅ​ជាមួយ​ប្អូន បាន​៣​ថ្ងៃ ស្រាប់តែ​ចងក​ស្លាប់បាត់​

ភ្នំពេញ: បុរសជាកម្លោះចាស់ម្នាក់ មិនដឹងថាមានវិប្បត្តិ ឬតូចចិត្តរឿងអ្វី បែជាសម្រេចចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួនទៅវិញ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ ផ្ទះជួលលេខ១៤ ផ្លូវបេតុង ក្រុម៣ ភូមិថ្មគោល២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។ បុរសខាងលើមានឈ្មោះ សន សាវី ៣១ឆ្នាំ កម្លោះចាស់ មិនដែលមានស្នេហា សង្សារ ឬប្រពន្ធឡើយ អតីត សន្តិសុខយាមកង់ ម៉ូតូ ផ្សារស្ទឹងមានជ័យ ទើបតែមករកការងាររោងចក្រធ្វើ៣ថ្ងៃមិនទាន់ទាំងបានផង ស្នាក់នៅជាមួយប្អូនស្រី បន្ទប់ជួលខាងលើ មានបងប្អូនចំនួន៣នាក់ ប្រុស២នាក់ ស្រី១នាក់ ជនរងគ្រោះជាកូនច្បង ដែលមានឪពុកឈ្មោះ សន វ៉ា អាយុ៥២ឆ្នាំ មុខរបរ កសិករ ម្តាយឈ្មោះ មុំ និន អាយុ៤៧ឆ្នាំ មុខរបរ កសិករ មានស្រុកកំណើត ភូមិកណ្តាល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។ តាមស្ត្រីឈ្មោះ សន ស្រីមុំ អាយុ២០ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ត្រូវជាប្អូនស្រីបង្កើតនៃសពខាងលើ ជាម្ចាស់បន្ទប់កើតហេតុ បានឲ្យដឹងថា បងប្រុសរបស់នាង អត់មានការងារច្រើនថ្ងៃ ខែមកហើយ ខ្លួននៅកម្លោះ គ្មានជម្ងឺ អ្វីគួរឲ្យកត់សំគាស់ ហើយក៏គ្មានទំនាស់ វិប្បត្តិអ្វី ជាមួយបងប្អូនណាដែរ ថ្វីត្បិតរស់នៅក្នុងស្ថានភាព ជីវភាពគ្រួសារក្រីក្រ ទើបតែ៣ថ្ងៃមុនកើតហេតុនេះ បងប្រុស (សព) បានមកស្នាក់អាស្រ័យជាបណ្តោះអាសន្ន ក្នុងបំណងរកការងារធ្វើ មិនទាន់ទាំងរកបានផង គ្រាដែលនៅព្រឹកថ្ងៃទី២៧ ខែធ្នូនេះ នាងនិងប្តីរបស់នាង ចាកចេញទៅធ្វើការងាររោងចក្របាត់ បងប្រុសនៅក្នុងបន្ទប់តែម្នាក់ឯង រហូតដល់វេលាម៉ោង៥ល្ងាច វិលមកដល់បន្ទប់ជួល ឃើញបិទទ្វារជិត ខ្ទាស់ដាក់គន្លឹះពីក្នុង ហៅបងប្រុសតែមិនសូរមាត់ឆ្លើយ អស់ជម្រើស រួមជាមួយអ្នកជិតខាង ជួយរុញសម្រុកបំបុកទ្វារ របើក ពុទ្ធោ ! បងប្រុសចងកសម្លាប់ខ្លួន ជាមួយក្រមា ជាប់នឹងចម្រឹងដែកសរសរ ស្លាប់បាត់ទៅហើយ ទើបឆោឡោ ប្រាប់សមត្ថកិច្ច អាជ្ញាធរ ចុះទៅពិនិត្យជាក់ស្តែងតែម្តង ។ តែបើតាមពលរដ្ឋក្បែរខាង បានឲ្យដឹងថា ជនរងគ្រោះគេឃើញ ចេញដើរមកក្រៅ នៅម៉ោង១១ព្រឹក ហើយក៏ចូលក្នុងបន្ទប់វិញបិទទ្វារ គ្មានអ្នកណាចាប់អារម្មណ៍ នូវគោលគំនិតដែលជនរងគ្រោះសម្រេចចិត្តបែបនេះដែរ រហូតដល់ប្អូនស្រីបង្កើតមកដល់ ទើបកើតរឿងបែបនេះទៅវិញ ។ សកសពបុរសខាងលើ ត្រូវបានសមត្ថកិច្ច មូលដ្ឋាន ជំនាញ ចុះទៅពិនិត្យ កោសល្យវិច័យ ការសន្និដ្ឋាន ពិតជាចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសអ្វីឡើយ រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត៕