បណ្តាញសង្គម

កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បង្រ្កាបករណីឃាតកម្មនៅស្រុកសូទ្រនិគមន៍ចាប់បាននៅស្រុកអូរជ្រៅ

ករណីឃាតកម្មទៅលើជនពិការម្នាក់នៅភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានកងកម្លាំងនគរបាលជំនាញផែនព្រហ្មទណ្ឌ កម្លាំងនគរបាលស្រុកអូរជ្រៅ ដែលមានការ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តសៀមរាប ដឹកនាំរួមដោយលោកឧត្តម សេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រីសិទ្ធ  ឡោះ ស្នងការរងផែននគរបាលព្រហ្មទណ្ឌ បានចុះស្រាវជ្រាវនិងឈានដល់ការបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យ នៅវេលាម៉ោង៩ ព្រឹកថ្ងៃទី០៦ខែសីហាឆ្នាំ២០១៨ នៅចំណុចភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូត្រនិគម ខេត្តសៀមរាប បណ្តាលឲ្យជនរងគ្រោះជាជនពិការម្នាក់បានស្លាប់ ហើយឃាតករបានរត់គេខ្លួនមកខេត្តបន្ទាយមានជ័យ កម្លាំងជំនាញនគរបាលខេត្តសៀមរាប បានស្នើសុំសហការជាមួយ និងកម្លាំងជំនាញនគរបាលខេត្តបន្ទាយមានជ័យ ។យើងបានធ្វើការបើកការស៊ើបអង្កេត តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត និងឈានដល់ការវែកមុខឃាតករឈ្មោះ អ៊ុច ចាន់ណា ហៅជីវ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូត្រនិគម ខេត្តសៀមរាប ដែលបានធ្វើសកម្មភាព យកកាំបិតតាំងតោអា.ក ជនរងគ្រោះឈ្មោះ ឈិត ខ្វាន់ ភេទប្រុសអាយុ៥៦ឆ្នាំ មុខរបរ ជាជនពិការស្វឹតជើង នៅភូមិជាមួយគ្នា បណ្តាលឲ្យស្លាប់នៅលើគ្រែក្រោមផ្ទះរបស់ជនរងគ្រោះ  ក្រោយពេលសម្លាប់រួចជនល្មើសបានទុកកាំបឹតចោលលើគ្រែក្បែរសាកសពហើយរត់ គេចខ្លួនមកផ្ទះ សោម សំ ភេទប្រុស អាយុ៥២ឆ្នាំ ត្រូវជាឪពុកមា នៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ថា៖ជនរងគ្រោះនិងជនល្មើសតែងតែផឹកស្រា ស ជុំគ្នា តែជនរងគ្រោះមិនដែលមានទំនាស់អ្វីនឹងអ្នកណាទេ ចំពោះជនល្មើសតាមការការឲ្យដឹងពីនគរបាលខេត្តសៀមរាប ជាមនុស្សចង់ក្លាយជាវិកលចរិក ព្រោះផឹកស្រា ស។ ករណីនេះកើតមាននៅខាងខេត្តសៀមរាប ជនប្រព្រឹត្តបទល្មើស ត្រូវបានប្រគល់ជូនកម្លាំងជំនាញនគរបាលខេត្តសៀមរាប ចាត់ការបន្តតាមនិតិវិធីច្បាប់៕


 

ខេត្តព្រៃវែង​មានស្រុក​ចំនួន​៦​ប្រឈម​ទឹកជំនន់ ខណៈ​ស្រុក​៤​ប្រឈម​គ្រោះរាំងស្ងួត

ខេត្តព្រៃវែង ៖ បច្ចុប្បន្ននេះជារដូវវស្សាទឹកទន្លេបន្តហក់ឡើងឥតឈប់បណ្ដាលឲ្យតំបន់ខ្លះនៅខេត្តព្រៃវែង កំពុងជួបគ្រោះទឹកជំនន់លិចលង់ផ្លូវថ្នល់ វត្តអារាម សាលារៀន មន្ទីរពេទ្យនិងកសិផលស្រូវ ជាច្រើនហិកតា។ស្របពេលនេះក៏មានតំបន់ខ្លះកំពុងជួបគ្រោះរាំងស្ងួតមេឃអត់ភ្លៀងស្កកស្រូវខូចខាតស្ទើទាំងស្រុង។

តាមរបាយការណ៍គណៈកម្មការគ្រោះមហន្តរាយខេត្តព្រៃវែងបានឱ្យដឹងថាគិតមកដល់ត្រឹមដើមខែសីហា នេះទឹកជំនន់បានបង្កផលប៉ះពាល់ទៅលើស្រុកចំនួន៦ក្នុងខេត្តព្រៃវែងធ្វើឱ្យផ្លូវ សាលារៀន ផ្ទះសម្បែង និងផលដំណាំរបស់ប្រជាពលរដ្ឋ រាប់រយហិកតា ជន់លិចនិងខូចខាត។ ទន្ទឹមនោះក៏មានស្រុកចំនួន៤ទៀតកំពុងប្រឈមគ្រោះរាំងស្ងួតផងដែរ ។

ចំពោះស្រុកដែលរងផលប៉ះពាល់ដោយទឹកជំនន់នោះរួមមាន ស្រុកពាមរក៍ ប៉ះពាល់ចំនួន៨ឃុំ។ស្រុកស៊ីធរកណ្តាល ប៉ះពាល់១០ឃុំ,ស្រុកព្រះស្តេច ប៉ះពាល់១ឃុំ, ស្រុកកំចាយមារ ប៉ះពាល់៤ឃុំ,ស្រុកពារាំងប៉ះពាល់៥ឃុំ, និងស្រុកពោធ៌រៀង ប៉ះពាល់៤ឃុំ,។

ចំណែកស្រុក៤ដែលកំពុងប្រឈមគ្រោះរាំងស្ងួតរួមមានស្រុកកំពង់ត្របែក ស្រុកស្វាយអន្ទរ ស្រុកព្រះស្តេច និងស្រុកបាភ្នំ បណ្តាលឱ្យស្រែស្រូវរបស់បងប្អូនប្រជាកសិករ សរុបចំនួន១២.៥៧៣ហិកតា កំពុងប្រឈមនិងបញ្ហាស្វិតងាប់ ដោយសារខ្វះទឹកស្រោចស្រព ។បច្ចុប្បន្ននេះអាជ្ញាធរខេត្ត បានសហការជាមួយអង្គភាពជំនាញនិងអាជ្ញាធរមូលដ្ឋានកំពុងចុះជួយអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវទាំងអស់នោះជាបណ្ដើៗផងដែរ ៕

តារាសម្តែង និងជាអតីត Freshies boy លោក ញ៉ែម សុគន្ធ បើករថយន្ត​​បុកទ្រូងផ្លូវពេញទំហឹង តែសំណាងល្អរងរបួសស្រាល

(ភ្នំពេញ)៖ តារាសម្តែង និងជាអតីត Freshies boy ដ៏មានប្រជាប្រិយមួយរូប លោក ញ៉ែម សុគន្ធ បានបើករថយន្តម៉ាក ហាយឡែនឌ័រ បោះពួយយ៉ាងលឿនបុករនាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។ តែលោក ញ៉ែម សុគន្ធ រងរបួសតិចតួចប៉ុណ្ណោះ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវ១៩៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញលោក ញ៉ែម សុគន្ធ បានបើករថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AK-5321 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន។ លុះដល់ចំណុចកើតហេតុក៏ជ្រុលទៅបុករបាំងចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ទៅមុខលេងរួច។

ចំណែកឯរនាំងថ្មពុះចែកទ្រូងផ្លូវវិញ រងការខូចខាតបាក់បែកអស់បីកង់ ដោយឡែកអ្នកបើកបរវិញ បានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកតែរថយន្តរងការខូចខាត នៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុរថយន្តបង្កខាងលើ ត្រូវបានសមត្ថកិច្ចជំនាញស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

ស្លាប់៤នាក់ របួស១២នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសម្សិលមិញ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ម្សិលមិញមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១០លើក(យប់៣លើក) បណ្តាលឲ្យស្លាប់ ៤នាក់ របួសធ្ងន់ ៨នាក់(ស្រី១នាក់) របួសស្រាល ៤នាក់ មិនពាក់ពួកសុវត្ថិភាពេលគ្រោះថ្នាក់ ៨នាក់(យប់៦នាក់)។ នេះបើយោងតាមរបាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបន្តថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ១០លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៩គ្រឿង ក្នុងនោះមានម៉ូតូ ១១គ្រឿង រថយន្តតូច ៥គ្រឿង រថយន្តធំ ១គ្រឿង និងកង់ ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្បឿន ៥លើក(ស្លាប់២នាក់) , មិនគោរពសិទ្ធិ ១លើក, មិនប្រកាន់ស្តាំ ៣លើក(ស្លាប់១នាក់) និងបត់គ្រោះថ្នាក់ ១លើក(ស្លាប់១នាក់) ។

របាយការណ៍ខាងលើបញ្ជាក់ថា គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៥លើក ផ្លូវខេត្ត ៥លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តតូច ៥លើក រថយន្តធំ ១លើក ។ ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តរតនគិរី ២លើក ស្លាប់២នាក់, ភ្នំពេញ ១លើក ស្លាប់១នាក់ របួស១នាក់ និងខេត្តព្រៃវែង ១លើក ស្លាប់១នាក់ របួស១នាក់ ។

របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល១ គឺថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ កើតឡើងចំនួន ១០លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៤នាក់ របួសសរុប ១២នាក់ របួសធ្ងន់ ៨នាក់ របួសស្រាល ៤នាក់ ៕

យុវជនម្នាក់រងរបួសធ្ងន់ធ្ងរដាច់ជើងទាំង២និងរហែកខ្លួនប្រាណដោយគ្រោះថ្នាក់ជាន់មីននៅចន្លោះបង្គោលព្រំដែនលេខ២៧-២៨

( 02.07.2018 )

បន្ទាយមានជ័យ : យុវជនម្នាក់រងរបួសធ្ងន់ធ្ងរដាច់ជើងទាំង២និងរហែកខ្លួនប្រាណដោយគ្រោះថ្នាក់ជាន់មីននៅចន្លោះបង្គោលព្រំដែនលេខ២៧-២៨ កាលពីម៉ោង១និង៤០នាទីរសៀលថ្ងៃទី0១ ខែសិហា ឆ្នាំ២០១៨ ។

      មន្ត្រីនគរបាលការពារព្រំដែនគោក វរសេនាតូច៨០៧-ថ្មពួកអោយដឹងព្រលប់ថ្ងៃទី១ខែសីហាថា: ករណីផ្ទុះមីនដូចវេលាខាងលើស្ថិតត្រង់ចំណុចជើងភ្នំដងរ៉ែក ចន្លោះបង្គោលសីម៉ាលេខ ២៧ - ២៨ ស្ថិតនៅភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ។ 

      មន្ត្រីបន្តថា :យុវជនរងគ្រោះមានឈ្មោះ អឿន នី ភេទ ប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិរំដួលចាស់ ឃុំអំពិល ស្រុក បន្ទាយអំពិល ខេត្ត ឧត្តរមានជ័យ។

      ជនរងគ្រោះ រងបួសដាច់ជើងឆ្វេង នឹងជើងស្តាំ ហើយរបួសខ្លួនប្រាណដាច់រហែកធ្ងន់ធ្ងរទៀតផង រួចត្រូវក្រុមគ្រួសារនាំទៅសង្គ្រោះនៅមន្ទិរពេទ្យបង្អែកស្រុកថ្មពួក រះចបញ្ជូនបន្តទៅមន្ទិរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរីខេត្តបន្ទាយមានជ័យ ៕  

 

​កម្ពស់​ទឹក​នៅ​កំពង់ចាម​សល់​ជាង​កន្លះ​ម៉ែត្រ​ទៀត​ដល់​កម្រិត​ប្រកាសអាសន្ន​ហើយ​

កំពង់ចាម:គិតត្រឹមម៉ោង៦ព្រឹកថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៨កម្ពស់ទឹកជំនន់ទន្លេមេគង្គនៅខេត្តកំពង់ចាមបានហក់ឡើងដល់កម្ពស់១៤,៦០ម៉ែត្រគឺនៅសល់កម្ពស់០,៦០ម៉ែត្រទៀតនឹងឈានដល់កម្រិតប្រកាសឱ្យប្រុងប្រយ័ត្នហើយ។ ប៉ុន្តែខាងអាជ្ញាធរបានប្រកាសឲ្យប្រជាពលរដ្ឋរស់នៅក្នុង ស្រុក-ក្រុងចំនួន ប្រាំមួយ ជាប់ដងទន្លេមេគង្គត្រៀមលក្ខណ:បង្ការជាបណ្តើរៗ រួចជាស្រេច។ លោក អ៊ុំ វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានឲ្យដឹងនៅថ្ងៃទី ៣១ កក្កដានេះថា ខណ:នេះតំបន់ដែលខ្ពស់ទឹកជំនន់ទន្លេនេះទើបនឹងលួនចូលដូចជាអាងទឹកមួយចំនួនទឹកបានចូលដល់ខ្លះហើយ។ ចំណែកតំបន់ដែលទាបវិញគឺទឹកបានលិចអស់ហើយពិសេសស្រុកក្រុងដែលជាប់ដងទន្លេមេគង្គទាំងអស់ មានស្រុកកោះសូទិនដែលទាបជាងគេ គឺរងផលប៉ះពាល់ពីជំនន់ទន្លេនេះមុនគេ។ ប្រធានមន្ទីរបានបន្តថានៅម៉ោង៦ព្រឹកថ្ងៃទី៣១កក្កដាឆ្នាំ២០១៨នេះនៅស្ថានីយឧតុនិយមខេត្តកំពង់ចាមទឹកបានហក់ឡើងដល់កម្ពស់ ១៤,៦០ ម៉ែត្រ គឺឡើងខ្ពស់ជាងថ្ងៃទី ៣០ ម្សិលមិញចំនួន ០,២៤ ម៉ែត្រ។ មានន័យថា នៅសល់កម្ពស់ ០,៦០ ម៉ែត្រទៀតនឹងដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន គឺកម្ពស់ ១៥,២០ ម៉ែត្រនោះហើយ។ប៉ុន្តែខាងអាជ្ញាធរខេត្តបានប្រាប់ដល់មន្ទីរពាក់ព័ន្ធនិងស្រុកជាប់ដងទន្លេមេគង្គត្រៀមបង្ការ និងសង្គ្រោះប្រជាពលរដ្ឋរងគ្រោះរួចរាល់អស់ហើយ។ លោកចាន់ផល្លីអភិបាលក្រុងកំពង់ចាមបានឲ្យដឹងថាដើម្បីបង្ការនិងទប់ស្កាត់ទឹកជំនន់ទន្លេមេគង្គយើងបានបិទប្រព័ន្ធលូរំដោះទឹកចេញពីក្រុងចំនួន ប្រាំ កន្លែងមាន: សង្កាត់បឹងកុកចំនួន ពីរ កន្លែង , សង្កាត់សំបួរមាសចំនួនពីរកន្លែងនិងសង្កាត់វាលវង់ចំនួនមួយកន្លែង។ដោយសារទឹកជំនន់ទន្លេគង្គនៅខេត្តកំពង់ចាមកម្ពស់ ១៤ ម៉ែត្រឡើងទៅចាប់ផ្តើមហូរចូលក្នុងក្រុងតាមប្រព័ន្ធលូរំដោះទឹកនេះបណ្តើរៗហើយ។ លោកអភិបាលក្រុងបានបន្តថា ជាមួយនោះអាជ្ញាធរបាន សុំការសហការពីខាង មន្ទីរធនធានទឹក ដើម្បីត្រៀមម៉ាស៊ីនបូមទឹកចំនួន ប្រាំមួយ គ្រឿង ទុកសម្រាប់បូមរំដោះទឹកចេញពីក្រុងចំនួន ពីរកន្លែង គឺលូខាងក្រោមស្ពានគីហ្ស៊ូណាចំនួន បួន គ្រឿង និងលូជាទ្វារទឹកនៅទំនប់ព្រែកដើមចាន់ចំនួន ពីរ គ្រឿងទៀត។ ជុំវិញបញ្ហាទឹកជំនន់ទន្លេមេគង្គនេះដែរលោកគួចចំរើនអភិបាលខេត្តកំពង់ចាមបានថ្លែងក្នុងពិធីចែកកង់ចំនួន៥០គ្រឿងដល់កុមារកំព្រាខេត្តនេះកាលពីថ្ងៃទី៣០កក្កដាថាសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់គឺកុំធ្វេសប្រហែល។ ការសប្បាយមួយភ្លែតដើម្បីលេងទឹក បែរបង្កឲ្យលង់ទឹកស្លាប់នោះ គឺខិតខំថែរក្សាជីវិតឲ្យរស់នៅបានយូរអង្វែង។ ដោយយើងនៅតែមានការអាណិត និងសោកស្តាយយ៉ាងខ្លាំងចំពោះជនរងគ្រោះដែលបានស្លាប់ បាត់បង់ជីវិតជាង ២០ នាក់កាលពីឆ្នាំ២០១៧កន្លងទៅ ពីជំនន់ទន្លេនេះ។ លោកគួចចំរើនបានថ្លែងបន្តថាមួយវិញទៀតក៏ត្រូវប្រុងប្រយ័ត្នខ្លាំងដែរលើសត្វអាសីរពិសនានាដែលវាបានរត់គេចពីទឹកលិចបើពួកវាបានចឹកខាំទិចដល់យើងជាដើមនោះគឺសូមបងប្អូនរួសរាន់សង្គ្រោះអ្នករងគ្រោះមកកាន់មន្ទីរដែលជិតបំផុត។ ដោយនៅតាមគ្រប់មន្ទីរពេទ្យទាំងអស់ក្នុងខេត្តនេះបានត្រៀមថ្នាំប្រឆាំងនឹងពិសសត្វទាំងនោះរួចហើយ។ពិសេសកុំបន្តទុកឲ្យគ្រូស្តោះផ្លុំដែលជាការផ្តល់ឳកាសឲ្យជាតិពិសវាជ្រាបចូលដល់បេះដូងនោះ គឺសង្គ្រោះជីវិតមិនទាន់ឡើយ។។ គួរបញ្ជាក់ថា តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមកាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៨នេះ ខេត្តកំពង់ចាមក៏ជាខេត្តមួយជាប់ផ្នែកខាងលើនៃដងទន្លេមេគង្គ ជាខេត្តស្ទឹងត្រែង និងខេត្តក្រចេះដែរ។ ក្រសួងជំនាញមួយនេះបានព្យាករថា កម្ពស់ទឹកជំនន់ទន្លេមេគង្គ នឹងអាចហក់ឡើងលើសកម្រិតប្រុងប្រយ័ត្ន ០,២៥ ម៉ែត្រនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ២០១៨។ ដោយសារកម្រិតទឹកភ្លៀងនៅក្នុងតំបន់អាងទន្លេមេគង្គនៅប្រទេសថៃ និងឡាវបន្តកើនឡើង៕

ប្ដី​ស្លាប់​ប្រពន្ធ​រងរបួស​ធ្ងន់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ដ​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង

ភ្នំពេញ: បុរសម្នាក់ជាប្ដីបានស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯប្រពន្ធបានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីពួកគាត់ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ ហើយត្រូវបានបុរសជនជាតិចិន២នាក់ បើករថយន្តឡិចស៊ីស RX330 មិនប្រយ័ត្ន ជ្រុលទៅបុកជាមួយម៉ូតូជនរងគ្រោះចំពីមុខពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃ ទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅលើដងផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ ក្តីតាកុយ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។សពជនរងគ្រោះខាងលើមានឈ្មោះ អឹម សុធី (ត្រូវជាប្ដី) ភេទប្រុស ជនជាតិខ្មែរ អាយុ៥៦ឆ្នាំ មុខរបរជាគ្រូបង្រៀន នៅសាលាបឹងកេងកង។ ចំណែកឯប្រពន្ធជនរងគ្រោះមានឈ្មោះ សុ ធារី ភេទស្រី ជនជាតិខ្មែរ អាយុប្រហែល៤០ជាង មុខរបរធ្វើ ពេទ្យនៅមន្ទីពេទ្យរុស្ស៊ីអ្នកទាំងពីររស់នៅ ជិតផ្សារព្រែកឯង ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះប្រុស ស្រី២នាក់ដែលគេស្គាល់ជាប្ដីប្រពន្ធ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាទ្រីម ពណ៌ខ្មៅ ស៊េរី ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GI- 9171 បានឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានបត់ឆ្វេងឆ្លងផ្លូវ ស្របពេលនោះ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីសRX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AL-6955 ដែលអ្នកបើកបរ និងរួមដំណើរដោយជនជាតិចិន២នាក់ បានធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ក្នុងល្បឿនយ៉ាងលឿន ហើយមិនប្រយ័ត្នផងនោះ រថយន្តឡិចស៊ីស ក៏បុកជាមួយម៉ូតូរងគ្រោះ បណ្ដាលឲ្យបុរសម្នាក់ជាប្ដីផ្លោងលើរថយន្តបោកផ្ទុបនិងកញ្ចក់រថយន្ត ហើយក៏ធ្លាក់បោក និងថ្នល់បណ្តាលឲ្យបែកមុខបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯស្ត្រីជាប្រពន្ធ បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅដល់មន្ទីរពេទ្យ រុស្ស៊ីដើម្បីសង្គ្រោះ ម៉ូតូនិងសពរងគ្រោះខ្ទាតប្រហែល១០ម៉ែត្រ។ ដោយឡែករថយន្តនិងម៉ូតូ បានរងការខូចខាតយ៉ាងដំណំ និងមានប្រជាពលរដ្ឋឃាត់ខ្លួនអ្នកបើកបរ រួមទាំងអ្នកដំណើរ ប្រគល់ឲ្យសមត្ថកិច្ច។ ក្រោយកើតហេតុ សមត្ថកិច្ចធ្វើការវាស់វែងយករថយន្ត និងម៉ូតូ រួមទាំងអ្នកបើកបរ ទៅកាន់នៅការិយាល័យ នៃស្នងការដ្ឋាននគរបាលចរាចរណ៍ រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសព សមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

ស្ត្រី​ជា​អ្នកលក់​ត្រី​ម្នាក់​ត្រូវ​ចោរឆក់​កាបូប បណ្ដាល​ឲ្យ​ដួល​រងរបួស នៅ​ខណ្ឌទួលគោក​

ភ្នំពេញ: ស្ត្រីម្នាក់ជិះម៉ូតូទៅទិញត្រីយកមកលក់ តែជាអកុសល ក្នុងពេលដែលមិនទាន់ទៅដល់កន្លែងទិញផង ក៏ត្រូវជនសង្ស័យចិត្តអប្រិយ ធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេចដោយសុវត្ថិភាព។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខសាលាបឋមសិក្សាទួលគោក តាមបណ្តោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ជនរងគ្រោះមានឈ្មោះ ឃ្មៅ ភេទស្រី អាយុ៥០ឆ្នាំ ជាអ្នកលក់ត្រីនៅផ្សារត្រពាំងឈូក ស្នាក់នៅបន្ទប់ជួលម្តុំស្តុប ណូគា ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌទួលគោក។ បើតាមសម្តីពីជនរងគ្រោះបានរៀបរាប់ប្រាប់ទាំងទឹកភ្នែកថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក Dream ស៊េរី៩៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1B-0676។ ដែលទើបតែជិះចេញមកពីផ្ទះ បំណងជិះទៅទិញត្រីនៅម្តុំព្រែកព្នៅ ដើម្បីយកមកលក់នៅពេលព្រឹក។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក មកពីក្រោយរួចក៏ធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច និងបណ្តាលឲ្យដួលម៉ូតូរងរបួសរលាតដៃជើង។ ភ្លាមៗនោះជនសង្ស័យបានបន្ថែមល្បឿន ជិះរត់គេចខ្លួន បាត់ស្រមោល។ ស្ដ្រីរងគ្រោះថ្នាក់បញ្ជាក់ថា ក្នុងកាបូបដែលចោរឆក់យកទៅនោះ គឺមានលុយចំនួន៦៨ម៉ឺនរៀល ខ្សែក មាស៤ជី ចញ្ចៀនផ្លាកទីនមួយវង់ និងទូរស័ព្ទមួយគ្រឿង ហើយខ្សែកមាសនិងចញ្ចៀនដែលបាត់ទៅនោះ គឺគាត់ដោះទុកយកមកដាក់ក្នុងកាបូប បំណងយកទៅលក់ ដើម្បីរៀបចំពិធីមង្គលការរបស់កូនស្រីគាត់ នៅពេលខាងមុខនោះ តែជាអកុសលកើតរឿងបែបនោះទៅវិញ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ ហើយបានដឹកជនរងគ្រោះទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ ដើម្បីដាក់ពាក្យបណ្ដឹង៕

កំពុងតែ​អត់​ហើយ ចោរលួច​ម៉ូតូ​បាត់​ទៀត​

ភ្នំពេញ: បុរសម្នាក់ដែលជីវភាពកំពុងក្សក្សត់ អត់មានរបរអ្វីក្រៅ ទិញម៉ូតូបង់រំលស់ មកធ្វើជាមធ្យោបាយ សម្រាប់រត់ឌុប គ្រាន់បានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ តែត្រូវបានលោកចោរ គ្មានក្តីមេត្តា លួចកាច់កយកទៅបាត់ កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ ម៉ូតូដែលចោរលួចបាត់ ម៉ាកហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1G-6410 ជាម៉ូតូបង់រំលស់ មានម្ចាស់ជាជនរងគ្រោះ ឈ្មោះ សំ ស៊ាងអ៊ាន់ ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ក្រុងសួង ខេត្តត្បូងឃ្មុំ។ តាមសម្តីជនរងគ្រោះបានឲ្យដឹងថា គាត់កំពុងតែអត់ផង ជីវភាពគ្រួសារ រកមួយថ្ងៃ សម្រាប់រស់មួយថ្ងៃ ក្នុងរបរ រត់ម៉ូតូឌុប ហើយម៉ូតូនោះទៀតសោត បង់រំលស់ជាមួយក្រុមហ៊ុន នៅសល់១ឆ្នាំទៀតទើបដាច់ មកដល់ពេលនេះ មានអ្វីទីពឹងទៀត កាលបើលោកចោរ គាត់លួចយកម៉ូតូទៅបាត់ហើយ។ ក្រោយកើតហេតុ ជនរងគ្រោះ រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ ដើម្បីឲ្យជួយស្រាវជ្រាវ។ ស្របពេលដែល សមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣ ប្រកាសឲ្យកម្លាំងពាក់ព័ន្ធ ក្នុងខណ្ឌ ជុំវិញ ជួយឃ្លាំមើលម៉ូតូ មួយគ្រឿងចោរលួចកាច់ក ចេញពីភូមិព្រៃទា ស្រាប់តែនៅក្នុងភូមិ ត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ភ្ញាក់ផ្អើល ឆោឡោ បន្ទាប់ពីមានជនសង្ស័យចូលលួចម៉ូតូ មួយគ្រឿង ម៉ាក ហុងដា សេ១២៥ សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ1GV-6946 ទៅបាត់ដោយសុវត្តិភាព ពោលមួយភ្លែតកើតមានចោរកម្ម លួចកាច់សោកម៉ូតូ២គ្រឿងបានសម្រេច៕

 

 

​ប្រទះឃើញ​សព​បុរស​ម្នាក់​អណ្ដែត​ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​ក្រុង​ច្បារមន​

កំពង់ស្ពឺៈប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណអណ្តែតទឹកស្ទឹងព្រែកត្នោតដែលមកទើរនឹងដើមឬស្សីក្រោយផ្ទះ។ហេតុការណ៍ភ្ញាក់ផ្អើលនៅចំណុច ភូមិតាំងទន្លេ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨។ ប្រជាពលរដ្ឋមានឈ្មោះឡុកស៊ីណាភេទស្រីអាយុ៣៩ឆ្នាំរស់នៅភូមិតាំងទន្លេបានឲ្យដឹងថាមុនពេលកើតហេតុគាត់បានដើរទៅក្រោយផ្ទះដើម្បីទាញគល់អុសដែលអណ្តែតទឹកស្ទឹងស្រាប់តែប្រទះឃើញសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់អណ្ដែតទឹកហើយក៍បានស្រែកឆោឡោឡើងផ្អើលប្រជាពលរដ្ឋនិងនគរបាលដើម្បីមកជួយស្រង់សាកសពមកដាក់លើគោក។ នគរបាលបានឲ្យដឹងថាសាកសពបុរសខាងលើមិនទាន់ស្គាល់អត្តសញ្ញាណស្លៀកខោពណ៌ខ្មៅជើងវែងពាក់អាវពណ៌ប្រផេះអាយុប្រហែលជាង៣០ឆ្នាំ។ក្រោយពីកើតហេតុកម្លាំងជំនាញបានធ្វើកោសល្យវិច័យនិងប្រកាសសួររកសាច់ញាតិដើម្បីមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

​ភ្លៀង​ជាមួយ​ខ្យល់​កន្ត្រាក់​រលំ​ដើមឈើ​សង្កត់​ផ្ទះ​ពលរដ្ឋ​នៅ​ឧ​ត្ត​រ​មានជ័យ​

ឧត្តរមានជ័យៈកាលពីល្ងាចថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨មានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់បានបោកបក់បណ្តាលឱ្យរលំដើមឈើបានក់សង្កត់មកលើផ្ទះរបស់ប្រជាពលរដ្ឋ១ខ្នងនៅភូមិបាត់តាកៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចស្រុកចុងកាល់បានបញ្ជាក់ថាកាលពីល្ងាចថ្ងៃទី២៩មានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ បានវាយប្រហារមកលើភូមិបាត់តាកៅ បណ្តាលឲ្យរលំដើមឈើសង្កត់ផ្ទះរបស់ផ្ទះប្រជាពលរដ្ឋ ចំនួន ១ខ្នង។សមត្ថកិច្ចបានបន្តថាក្នុងហេតុការណ៍ខាងលើនេះមិនបានបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ៕

ជិះ​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ​បាក់ក​ស្លាប់​យ៉ាង​អាណោចអាធម៌​

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូបុករថយន្តពីក្រោយ បណ្ដាលឲ្យដួលបោកក្បាលនិងថ្នល់ ស្លាប់ភ្លាមៗនៅនិងកន្លែង កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិពាម សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សពជនរងគ្រោះដែលជាម្ចាស់ម៉ូតូម៉ាក HONDA Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1M-8460 មានឈ្មោះ សាម៉ុន សាមាត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបប កម្មករសំណង់ មានស្រុកកំណើត ភូមិអង្គព្រះ ឃុំច្រេះ ស្រុកមេសាង ខេត្តព្រៃវែង ។ ចំណែកតៃកុងឡានមិនស្គាល់អត្តសញ្ញាណ បានបើករថយន្តគេចបាត់ពីកន្លែងកើតហេតុ ។ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានចេញមកបត់ជើងតូចរួចក៏លឺសំឡេងបុកប្រាវ លាន់ដូចរន្ធះ ពេលលឺដូច្នេះគាត់ក៏រត់មកមើលស្រាប់តែឃើញរថយន្តបើកចេញយ៉ាងលឿន ។ ចំណែកម៉ូតូរួមទាំងម្ចាស់ម៉ូតូគៀបជាប់គ្នា ដោយជនរងគ្រោះបោកក្បាលទៅហ្នឹងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែង រួចគាត់ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យមកអន្តរាគមន៍តែម្តង ។ បច្ចុប្បន្នក្រោយសមត្ថកិច្ចធ្វើការវាស់វែង និងធ្វើកំណត់ហេតុរួច សពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ច(PL)យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រងចាំដោយស្រាយតាមក្រោយ៕

 

រថយន្ត​ព្រុស​សង្ស័យ​ស្រវឹង​សល់​ពី​យប់ បើក​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ពីក្រោយ រុញ​ទម្លាក់​ប្រឡាយ​ទឹកស្អុយ​

ភ្នំពេញ ៖ រ៉ឺម៉កម៉ូតូដឹកកេសសត្វក្រួចមួយគ្រឿង ធ្លាក់ត្រាំប្រឡាយទឹកស្អុយទាំងព្រឹក អ្នកបើកបររងរបួសស្រាល បន្ទាប់ពីរថយន្តព្រុសបើកបុកពីក្រោយ រុញទម្លាក់ទឹក ហើយរថយន្តជ្រុលទៅបុកផ្ទប់ខឿនមាត់លូជាប់ទៅមុខលែងរួច កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវជាតិលេខ៤ ច្រកចូលបុរីសែននមោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។ រថយន្តបង្ក ម៉ាក តូយ៉ូតា ព្រុស ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-0103 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនារីជាសង្សារម្នាក់ទៀត នៅមិនទាន់បាត់ក្លិនសុរាផង ។ ចណែកម៉ូតូរ៉ឺម៉ក វីវ៉ា ដឹកសត្វក្រួច ធ្វើហើយចំនួន៥កេស បើកបរដោយបុរសម្នាក់ ។ តាមប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះ បើករ៉ឺម៉កម៉ូតូដឹកក្រួច ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត ។ លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក ខាងលើជិះគ្នា២នាក់ ប្រុសម្នាក់ ស្រីម្នាក់ បើករថយន្តល្បឿនលឿនពីលិចទៅកើតស្របទិស ព្យាយាមវ៉ាជែងរថយន្តផ្សេង ពីខាងស្តាំ ហើយជ្រុលទៅបុកពីក្រោយ កន្ទុយរ៉ឺម៉កម៉ូតូ រុញទម្លាក់ប្រឡាយទឹកស្អុយ ក្រួចចំនួន៥កេស ត្រាំទឹកស្អុយដែរ រថយន្តបន្តហោះទៅបុកផ្ទប់នឹងខឿនមាត់លូ កល់ជាប់ទៅមុខលែងរួច ។ ករណីខាងលើ បង្កឲ្យអ្នកបើកបរម៉ូតូរងរបួសស្រាល តែក្រួចចំនួន៥កេស រងខូចខាត ប្រឡាក់ដី និងត្រាំទឹកស្អុយអស់រលីង ។ ក្រោយកើតហេតុ ភាគីខាងរថយន្តព្យាយាម សម្របសម្រួលជាមួយភាគីរងគ្រោះ នៅកន្លែងកើតហេតុ ចេញសងចំនួន៤០០ដុល្លា តែជនរងគ្រោះមិនព្រម ជិះម៉ូតូឌុបទៅគ្លីនិកសិន ហើយត្រូវបាន ភាគីខាងរថយន្ត ទាំង២នាក់ ទៅតាមសម្រសម្រួលដល់គ្លីនិក នៅតឺមិនត្រូវគ្នា ដោយភាគីរងគ្រោះ ទាមទារថ្លៃ ព្យាបាលរបួស និងខូចខាតសម្ភារសរុបចំនួន១២០០ដុល្លា តវ៉ាជជែក សម្រួលគ្នានៅមន្ទីរពេទ្យ ជាលទ្ធផល ត្រូវរ៉ូវគ្នា ចំនួន៤៥០ដុល្លារ ជាការបញ្ចប់រឿង ដោយមិនចាំបាច់ឲ្យប៉ូលីសជំនាញអូសរថយន្ត ទៅរក្សាទុកឡើយ ៕

បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​បុក​រនាំង​ពុះ​ចែក​ទ្រូងផ្លូវ​ខូច​អស់​២​ផ្ទាំង​

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ស្រវឹង បើករថយន្តបុករនាំងពុះចែកទ្រូងផ្លូវខូចខាតអស់ចំនួន២ផ្ទាំង បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលម៉ោង១១យប់ ថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៨នៅមុខ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលស្ថិតនៅភូមិ ក្បាលដំរី២សង្កាត់កាកាប២ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។រថយន្តបង្កម៉ាក កាម៉េរី ស៊េរីឆ្នាំ៩៥ ពណ៌ស្លែ អត់ស្លាកលេខ។ បើកបរដោយបុរសវ័យចំណាស់ម្នាក់ ក្នុងទិសដៅពីលិចទៅកើត រងរបួសស្រាល។ តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ត ខាងលើបើកបរ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនបើកបរដោយបុរសវ័យចំណាស់ម្នាក់ លុះបើកមកដល់ចំណុចកើតហេតុ ដោយឃឿនពុះចែកទ្រូងផ្លូវ ខាងលើដោយមិនមានដាក់ ភ្លើងសញ្ញាចំណាំងផ្លាត បន្ទាប់មករថយន្តខាងលើវាក់អើជាន់ហ្វាំមិនជាប់ បានបុកខឿនពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តខូចខាតយ៉ាងធ្ងន់ធ្ងរ ដាច់កាឡេផ្នែកខាងឆ្វេង និងបណ្តាលឲ្យរថយន្តខាងលើវិលមួយជុំ ហើយបណ្តាលឲ្យខូចខឿនពុះចែកទ្រូងផ្លូវអស់ចំនួន២ផ្ទាំង។សមត្ថកិច្ចប្រាប់ឲ្យដឹងថា បុរសខាងលើបើកបរក្នុងស្ថានភាពស្រវឹង ហើយខណៈរថយន្តខាងលើបុកទ្រូងផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាក បើកមកបុកពីក្រោយបន្ថែមទៀត បន្ទាប់មករថយន្តបង្កបើករត់គេចទៅបាត់។ ក្រោយពេលកើតហេតុរថយន្តបង្កខាងលើ ត្រូវបានជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានយករថយន្តស្ទូចយកទៅរក្សាទុក នៅផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ រង់ចាំការដោះស្រាយ៕

ស្លាប់​ម្នាក់​ដោយ​ជិះ​ម៉ូតូ​ពេលយប់​បុក​គូទ​ឡានធំ​ចត​លើ​ថ្នល់​

បាត់ដំបង: បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៥ ទៅបុកគូទរថយន្តធុនធំម៉ាកហ្វុយហ្សូ ដែលហេតុការណ៍កើតឡើងកាលពីម៉ោង១១និង១០នាទី យប់ថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចអូរតាមៀវស្ថិតក្នុងភូមិពោធ៍២ ឃុំគារ ស្រុកមោងឫស្សី។លោក សោម រ៉ាវុធ មន្ត្រីអាវុធហត្ថមូលដ្ឋានស្រុកមោងឫស្សី បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នៅនឹងកន្លែងកើតហេតុ មានឈ្មោះ សរ សុខដារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី។ ចំណែកតៃកុងរថយន្តធុនធំម៉ាកហ្វុយស្សូ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ ២៤៦៦ មិនស្គាល់អត្តសញ្ញាណបាន(រត់គេចខ្លួនបាត់)។ លោក រ៉ាវុធ បាននបញ្ជាក់ថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងធុនធំម៉ាកហ្វុយហ្សូ ធ្វើដំណើរពីទិសភ្នំពេញទៅបាត់ដំបង។ ពេលមកដល់ចំណុចខាងលើ រថយន្តនោះបានខូចហើយចតចោលលើផ្លូវជាតិលេខ៥ ដោយដាក់សញ្ញាសម្គាល់ជិតពេក។ ស្របពេលនោះ ស្រាប់តែមានម៉ូតូ០១គ្រឿង ម៉ាកហុងដាទ្រីម សេ១២៥ ពណ៌ខ្មៅ សេរី២០១៧ ពាក់ស្លាកលេខ បាត់ដំបង 1X 2099 បើកបរដោយបុរសម្នាក់ បានបុករថយន្តពីក្រោយមួយទំហឹង បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រថយន្តនិងម៉ូតូ ត្រូវប៉ូលិសចរាចរណ៍ខេត្ត យកមករក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកខេត្ត ដើម្បីដោះស្រាយតាមច្បាប់៕

 

តំបន់​មួយចំនួន​នៅ​ព្រំដែន​កម្ពុជា​-​ឡាវ បាន​ជន់​លិច ខណៈ​ប្រជាពលរដ្ឋ​ត្រូវ​ជម្លៀស​ទៅកាន់​តំបន់​សុវត្ថិភាព

ស្ទឹងត្រែង: ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា មកដល់វេលាព្រឹកព្រលឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ដែលហូរចេញពីការបាក់ទំនប់ Se-Pian Se Nam Noi ក្នុងខេត្ត Attapeu ប្រទេសឡាវ បានមកដល់ព្រំដែនប្រទេសកម្ពុជាជាបណ្តើរៗហើយ និងបានលិចចូលតំបន់មួយចំនួននៅក្នុងឃុំថ្មកែវ ឃុំសន្តិភាព និងឃុំសេកុង នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ទឹកទន្លេសេកុង ក៏បានហក់ឡើងដល់កម្ពស់ ១១,៣០ ម (កម្រិតប្រកាសឱ្យប្រុងប្រយ័ត្នមានកម្ពស់ ១១,៥០ ម)។ អាជ្ញាធរខេត្ត បាន និងកំពុងជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។ សេចក្ដីរាយការណ៍ពីភ្នាក់ងាររស្មីកម្ពុជាប្រចាំខេត្តស្ទឹងត្រែង បានឲ្យដឹងថា លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារជម្លៀសបងប្អូនប្រជាពលរដ្ឋ ចេញពីលំនៅដ្ឋានទៅកាន់តំបន់សុវត្ថិភាព ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលរងផលប៉ះពាល់ពីទឹកជំនន់ក្នុងករណីបាក់ទំនប់វារីអគ្គិសនីសេពានសេណាមណយ ស្ថិតនៅខេត្តអត្តពឺ ប្រទេសឡាវ មានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ឡាវ ហើយត្រូវហូរចូលមកក្នុងទន្លេសេកុង ក្នុងភូមិសាស្ត្រស្រុកសៀមប៉ាង កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨៕

 

 

ប្រព័ន្ធ​ថាមពល​អគ្គិសនី​នឹង​ចែកចាយ​ឲ្យ​គ្រប់​ភូមិ​ឃុំ​ទូទាំង​ខេត្តព្រៃវែង​ត្រឹម​ឆ្នាំ​២០២១

ព្រៃវែង: វិស័យអគ្គិសនី គឺជាវិស័យដ៏សំខាន់មួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ និងតាមបណ្ដាប្រទេសជឿនលឿននានា លើសកលលោកដែលមិនអាចខ្លះបាន ក្នុងនោះ ព្រះរាជាណាចក្រកម្ពុជា ក៏ត្រូវការថាមពលអគ្គិសនីជាចាំបាច់ផងដែរ សម្រាប់ការធ្វើអាជីវកម្ម គ្រឿងអេឡិចត្រនិក ឬប្រើប្រាស់ទៅតាមខ្នងផ្ទះពលរដ្ឋ។ពាក់ព័ន្ធនឹងវិស័យអគ្គិសនីខាងលើនេះ លោក ជា កក្កដា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រៃវែង បានប្រាប់រស្មីកម្ពុជា កាលពីព្រឹកថ្ងៃទី២៤កក្កដានេះថា វិស័យអគ្គិសនីត្រូវបានតភ្ជាប់ពីខេត្តព្រៃវែង ទៅបណ្តាលស្រុក ពីស្រុកទៅឃុំ ពីឃុំទៅភូមិ ដើម្បីជួយសម្រួលតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការរស់នៅ។ លោកបញ្ចាក់ថា មន្ទីរគ្រប់គ្រងពាក់ព័ន្ធ និងការចែកចាយប្រើប្រាស់អគ្គិសនី មានចំនួន៣ ទី១ វិស័យរ៉ែ ២វិស័យប្រេងឥន្ទនៈ ៣ វិស័យថាមពលអគ្គិសនី។ ក្នុងនោះវិស័យថាមពល មានក្រុមហ៊ុនចំនួន២៨កំពុងវិនិយោគ គ្របដណ្តប់នៅភូមិចំនួន១១៣៧ ឃុំ១១៦ មាន១៣ក្រុងស្រុក។ ប៉ុន្តែទើបផ្គត់ផ្គង់ជូនអតិថិជនបានត្រឹមតែ៦០% ប៉ុណ្ណោះបើប្រៀបធៀបទូទាំងខេត្ត នៅសល់ពលរដ្ឋ៤០%ទៀតមិនទាន់ទទួលបានភ្លើងអគ្គិសនីប្រើប្រាស់។ ដោយមូលហេតុថា តំបន់ដាច់ស្រយ៉ាល ភាគីក្រុមហ៊ុនខ្លះ រវុលតទៅទីប្រជុំជនមុន ឬតខ្សែមេមិនទាន់ និងពលរដ្ឋខ្លះគាត់មិនទាន់ប្រើប្រាស់។ ប្រភពដដែលបញ្ជាក់បន្ថែមថា ទន្ទឹមនឹងនោះយើងបានបង្កើតអនុស្ថានីយ៍អគ្គិសនីមួយទៀតនៅ ឃុំកំពង់សឹង ស្រុកព្រះស្តេច សម្រាប់ចែកចាយភ្លើងប្រើប្រាស់កាន់តែលឿន ហើយនិងបន្តចែកចាយឲ្យបានគ្រប់ភូមិឃុំទូទាំងខេត្ត ត្រឹមឆ្នាំ២០២១ខាងមុខនេះ។ តម្លៃប្រើប្រាស់បច្ចុប្បន្ន គឺកំណត់ដោយរដ្ឋ ក្នុង១គីឡូវ៉ាត់ម៉ោង ចាប់ពី៦០០រៀលទៅ៧៥០រៀល តាមស្ថានភាពទីតាំងនិងតំបន់៕

បុរស​ម្នាក់​ត្រូវ​ក្របី​វ័ធ​បណ្តាលឱ្យ​ស្លាប់​ក្នុង​ភក់​

ស្ទឹងត្រែងៈបុរសម្នាក់បានបណ្តើរក្របីចុះទន្លេសេកុងត្រូវក្របីនោះវ័ធបណ្តាលឱ្យស្លាប់ក្នុងភក់ត្រូវក្រុមគ្រួសារយកសពរៀបចំធ្វើបុណ្យតាមប្រពីណី។ហេតុការណ៍បានកើតឡើងនៅភូមិផាបាំងឃុំថ្មកែវស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងកាលពីថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៨។ ប្រភពព័ត៌មានបានឱ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានបណ្តើរក្របីចុះទន្លេសេកុងនិងឡើងទូកដើម្បីនាំចេញពីស្រុកសៀមប៉ាងទៅក្រៅខេត្ត។ពេលកំពុងបណ្តើរក្របីក៏ស្រាប់តែខ្សែក្របីបានទាក់ជាមួយនឹងដើមឈើ។ពេលនោះជនរងគ្រោះបានប្រើកាំបិតកាត់ផ្តាច់ខ្សែក្របីក៏ផ្អើលរត់គេច។ភ្លាមៗនោះ ជនរងគ្រោះបានដេញតាមចាប់ពីក្រោយត្រូវក្របីវ័ធបណ្តាលឱ្យស្លាប់នៅនឹងកន្លែង។ លោកជឹម អេន អធិការនគរបាលស្រុកសៀមប៉ាងឱ្យដឹងថាជនរងគ្រោះឈ្មោះផាន់ធុយភេទប្រុសអាយុ ៣៤ឆ្នាំជនជាតិខ្មែរមុខរបរកសិកររស់នៅភូមិផាបាំងឃុំថ្មកែវស្រុកសៀមប៉ាង។លោកបន្តថាជនរងគ្រោះជាអ្នកស៊ីឈ្នួលដឹកក្របីឱ្យឈ្មួញកណ្តាល។ករណីខាងលើនេះបានកើតឡើងនៅរសៀលថ្ងៃទី២៣ខែកក្កដឆ្នាំ២០១៨នៅចំណុចភូមិសាម៉(ទន្លេរ)ឃុំសេកុងស្រុកសៀមប៉ាង។ តាមការពិនិត្យលើសាកសពជនរងគ្រោះពិតជាត្រូវសត្វក្របីវ័ធចំគល់ថ្គាមខាងឆ្វេងនិងលើចិញ្ចើមខាងស្តាំបណ្តាលឱ្យស្លាប់នៅនឹងកន្លែង៕

​រថយន្ត​ដឹកទំនិញ​ធុន​ធំ​ឈ្មុល​ចូល​ផ្លូវ​តូចៗ​បង្ក​ប៉ះពាល់​សិទ្ធិ​អ្នកជិតខាង​

មណ្ឌលគិរីៈពលរដ្ឋម្ចាស់ផ្ទះរស់នៅភូមិឡាប៉ាខេឃុំស្រែខ្ទុមស្រុកកែវសីមាខាងលិចផ្សារកែវសីមាប្រមាណ៥០០ម៉ែត្រ។ពួកគាត់បានសម្តែងការមិនពេញចិត្តចំពោះរថយន្តដឹកទំនិញធុនធំដែលតែងតែបើកដឹកគ្រឿងសំណង់ចូលផ្លូវលំតូចៗជាប់លំនៅស្ថានបង្កប៉ះពាល់សិទ្ធិនិងផលប្រយោជន៍របស់ពួកគាត់។ លោកចាន់បុត្រនិងម្ចាស់ហាងតាគ្រួចជាម្ចាស់លំនៅស្ថានបានលើកឡើងពីក្តីបារម្ភលើសុវត្ថិភាពផ្ទះសម្បែងដែលជាប្រចាំថ្ងៃតែងតែមានរថយន្តធំៗដឹកទំនិញជាគ្រឿងសំណង់ចូលទីតាំងចែកចាយគ្រឿងសំណង់មួយនៅក្បែរនោះ។គ្រាដែលរថយន្តចូលដោយសារតែផ្លូវមានទំហំតែ៤ម៉ែត្រតែងតែកៀរដំបូលឬជញ្ជាំងរម្ជួយដល់ក្នុងផ្ទះចាប់ផ្តើមប្រេះជញ្ជាំងបន្តិចម្តងៗពិសេសរំខានដំណេកកូនតូចៗបណ្តាលឱ្យភ្ញាក់យំស្រែក។ ម្ចាស់ផ្ទះបានបន្តថាកន្លងមកក៏ធ្លាប់មានការចុះសម្របសម្រួលពីអាជ្ញាធរឃុំស្រុកនេះជាមួយគ្រួសារលោកនិងទីតាំងលក់គ្រឿងសំណង់នោះដែរ។ទីតាំងសំណង់នោះក៏ធ្លាប់សន្យាផ្ទាល់មាត់ថានិងបញ្ឈប់កុំឱ្យឡានធំចូលដែរ ប៉ុន្តែការសន្យាបានតែសន្យាតែប៉ុណ្ណោះ។ ម្ចាស់ហាងតាគ្រួចសាច់អាំងបានស្នើរសុំឱ្យសមត្ថកិច្ចឬអាជ្ញាធរមូលដ្ឋានធ្វើបារ៉ាស់តាមលក្ខណៈស្របច្បាប់មួយដើម្បីទប់ស្កាត់ការធ្វើចរាចរណ៍របស់រថយន្តធុនធំដើម្បីបញ្ចៀសផលប៉ះពាល់ដល់សិទ្ធិអ្នកដ៏ទៃបន្តទៀត៕

​រថយន្ត​ធុន​ធំ​ទៅបុក​រថយន្ត​តូច​បណ្តាលឱ្យ​ប្តី​ប្រពន្ធ​និង​កូន​រងរ​បួស​

សៀមរាបៈរថយន្តធុនធំមួយគ្រឿងបានទៅបុកជាមួយរថយន្តហាយឡឺនឌ័រ១គ្រឿង បណ្តាលឱ្យប្តីប្រពន្ធនិងកូន ដែលជិះក្នុងរថយន្តតូចបានរងរបួសទាំងអស់គ្នា។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ខាងមុខស្នាក់ការអាវុធហត្ថ៦១០ ក្នុងភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាបកាលពីវេលាម៉ោង១៦និង៣០នាទីថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៨ ។ ក្នុងហេតុការណ៍នោះដែរលោកឧកញ៉ាសៀងណាំតំណាងរាស្ត្រមណ្ឌលសៀមរាបក៏បានជួបហេតុការណ៍ខាងលើនោះដែរខណៈពេលដែលរូបគាត់ធ្វើដំណើរមកពីឃោសនាបោះឆ្នោតពីស្រុកក្រឡាញ់ចូលមកកាន់ខេត្តសៀមរាប។សមត្ថកិច្ចមានកងរាជអាវុធហត្ថស្រុកនិងនគរបាលស្រុកក្រឡាញ់ បានចុះមកដល់កន្លែងកើតហេតុ។ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកក្រឡាញ់បានបញ្ជាក់ថាម្ចាស់រថយន្តហាយឡែនឌ័របានរងរបួសក្បាល គេមិនទាន់ស្គាល់ឈ្មោះទេ ដែលជាអ្នកបើកបរ។ តែប្រពន្ធគេស្គាល់ឈ្មោះថា ឆៃ លីន អាយុ២៧ឆ្នាំ និងកូនស្រីអាយុ១៣ខែឈ្មោះ ឃុន នីនណា ។ជនរងគ្រោះរស់នៅភូមិពីរ ឃុំកំពង់ស្វាយ ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងដែរថា មុនពេលកើតហេតុរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ៣B ៦៣៤០ បានបើកបរពីទិសលិចទៅកើតដោយជនមិនស្គាល់មុខ ហើយរេចង្កូតទៅបុករថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខបន្ទាយមានជ័យ២A ៦៥៨៦ យ៉ាងពេញទំហឹងបណ្តាលឱ្យជនរងគ្រោះទាំង៣នាក់ខាងលើរងរបួសធ្ងន់។ចំណែកអ្នកបើកបររថយន្តហ៊ីយ៉ានដាយខាងលើ បានរត់គេចខ្លួនបាត់។ ដោយឡែកជនរងគ្រោះត្រូវបានរថយន្តកងរាជអាវុធហត្ថស្រុកក្រឡាញ់ដឹកមកកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះ ។ចំពោះរថយន្តបង្ករត្រូវបានសមត្ថកិច្ចនគរបាលស្រុកក្រឡាញ់ យកមករក្សាទុកដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

​ឃាត់​ជនដៃដល់​ដែល​កាប់​មន្ត្រីនគរបាល​ឱ្យ​រងរបួស​ធ្ងន់​ពេល​ចុះ​បំពេញភារកិច្ច​

ភ្នំពេញៈលោកឃិនទិត្យមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរត្រូវជនល្មើសកាប់ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងពេលបំពេញការងារ ចុះទៅសាកសួរជនប្រព្រឹត្តបទល្មើស តាមពាក្យបណ្តឹង របស់អ្នករត់ម៉ូតូកង់បីដែល កើតជម្លោះជាមួយម្ចាស់ស្តង់លក់ផ្លែឈើនៅផ្សារនាគមាស។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ សិ្ថតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោល រាជធានីភ្នំពេញ។ សាច់ញាតិជនរងគ្រោះបានប្រាប់ឲ្យដឹងថាកាលពីរសៀលថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៨បន្ទាប់ពីមានពាក្យបណ្តឹងពីអ្នករត់កង់បីថា មានបញ្ហាជម្លោះជាមួយម្ចាស់ស្តង់លក់ផ្លែឈើនៅមុខផ្សារនាគមាស។ លោក ឃិន ទិត្យ និងមន្ត្រីនគរបាលប៉ុស្តិ៍ផ្សារដើមគរសរុបចំនួន៣នាក់ បានចុះទៅកន្លែងកើតហេតុ គ្រាន់តែទៅដល់មុខផ្សារនាគមាស មិនទាំងបានសួរនាំផង ក៏ត្រូវជនល្មើសស្ទុះមកកាប់យកៗតែម្តង។ ជនល្មើស ក៏ត្រូវនគរបាលចាប់ខ្លួនបានភ្លាមៗផងដែរ។ ចំណែកជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ដោយមានសភាពធ្ងន់ធ្ងរជាទីបំផុត។ សាច់ញាតិជនរងគ្រោះបានបញ្ជាក់ថា បន្ទាប់ពីធ្វើការស្កេនក្បាលជនរងគ្រោះរួចមកឃើញថា ជនរងគ្រោះប៉ះត្រូវខួរក្បាលពីរកន្លែង ដែលត្រូវការយកចិត្តទុកដាក់ខ្លាំងបំផុត។ ដូច្នេះសាច់ញាតិជនរងគ្រោះ ស្នើសុំឲ្យនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងគនរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជួយសម្រួលឲ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញលិខិតឆ្លងដែន ជួនលោក ឃិន ទិត្យ ដែលកំពុងរងរបួសធ្ងន់ អាចចេញទៅសង្គ្រោះជីវិតនៅប្រទេសថៃ។ សាច់ញាតិជនរងគ្រោះសង្ឃឹម និងជឿជាក់ថា នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ និងជួយសម្រួលបានទាន់ពេលវេលា៕