បណ្តាញសង្គម

ទីបំផុត​លោក ស៊ី ជិន​ពីង អាច​កាន់អំណាច​ប្រធានាធិបតី​ចិន​អស់​មួយជីវិត

ប៉េកាំង ៖ កាលពីម្សិលមិញសភាប្រជាជនចិនបានសម្រេចចិត្តបោះឆ្នោតគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ស្ដីពីការកំណត់អណត្តិប្រធានាធិបតី ដែលនេះបានបើកផ្លូវឱ្យប្រធានាធិបតីចិន លោក ស៊ី ជិនពីង អាចបន្តកាន់អំណាចអស់មួយជីវិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ។ ការបោះឆ្នោតធ្វើវិសោធនកម្មរដ្ឋធម្មនុញនេះ ធ្វើឡើងនៅអំឡុងកិច្ចប្រជុំពេញអង្គលើកទី០៣ នៃសម័យប្រជុំលើកទី០១ របស់ សភាប្រជាជនចិននិតិកាលទី១៣ នៅឯវិមានប្រជាជនចិន ក្នុងទីក្រុងប៉េកាំង។ ការបោះឆ្នោតនេះទៀតសោត មិនមានភាពលំបាកអ្វីនោះទេ ហើយវាក៏មិនមែនជារឿងអ្វីភ្ញាក់ផ្អើលអ្វីនោះដែរ ដោយហេតុថា គេរំពឹងទុកជាមុនរួចទៅហើយថា សភាប្រជាជន នឹងបោះឆ្នោតគាំទ្រលើលុបចោលអាណត្តិប្រធានាធិបតីតាមការ ស្នើសុំរបស់គណបក្សកុម្មុយនីស្ដចិន។ យោងតាមរដ្ឋធម្មនុញ្ញចិនចាប់តាំងពីឆ្នាំ១៩៩០ ប្រធានាធិបតីអាចកាន់អំណាចបានត្រឹមពីរអណត្តិតែប៉ុណ្ណោះ។ ប៉ុន្តែលោកស៊ីបានស្នើឱ្យកែប្រែដោយជោគជ័យ នូវប្រពៃណីមួយកាន់អំណាចមួយនេះ នៅក្នុងសមាជបក្សកុម្មុយនិស្ដចិន កាលពីខែតុលា ហើយមិនតែប៉ុណ្ណោះ លោកថែមទាំងពង្រឹងអំណាចរបស់លោកកាន់តែធំ តាមរយៈយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយក៏ដូចជា ការបញ្ចូលទ្រឹស្ដី និងគំនិតយោបាយរបស់លោកទៅក្នុងរដ្ឋធម្មនុញ្ញចិនទៀតផង។ ជាក់ស្ដែង ក្នុងចំណោមអ្នកបោះឆ្នោត ២,៩៦៤នាក់ មានពីរនាក់បោះឆ្នោតជំទាស់ និងបីនាក់ អនុប្បវាទ៕

ស្លាប់​៥​នាក់ និង​របួស​៧​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសស្រាល០២នាក់ និងរបួសធ្ងន់៥នាក់។ នេះបើយោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍ដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៦គ្រឿង, រថយន្ដតូច៣គ្រឿង, យានផ្សេងៗ២គ្រឿង។ មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្បឿន, មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ៕

accounts facebook ឈ្មោះ កូនខ្លា តូច បានបង្ហោះរូបភាពទារកមានក្បាល២ ខ្លួនមួយ និងបានសរសេរយ៉ាងដូចច្នេះថា ៖

យោងតាម accounts facebook ឈ្មោះ កូនខ្លា តូច បានបង្ហោះរូបភាពទារកមានក្បាល២ ខ្លួនមួយ និងបានសរសេរយ៉ាងដូចច្នេះថា ៖
ទារកភ្លោះនេះគេបានស្លាប់ហើយ គ្នាទើបចាប់កំណើតបានតែ ៥ ថ្ងៃប៉ុណ្ណោះ ឥលូវពេលនេះពួកគេបានលាពិភពលោកត្រលប់ទៅវិញហើយ
៚មីង សុំអោយជាតិក្រោយ
ក្មួយកើតមកមានរូបកាយពេញលក្ខណះល្អដូចគេផងណា បើកើតជាកូនភ្លោះទៀត សុំអោយចែកដាច់ពីគ្នា កុំអោយជាប់គ្នាបែបនេះទៀត សុំអោយក្មួយទៅអោយបានសុខផងចុះ អាណិតណាស់

សៀមរាប៖ នៅវេលាម៉ោង១០និង៣០ព្រឹក ថ្ងៃទី៧ខែមិនាឆ្នាំ២០១៨ ទារិកាអភ័ព្វ កើតមកមានខ្លួនមួយក្បាល២ បេះដូងមាន ៦ថត ត្រូវបានក្រុមគ្រូពេទ្យ យកចិត្តទុកដាក់ ជួយសង្គ្រោះវះកាត់ បានទាន់ពេលវេលា ទាំងម្តាយ និង កូន រយៈពេល៥ថ្ងៃ ឥឡូវទារិកាបានស្លាប់បាត់ទៅវិញហើយ នៅក្នុង មន្ទីរពេទ្យគន្ធ បុប្ផាសៀមរាប។

ក្រោយពីស្លាប់ត្រូវបានប្អូនស្រីបង្កើត បី ដឹកតាមរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យគន្ធបុប្ផាយកទៅកប់នៅក្នុងវត្តគោកចក ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ចំណែកម្តាយ ត្រូវបាន ក្រុមគ្រូពេទ្យ ហាមមិនទាន់ឱ្យចេញពីពេទ្យដោយសារ សុខភាព មានសភាពទន់ខ្សោយនៅឡើយ។

ទារិកា ដែលកើតមក ចម្លែកខុសប្រក្រតី នោះ មានខ្លួនមួយក្បាល២ បេះដូងមាន ៦ថត បានកើតនាយប់ថ្ងៃសៅរ៍ទី០៣ខែមិនាឆ្នាំ២០១៨ ស្ថិតនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ត្រូវបានស្លាប់បាត់បង់ជីវិត នៅក្នុងស្ថានភាពដ៏លំបាក។

ប្អូនស្រីបង្កើត ខាងស្រី ឈ្មោះ កេត ម៉ា ឡៃ អាយុ២៩ឆ្នាំ មានមុខរបរ បុគ្គលិកកាស៊ីណូ ប៉ោយប៉ែត ដែលមានស្រុកកំណើតនៅភូមិដំណាក់លួង ឃុំវត្តគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបង បានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី០៧ខែមិនាឆ្នាំ២០១៨នេះថា មុនក្មួយស្រី ដ៏អភ័ព្វ របស់នាងខ្ញុំ បានស្លាប់ បាត់ទៅវិញ នោះ គឺ រូបនាងជាអ្នកមើលផ្ទាល់ដៃ ហើយបានដាក់ទឹកដោះគោ ឱ្យវា បៅ ខណៈពេលនោះ រូបនាងខ្ញុំ ឃើញ បេះដូងវាដើរញាប់ ខុសពីប្រក្រតី ដែលនៅជាប់នឹងឧកស៊ីសែន ក៏ដើរទៅប្រាប់ពេទ្យ ពេលនោះ ពេទ្យក៏មកមើល ក៏ឃើញដូចនាងខ្ញុំបានរៀបរាប់ប្រាប់មែន ប៉ុន្តែពេលនោះគ្រូពេទ្យ មិនទាន់ឱ្យខ្ញុំ ប្រាប់ម្តាយ ឱ្យដឹងនោះទេ ព្រោះគាត់មានសភាពទន់ខ្សោយនៅឡើយ។ប្អូនស្រី បានរៀបរាប់បន្តថា ឪពុករបស់ទារិការនេះ មាន ឈ្មោះ កាំ សារី អាយុ៣៨ឆ្នាំ អតីត អ្នកបកប្រែភាសា ចិន និង

ម្តាយទារិកា មាន ឈ្មោះ កេត ម៉ាលី អាយុ៣១ឆ្នាំ មានទីលំនៅ នៅភូមិដំណាក់លួង ឃុំវត្តគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ហើយកូនដែលកើតក្បាល២នោះមក ជិត៤គីឡូក្រាម ដែលជាកូនស្រី ទី៤ ។

ក្នុងស្ថានភាពបែបនេះ ត្រូវបានម្តាយ ក្មេងស្រី អភ័យ និង ប្អូន ស្រី បង្កើត កំពុងអំពាវ នាវ សុំរកជំនួយពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ព្រោះស្ថានភាពក្នុងក្រុមគ្រួសារ ក្រី ក្រ ហើយ ឪពុក របស់ក្មេងនោះ កំពុងស្ថិតនៅក្នុងស្ថានភាព ប្រសៃប្រសាទ ទៀតផង៕

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​បទល្មើស​នេសាទ នៅ​ ​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់លែង​

(កំពង់ឆ្នាំង)៖ កម្លាំងផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង សង្កាត់រដ្ឋបាលជលផលកំពង់លែង និង កម្លាំងគណៈបញ្ជាការឯកភាពស្រុក បានចុះបង្ក្រាបបទល្មើសនេសាទរបាំងសាច់ អួអួននៅចំណុចវាលភក់ ភូមិស្លត ឃុំ ផ្លូវទូក ស្រុកកំពង់លែង។

លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃ កម្លាំងចម្រុះសម្រេចធ្វើការរុះរើ របាំងសាច់អួនចំនួន៥កន្លែង ប្រវែង៦៥០ម៉ែត្រ លូសាច់អួនចំនួន ៥មាត់ បង្គោលចំនួន៣០០ដើម និងចាក់លែងកូនត្រីចម្រុះទៅក្នុងដែនទឹកធម្មជាតិវិញ ចំនួន២០គីឡូក្រាម៕

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​បង្ក​ហិង្សា​ដោយ​ចេតនា​នៅ​ស្រុក​ឧដុង្គ​

(កំពង់ស្ពឺ)៖ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីបង្កហិង្សាដោយចេតនា បណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់។ ហេតុការណ៍កើតឡើងនៅចំណុចភូមិច្រេស ឃុំជើងរាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង២រសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ សែន គង់ ហៅបិត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាង។

ប្រភពដដែលបន្តថា មុនពេលកើតហេតុជនសង្ស័យបានទាស់ពាក្យសម្តីជាមួយជនរងគ្រោះឈ្មោះ អុយ សំណាង អាយុ២៥ឆ្នាំ រស់នៅភូមិជាមួយគ្នាលុះទាស់ពាក្យសម្តីកាន់តែខ្លាំង ជនសង្ស័យបានយកដំបងជ្រុងប្រវែង៦០សង់ទីមែត្រ មានដែកគោល វៃលើជនរងគ្រោះបណ្ដាលឲ្យចំក្បាលខាងលើផ្នែកខាងឆ្វេង ដេ៥ធ្នេរ និងវៃចំសាច់ដុំដៃខាងឆ្វេងស្មាខាងស្តាំរងរបួសធ្ងន់។

ក្រោយពីកើតហេតុជនរងគ្រោះត្រូវក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបានភ្លាមៗ និងនាំមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

​ក្រុម​ទំនើង​ជាប់មាត់​ឈ្លោះ​គ្នា​មាន​ម្នាក់​លួច​ដុត​ម៉ូតូ​ឆេះ​ហ្មត់​រួច​រត់​បាត់​

(រតនគិរី)៖ក្មេងទំនើងពីរក្រុមបានស្ទាក់វាយគ្នាហ់យក៏មានម្នាក់លួចទៅដុតម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅគ្មានផ្លាកលេខមួយគ្រឿងបណ្តាលឱ្យឆេះហ្មត់។រឿងរ៉ាវបានកើតឡើងនៅចំណុចភូមិតាអងកាតេឃុំតាអងស្រុកកូនមុំខេត្តរតនគិរីកាលពីយប់ថ្ងៃទី៣ខែមីនាឆ្នាំ ២០១៨។ ជនរងគ្រោះឈ្មោះពេលភ័ក្តភេទប្រុសអាយុ១៩ឆ្នាំជនជាតិគ្រឹងរស់នៅភូមិកើតហេតុខាងលើបានប្រាប់សមត្ថកិច្ចថាខណៈពេលនោះខ្លួនបានជិះម៉ូតូរួមដំណើរពីរនាក់។ពេលនោះជនដៃដល់មានគ្នាបួននាក់ពេលកំពុងតែជាប់ដៃវាយគ្នាគូកនភាគីម្ខាងទៀតនោះក៏បានដុតម៉ូតូហើយក៏រត់គេចខ្លួនបាត់ភ្លាមៗដែរ។បន្ទាប់ពីកើតហេតុកកម្លាំងប៉ុស្តិ៍ក៏បានហៅម្ចាស់ម៉ូតូនិងអ្នករួមដំណើរមកសាកសួរបំភ្លឺតែម្ចាស់ម៉ូតូថាមិនស្គាល់ឈ្មោះនិងមុខជនដៃដល់នោះទេ ។ បើតាមការសន្និដ្ឋានរបស់ប៉ុស្ត៏គឺមកពីធ្លាប់មានគំនុំនិងគ្នាហើយទើបពួកគេនាំគ្នាស្ទាក់ផ្លូវបង្ករជម្លោះឈានដល់ដុតកម្ទេចម៉ូតូចោលគូរទំនាស់បែបនេះ។កម្លាំងប៉ុសិ៍្តកំពុងតែធ្វើការតាមដាននិងស្រាវជ្រាវបន្តទៀតដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការខេត្តចាត់ការតាមច្បាប់៕

ម្សិលមិញ​បង្ក្រាប​គ្រឿងញៀន​១៥​ករណី ឃាត់ខ្លួន​មនុស្ស​២៥​នាក់​

រាជធានីភ្នំពេញ ៖ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញ កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៥ករណី ឃាត់ខ្លួនមនុស្ស២៥នាក់ (ស្រីគ្មាន)។ ក្នុងនោះករណីជួញដូរគ្រឿងញៀន៥ករណី ឃាត់ខ្លួន៦នាក់ និងករណីប្រើប្រាស់គ្រឿងញៀន១០ករណី ឃាត់ខ្លួន១៩នាក់៕

ស្លាប់​៨​នាក់ និង​របួស​៧​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៨នាក់ និងរបួសធ្ងន់៧នាក់។ នេះបើយោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍ដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៦គ្រឿង រថយន្តតូច២គ្រឿង,រថយន្ដធុនធំ១គ្រឿង។ មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើល្បឿន, មិនគោរសិទ្ធិ, មិនប្រកាន់ស្ដាំ ប្រជែង និងស្រវឹង៕

ស្ពានឈើ​មួយកន្លែង​ក្នុងស្រុក​កូន​មុំ ត្រូវ​ជនខិលខូច​លួច​ដុត​ឆេះ​ក្លាយជា​ផេះ

ខេត្តរតនគិរី ៖ ស្ពានឈើប្រវែង៩ម៉ែត្រ និងទទឹង៤ម៉ែត្រ ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្បែរភ្នំទទឹង ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។ មន្ត្រីនគរបាលស្រុកកូនមុំបានឲ្យដឹងថា ស្ពានដែលភ្លើងឆេះនោះ មានប្រវែង៩ម៉ែត្រ ទទឹង៤ម៉ែត្រ ធ្វើអំពីឈើ តែមិនមានបង្កាន់ដៃនោះទេ។ មន្ត្រីដដែលបានបន្តថា ក្រោយទទួលព័ត៌មានទាន់ទិនករណីអគ្គិភ័យនេះ ក្រុមកម្លាំងពន្លត់អគ្គិភ័យ បានចេញទៅអន្តរាគមន៍ផងដែរ តែពេលទៅដល់ ស្ពានឈើខាងលើនេះ ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុងទៅហើយ។ សូមបញ្ជាក់ថា ករណីភ្លើងឆេះស្ពានខាងលើនេះ សង្ស័យមានគេលួចដុតកម្ទេចចោល ហើយសមត្ថកិច្ចមូលដ្ឋានកំពុងស្រាវជ្រាវវែកមុខជនដៃដល់ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

ម្សិលមិញ​បង្ក្រាប​គ្រឿងញៀន​២៥​ករណី ឃាត់ខ្លួន​មនុស្ស​៥៦​នាក់​

រាជធានីភ្នំពេញ ៖ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញ កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៥ករណី ឃាត់ខ្លួន៥៦នាក់ (ស្រី៤នាក់)។ ក្នុងនោះករណីជួញដូរគ្រឿងញៀន២១ករណី ឃាត់ខ្លួន៤៦នាក់ និងប្រើប្រាស់៤ករណី ឃាត់១០នាក់៕

ស្លាប់​៤​នាក់ និង​៨​នាក់​រងរបួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ម្សិលមិញមានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្តាលឲ្យមនុស្ស៤នាក់ បានស្លាប់ និង៨នាក់បានរងរបួសធ្ងន់ស្រាល។ នេះបើយោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិ។ របាយការណ៍ដដែលបញ្ជាក់ថា ក្នុងគ្រោះថ្នាក់ចរាចរណ៍៨លើក បណ្តាលឲ្យខូចខាតម៉ូតូ៩គ្រឿង រថយន្តតូច៤គ្រឿង រថយន្តធំ១គ្រឿង និងរ៉ឺម៉ក១គ្រឿង។ មូលហេតុដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍មានបើកល្បឿនលឿន ៣លើក មិនគោរពសិទ្ធិ១លើក មិនប្រកាន់ស្តាំ២លើក ប្រជែង១លើក និងបត់គ្រោះថ្នាក់១លើក៕

អាណោចអាធ័ម​ណាស់​! ក្មេងស្រី​ទាំងពីរ​នាក់​ស្លាប់​តែមួយ​ប៉ព្រិចភ្នែក​

ខេត្តបាត់ដំបង ៖ ក្មេងស្រីពីរនាក់អាយុ៧ឆ្នាំដូចគ្នាចុះងូតទឹកប្រឡាយបណ្តាលឲ្យលង់ទឹកស្លាប់កាលពីម៉ោង៥ និង៣០ល្ងាចថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចប្រឡាយទឹកក្រោយផ្ទះស្ថិតនៅភូមិតាង៉ែន ឃុំតាគ្រាមស្រុកបាណន់។ មេបញ្ជាការរងអាវុធហត្ថមូលដ្ឋានស្រុកបាណន់លោក រើយ ចំរើន បានឲ្យដឹងថា កុមារីរងគ្រោះទាំងពីរនាក់មានឈ្មោះ សឿត ស្រីម៉ី និងឈ្មោះ ម៉ៅ ស្រីមួយ ទាំងពីរនាក់នេះមានអាយុ៧ឆ្នាំដូចគ្នារស់នៅភូមិ ឃុំខាងលើ។ លោកមេបញ្ជាការរងបានបញ្ជាក់ថា ក្រោយពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ហាយ​ឡែ​ន​ឌឺបើក​ឆ្លងផ្លូវ​ជ្រុល​បុក​ឡាន​កុងតឺន័រ​ខ្ទាត​ត្រូវ​ម៉ូតូ​បង្ក​ឲ្យ​មនុស្ស​៣​នាក់​របួសធ្ងន់​ស្រាល​

ខេត្តព្រះសីហនុ ៖ មនុស្ស៣នាក់រងរបួសស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តហាយឡែនឌឺ បើកឆ្លងផ្លូវ វាក់នឹងឡានកុងតឺន័រ ជាន់ហ្វ្រាំង ច្រឡំហ្គែរស្ទុះបុកឡានកុងតឺន័រពេញទំហឹងហើយខ្ទាតទៅប៉ះម៉ូតូ១គ្រឿងទៀតនៅវេលាម៉ោង០៦ និង១០នាទីព្រលប់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ នៅផ្លូវអូរ១ ត្រង់ចំណុចមុខផ្សារចិន ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយរថយន្ត HIGHLANDER មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AO-4479 អ្នកបើកបរឈ្មោះ ពៅ វាយ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ បានបើកចេញពីក្នុងផ្សារចិន ឆ្លងកាត់ផ្លូវសំដៅទៅផ្សារលើ ពេលនោះ មានរថយន្ត FUSO ដឹកដឹកកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខព្រះសីហនុ3A-0933 បើកឡើងពីតំបន់អូរ១ បានមកដល់ចំណុចកើតហេតុអ្នកបើកឡានហាយឡែនឌឺ វាក់អឺ ជាន់ហ្វ្រាំងច្រឡំ ជាន់ហ្គែរ បានជ្រុលទៅបុកចំពាក់កណ្តាលរ៉ឺម៉កដឹកកុងតឺន័រ ពេញទំហឹងតែម្តង នឹង បានខ្ទាតទៅប៉ះម៉ូតូ១គ្រឿងទៀត ម៉ាកHONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ1F-2740 បើកបរដោយឈ្មោះ អ៊ូ ចាន់តុលា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិ១ សង្កាត់លេខ២ ក្រុង.ខេត្តព្រះសីហនុដោយដឹកមនុស្ស២នាក់ ឈ្មោះ ហ៊ុន បូរ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកាស៊ីណូ និងក្មេងប្រុសម្នាក់ឈ្មោះ អ៊ូរ សីហា អាយុ៤ឆ្នាំ ។ ប្រភពបន្តថាគ្រោះថ្នាក់នេះបណ្ដាលឲ្យរងរបួសស្រាល មនុស្សចំនួន ៣នាក់ ភាគីខាងជិះម៉ូតូ បានបញ្ជូនទៅព្យាបាលនៅគ្លីនិកបាយ័ន។ អ្នកបើករថយន្តដឹកកុងតឺន័រឈ្មោះ សាយ ធា ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នវត្ថុតាងរថយន្តចំនួន ២គ្រឿង និងម៉ូតូ១គ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់៕

​រថយន្ត​ហ៊ី​ណូ​បុក​ម៉ូតូ​នៅ​ស្រុក​ថ្មគោល​របួសធ្ងន់​ម្នាក់​

(បាត់ដំបង)៖បុរសម្នាក់រងរបួសបាក់ជើងស្តាំដោយសាររថយន្តធុនធំម៉ាកហ៊ីណូបុកជាមួយម៉ូតូសេសង់កូរ៉េកញ្ចាស់កាលពីម៉ោង១០ៈ៣០យប់ថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១៨នៅចំណុចភូមិគោកត្រប់ឃុំតាម៉ឺនស្រុកថ្មគោល។ លោកអ៊ឹង សុវណ្ណអធិការរងនគរបាលស្រុកថ្មគោលបានឳ្យដឹងថាជនរងគ្រោះឈ្មោះខា វី ភេទប្រុស អាយុ២៧ឆ្នាំមុខរបរជាងសិប្បកម្មផលិត(តុ ទូ)រស់នៅភូមិថ្មគោលឃុំតាម៉ឺនស្រុកថ្មគោលរបួសធ្ងន់បាក់ជើងស្តាំ ។ចំណែកតៃកុងឡានបង្កមិនស្គាល់អត្តសញ្ញាណក្រោយកើតហេតុបានរត់គេចខ្លួនបាត់។ លោកអធិការរងស្រុកបានដកស្រង់សំដីអ្នកដែលបានឃើញហេតុការណ៍មកបញ្ជាក់់ថាមុនពេលកើតហេតុមានរថយន្តម៉ាកHiNOចង្កួតស្តាំពណ៌សពាក់ស្លាកលេខPP 0203បើកបរពីជើងឆ្ពោះទៅត្បូង។ ពេលមកដល់ចំណុចកើតហេតុបានគេចកន្លុករេចង្កូតមកបុកម៉ូតូបើកបរពីត្បូងទៅជើងបណ្តាលឳ្យរងរបួសធ្ងន់ ។ បច្ចុប្បន្នជនរងគ្រោះត្រូវសមត្ថកិច្ចដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ ចំណែករថយន្តនិងម៉ូតូ ផ្នែកជំនាញអធិការស្រុកថ្មគោលយកទៅរក្សាទុកនៅអធិការស្រុករង់ចាំដោះស្រាយនៅពេលក្រោយ ៕



 

ស្ត្រី​ម្នាក់​មាន​វិប្បត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន​

(បាត់ដំបង)កាលពីម៉ោងជាង២រំលងអាធ្រាត្រឈានចូលថ្ងៃទី១ខែមីនាឆ្នាំ២០១៨នៅចំណូចភូមិស្វាយជ្រុំឃុំអូរដាស្រុកកំរៀងមានការភ្ញាក់ផ្អើលដោយគេប្រទះឃើញស្ត្រីម្នាក់ចងកសម្លាប់ខ្លួននៅលើដើមស្វាយក្រោយផ្ទះដោយប្រើខ្សែអង្រឹងជាចំណង។ លោកសៀកសានិតមន្ត្រីអាវុធហត្ថមូលដ្ឋានស្រុកកំរៀងបានឳ្យដឹងថាអត្តឃាតជនមានឈ្មោះកៅសូន្យភេទស្រីអាយុ៥៨ឆ្នាំមុខរបរកសិកររស់នៅចំណុចភូមិឃុំខាងលើ។លោកសៀកសានិតបានដកស្រង់សំដីក្រុមគ្រួសារមកបញ្ជាក់ថាមូលហេតុដែលនាំឳ្យស្ត្រីនេះធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួនព្រោះតែគាត់មានវិប្បត្តិក្នុងគ្រួសារ។អត្តឃាតជនបានយកខ្សែអង្រឹងចងកសម្លាប់ខ្លួនទៅនឹងមែកស្វាយក្រោយផ្ទះប្រមាណ១០ម៉ែត្របណ្តាលឳ្យស្លាប់។ក្រោយពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

គួរ​ឲ្យ​អាសូរ​! ប្តី​ស្លាប់ ប្រពន្ធ​របួសធ្ងន់​ដោយសារ​រថយន្ត​ដឹក​ដី​បុក និង​កិន​

ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងស្ត្រីម្នាក់ជាភរិយាបានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយបើកម៉ូតូពីក្រោយរថយន្តដឹកដីត្រូវ រថយន្តបត់ត្រឡប់ក្រោយ កិនបែកក្បាលនៅវេលាម៉ោង១១ និង២៥នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ លើផ្លូវបេតុង ក្នុងតំបន់សេដ្ឋកិច្ចពិសេស ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្តបែនដឹកដី១គ្រឿងម៉ាក ASIA ពណ៌ ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ3A-0212 មានទិសដៅពីលិចទៅ កើត បានបត់ឆ្វេង ត្រឡប់ក្រោយ បុកនឹងម៉ូតូ១គ្រឿងម៉ាកសង់កូរ៉េ ពណ៌ខៀវ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ នួន រ៉ាវី ភេទប្រុស អាយុ៥១ឆ្នាំ ដឹកប្រពន្ធឈ្មោះ អ៊ិន សារ៉ា ភេទ ស្រី អាយុ ២២ឆ្នាំ មានទីលំនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានទិសដៅស្របគ្នា។ ប្រភពដដែលបន្តថា គ្រោះថ្នាក់នេះបណ្ដាលឲ្យឈ្មោះនួន រ៉ាវី អ្នកបើកបរម៉ូតូ ត្រូវរថយន្តកិនចំក្បាលស្លាប់ នៅនឹងកន្លែងកើតហេតុ និងភរិយាឈ្មោះ អ៊ិន សារ៉ា រងរបួសធ្ងន់បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាព។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្ត បានគេចខ្លួនបាត់ មុនសមត្ថកិច្ចទៅដល់ សមត្ថកិច្ចកំពុងតាមស្វែងរក។ បច្ចុប្បន្នវត្ថុតាងរថយន្ត និង ម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់រង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់៕

ការ​បាន​៣​ថ្ងៃ ចងក​សម្លាប់ខ្លួន​ចោល​ប្តី​ថ្មោងថ្មី​ឲ្យ​រស់នៅ​តែលតោល​

ខេត្តសៀមរាប ៖ ស្ត្រីវ័យ១៨ឆ្នាំម្នាក់បានសម្រេចចិត្តចងកសម្លាប់ចោលប្តីថ្មោងថ្មី ឲ្យរស់នៅតែលតោលក្រោយរៀបការបានបីថ្ងៃ ដោយគ្រាន់តែតូចចិត្តរឿងរៀបការរួច គ្មានប្រាក់ធ្វើដើមរកស៊ី ខណៈដែលករណីនេះអំឡុងម៉ោងជាង៩ព្រឹកថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៨ នៅផ្ទះរបស់ខ្លួនក្នុងភូមិថ្នល់ចែក ឃុំសំរោង ស្រុកសូទ្រនិគមន។ តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីវ័យក្មេងដែលទើបរៀបការបានបីថ្ងៃរូបនេះមានឈ្មោះ ចាន់ ស្រីទីន មានអាយុ១៨ឆ្នាំ។ ចំណែកប្តីរបស់នាងមិនត្រូវបានសមត្ថកិច្ចបង្ហាញឲ្យដឹងឡើយ។ ប្រភបបន្តថា មូលហេតុដែលស្ត្រីវ័យក្មេងខាងលើចងកសម្លាប់ខ្លួន គឺដោយសាររៀបការរួច គ្មានប្រាក់សម្រាប់ធ្វើដើមទុនក្នុងការរកស៊ី។ ក្រោយពីពិនិត្យនៅកន្លែងកើតហេតុ សាកសពបានប្រគល់ឲ្យក្រុមគ្រួសារ យកធ្វើបុណ្យ៕

ស្លាប់ និង​របួស​២០​នាក់​ករណី​គ្រោះថ្នាក់​រថយន្តក្រុង​បុក​រថយន្ត​ហ៊ីយ៉ាន់ដាយ

ខេត្តកំពង់ចាម ៖ រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុនហ៊ុនអូឡាំពិកធ្វើដំណើរពីសៀមរាបទៅភ្នំពេញ ដែលមានអ្នកដំណើរជិះក្នុងរថយន្តចំនួន១៩នាក់ បានបុកចំកណ្តាលរថយន្តហាន់ដាយមួយគ្រឿង ខណៈបត់ត្រឡប់ក្រោយនៅទទឹងថ្នល់។ ករណីនេះកើតឡើងវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ស្ថិតចំណុច ភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។ ក្នុងឧប្បត្តិវហេតុនោះបណ្ដាលឲ្យសា្លប់អ្នកបើកបររថយន្តក្រុងម្នាក់ ឈ្មោះ កែវ សាវុធ អាយុ៣៧ឆ្នាំ នៅភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងរបួសមនុស្សជាអ្នកដំណើរចំនួន១៩នាក់/ស្រី១០នាក់ ដែលរួមមាន ៖ ជនជាតិខ្មែររបួស04នាក់/ស្រី03(ធ្ងន់០៣ ស្រាល០១) ជនជាតិថៃ០៣នាក់/ប្រុស០៣(ធ្ងន់០១ ស្រាល០២) ជនជាតិបារាំង ០២នាក់/ស្រី០១ (ស្រាល០២) ជនជាតិអាល្លឺម៉ង់០៤នាក់/ស្រី០១ (ស្រាល០៤) និងជនជាតិអ៊ីស្រាអែល០២នាក់/ស្រី០២ (ស្រាល០២)៕

រកឃើញ​ស្ថានីយប្រេងឥន្ធនៈ​ចំនួន​៦​ក្នុង​ខេត្តកំពង់ធំ​ដែល​លួច​ចំណុះ​ប្រេង​ឥន្ទ​នៈ​

រាជធានីភ្នំពេញ ៖ កាលពីម្សិលមិញរថយន្តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយមន្ត្រីសាខាកាំកុងត្រូល ខេត្តកំពង់ធំ បានចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈចំនួន ៩តាមដេប៉ូ និងស្ថានីយនានាក្នុងខេត្ត ដោយរកឃើញ ៦ដេប៉ូ និងស្ថានីយ លក់មិនគ្រប់លីត្រ និងខុសស្តង់ដារ ដែលក្នុងនោះ ៤ស្ថានីយខុសបរិមាណ និង២ស្ថានីយទៀតខុសគុណភាព និងបរិមាណ។ ក្រុមការងារបានឲ្យម្ចាស់ដេប៉ូ និងស្ថានីយប្រេងឥន្ធនៈ ធ្វើកិច្ចសន្យាជាលើកទីមួយ ឲ្យកែប្រែបរិមាណគុណភាព ប្រសិននៅតែមិនកែប្រែនឹងត្រូវប្រឈមមុខផ្លូវច្បាប់ ៕

​ប្តី​យក​ចាន​គប់​ប្រពន្ធ​បែកក្បាល​ដោយសារ​ស្រវឹងស្រា​ជោកជាំ​

បាត់ដំបង)៖បុរសម្នាក់ត្រូវប៉ូលិសឃាត់ខ្លួនភ្លាមៗក្រោយពេលស្រវឹងស្រាជោកជាំបានប្រើអំពើហិង្សាយកចានបាយគប់ទៅលើប្រពន្ធបណ្តាលឳ្យបែកក្បាលហូរឈាម។ករណីហិង្សាក្នុងគ្រួសារនេះកើតឡើងកាលពីវេលាម៉ោង៣ៈ៣០រសៀលថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០១៨នៅចំណុចភូមិចំបក់ឃុំហប់ស្រុកគាស់ក្រឡខេត្តបាត់ដំបង។ លោកឆាង វណ្ណឆៃអធិការនគរបាលស្រុកគាស់ក្រឡបានឳ្យដឹងថាប្តីស្រវឹងខួបដែលយកចានបាយគប់ប្រពន្ធបែកក្បាលមានឈ្មោះយិម ថៃអាយុ៥៨ឆ្នាំ។ចំណែកប្រពន្ធឈ្មោះសៀក កានអាយុ៦០ឆ្នាំរងរបួសធ្ងន់ត្រូវដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកមោងឬស្សី។ លោកអធិការស្រុកគាស់ក្រឡបានបញ្ជាក់ថាកន្លងមកបុរសជាប្តីនេះតែងតែផឹកស៊ីជាប្រចាំស្ទើរតែស្រវឹងខួបទៅហើយ។ នៅមុនពេលកើតហេតុជនរូបនេះស្ថិតក្នុងសភាពស្រវឹងជោកជាំទៅហើយដែលទំនងជាមានការឆ្គងពាក្យសម្តីបន្តិចបន្ទួចដែលធ្វើឳ្យបុរសរូបនេះទាញចានបាយគប់ទៅលើប្រពន្ធយ៉ាងពេញទំហឹងបណ្តាលឳ្យបែកក្បាលហូរឈាមជោកខ្លួន។ភ្លាមៗនោះដែរសមត្ថកិច្ចបាននាំខ្លួនជនបង្កទៅកាន់អធិការដ្ឋានដើម្បីធ្វើការតាមនីតិវិធី។ ប៉ុន្តែមិនអាចសួរនាំអ្វីបាននោះឡើយដោយសារតែសភាពស្រវឹងវាមានកម្រិតធ្ងន់ធ្ងរពេក។លុះដល់រសៀលថ្ងៃទី២៥ខែកុម្ភៈក្រោយជនសង្ស័យសារភាពរួចមកសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅស្នងការនិងទៅតុលាការចាត់ការតាមនីតិវិធី។រីឯប្រពន្ធបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកមោងឫស្សីដើម្បីសង្គ្រោះផងដែរ ៕

​ភ្លើង​ឆេះ​បំផ្លាញ​ចម្ការ​អំពៅ​អស់​ជាង​៤​ហិកតា​នៅ​ស្រុក​ពញាក្រែក​

(ត្បូងឃ្មុំ)៖អគ្គិភ័យបានឆាបឆេះបំផ្លាញចម្ការអំពៅមួយកន្លែងដែលគេដឹងជារបស់អភិបាលរងខេត្តត្បូងឃ្មុំម្នាក់យ៉ាងសន្ធោសន្ធៅ អស់ជាង៤ហិកតាត្រូវកម្លាំងសមត្ថកិច្ចជួយបាញ់ពន្លត់មិនឲ្យរីករាលដាលដល់ផ្ទះប្រជាពលរដ្ឋ។គ្រោះអគ្គិភ័យនេះបានកើតឡើងនៅភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំកាលពីព្រលប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ ប្រភពព័ត៌មានបានឱ្យដឹងថាអគ្គិភ័យមួយបានឆាបឆេះចម្ការអំពៅរបស់លោក ឡុង ធាម អភិបាលរងខេត្តត្បូងឃ្មុំ យ៉ាងសន្ធោសន្ធៅ ដោយតាមការសន្និដ្ឋានជាបឋមបំផ្លាញអស់ជាង៤ហិកតា។ប្រភពដដែលបានបន្តថាប្រតិបត្តិការពន្លត់គ្រោះអគ្គិភ័យខាងលើនេះ កម្លាំងនគរបាលបានប្រើប្រាស់ឡានទឹកចំនួន៥គ្រឿងមកពីបណ្តាស្រុកជុំវិញទាំង៥ដោយមានលទ្ធភាពគ្រប់គ្រងទាន់ពេលវេលាភ្លើងមិនអាចរីករាលដាលដល់លំនៅដ្ឋាន ប្រជាពលរដ្ឋនៅជាប់ទីតាំងចម្ការនោះឡើយ។ យ៉ាងណាក៏ដោយមិនទាន់មានប្រភពណាអាចបញ្ជាក់ពីមូលហេតុដែលនាំឲ្យគ្រោះអគ្គិភ័យនេះនៅឡើយទេដោយរង់ចាំការស្រាវជ្រាវនិងសួរនាំបន្តទៀត៕