បណ្តាញសង្គម

រន្ទះបាញ់​ឆក់យកជីវិតមនុស្ស​២​នាក់ និង​របួសធ្ងន់​៣​នាក់​នៅ​ស្រុក​បន្ទាយ​អំពិល​

ខេត្តឧត្តរមានជ័យ ៖ មនុស្ស២នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈ៣នាក់ផ្សេងទៀតរងរបួសធ្ងន់ដោយសារគ្រោះធម្មជាតិរន្ទះបាញ់ ខណៈដែលហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចវាលស្រែទ័ពសៀម ស្ថិតនៅខាងកើត ភូមិត្បែងចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល។ ជនរងគ្រោះ ទី១-ឈ្មោះ សុង ម៉ៅ ភេទប្រុស អាយុ៣២ ឆ្នាំ រស់នៅភូមិត្បែងចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល (ស្លាប់នឹងកន្លែង)។ ទី២-ឈ្មោះ ឈៀត ជួប ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្បែងចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល (ស្លាប់នឹងកន្លែង) ត្រូវជាកូន។ ទី៣-ឈ្មោះ សែ ឈៀត ភេទប្រុស អាយុ៤៧ ឆ្នាំ រស់នៅភូមិត្បែងចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល (រងរបួស) ត្រូវជាឪពុក។ ទី៤-ឈ្មោះ ឈៀត ណាន់ ភេទប្រុស អាយុ១៥ ឆ្នាំ រស់នៅភូមិត្បែងចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល (រងរបួស) ត្រូវជាកូន និងទី៥-ឈ្មោះ ម៉ោញ ម៉េត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិគោកឪឡោក ឃុំអំពិល ស្រុកបន្ទាយអំពិល (រងរបួស)។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះទៅភ្ជួរស្រែ ហើយមានភ្លៀងធ្លាក់ក៏នាំគ្នាទៅជ្រកក្រោមដើមឈើ ករណីនេះជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ ចំណែកសពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

នារី​វ័យក្មេង​ម្នាក់​ចង​.​ក​សម្លាប់ខ្លួន​នៅក្នុង​បន្ទប់​មិនដឹង​មូលហេតុ​

ភ្នំពេញៈកម្មការិនីរោងចក្រកាត់ដេរម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតយកខ្សែរពួចងកភ្ជាប់ទៅនឹងដែកដំបូលបន្ទប់ជួលសម្លាប់ខ្លួនដោយមិនទាន់ដឹងមូលហេតុ។ ករណីភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីល្ងាច ថ្ងៃទី១០ ខែឧសភាឆ្នាំ២០១៨ដែលស្ថិតនៅក្នុងបន្ទប់លេខ៨ ផ្លូវបេតុង ក្រុម០១ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ។ សពនារីអត្តឃាតមានឈ្មោះ នុត សុខុម អាយុ ២១ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិជើងខាល ឃុំមោងរាវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ បើតាមបងស្រីបង្កើតរបស់នារីនោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង ៤និង០០នាទីល្ងាច រូបគាត់បានចេញចេញពីធ្វើការរោងចក្រក្នុងគោលបំណងត្រឡប់មកផ្ទះជួល។ខណៈពេលមកដល់ផ្ទះជួលបន្ទប់ក៏ចាក់ខ្ទាស់ទ្វារនិងបន្ទប់ពីខាងក្នុង។ ភ្លាមៗនោះរូបគាត់បានស្រែកហៅប្អូនស្រីរបស់គាត់ឱ្យបើកទ្វារបន្ទប់តែគ្មានឃើញប្អូនស្រីរបស់គាត់បើកទ្វារបន្ទប់នោះទេ។ ក្រោយមករូបគាត់បានពឹងពាក់អ្នកជិតខាងឲ្យគាស់ទ្វារបន្ទប់ជួល ស្រាប់តែពេលនោះ ក៏បានប្រទះឃើញប្អូនស្រីរបស់គាត់បានចង.កសម្លាប់ខ្លួនបាត់ទៅហើយ។ ការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឱ្យដឹងថានារីធ្វើអត្តឃាតពិតជាស្លាប់ដោយសារតែការចងកសម្លាប់ដោយខ្លួនឯងពិតប្រាកដមែន។សពត្រូវសមត្ថកិច្ចប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

ផ្តល់​អំណោយ​មនុ​ស្សធ​ម៍​លើក​ទី​២ ជូន​ស្ត្រី​អភព្វ​សំរាល​បានកូន​ភ្លោះ​ស្រី​៣​នាក់ ត្រូវ​ស្វាមី​រត់ចោល​

ភ្នំពេញៈ នាល្ងាចថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៨ អនុសាខាកាកកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និង ជាប្រធាន អនុសាខាកាកកបាទក្រហមប្រចាំខណ្ឌ រួមទាំង សមាជិក សមាជិកា សង្កាត់ ភូមិ បាននាំ យកអំណោយមនុស្សធម៌របស់ អនុសាខាខណ្ឌ ជូនដល់ស្ត្រីមេម៉ាយម្នាក់ដែលឆ្លងទន្លេបានកូនស្រី៣នាក់ ដែលមានជីវភាពខ្វះខាតក្នុងគ្រួសារ រស់ក្នុងភូមិក្បាលទំនប់២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ។ ស្ត្រីដែលជួបជីវភាពខ្វះខាត ខាងលើមាន ឈ្មោះ ធន់ ដាណែត អាយុ ២៤ឆ្នាំ មុខរបរ អតីត ជាអ្នករត់តុ តាមភោជនីយដ្ឋាន នាពេលរាត្រី។ ស្ត្រីអភព្វដែលសំរាលបានកូន ភ្លោះ០៣នាក់នោះបានអោយដឹងថា ប្តី របស់នាង ជាជាងជួសជុលកំព្យូទ័រ អាយុ ២៧ឆ្នាំ បានរួមរស់នៅជាមួយនាងជិត ២ឆ្នាំ កន្លងទៅហើយ លុះពេលនាងមានផ្ទៃពោះ ៥ខែ គ្រូពេទ្យប្រាប់ថា នាងមានកូន ភ្លោះស្រី ០៣នាក់។ ក្រោយបានលឺថា ប្រពន្ធមានកូនរហូតដល់ទៅ ៣ បុរសជាប្តីមិនដឹងជាក្នុងចិត្តគិតអ្វី បានសម្រេចចាកចោលពីជីវិតប្រពន្ធ ទៅបាត់ស្រមោលសូន្យឈឹង ទាំងគ្មានក្តីនឹកស្រណោះអាលោះអាល័យអាសូរដល់ប្រពន្ធអ្វីបន្តិចសោះ ពិសេសគឺដំណក់ឈាមទាំង ៣គ្រាប់របស់គេនោះ។សូមរំលឹកថា កូនស្រីទាំង ៣នាក់ ដែលចាប់កំណើតក្នុងថ្ងៃតែមួយខាងលើ គឺកើតនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០១៨ វេលាម៉ោងជិត១២ រំលងអាធ្រាត្រ នៅក្នុងផ្ទះរបស់ស្ត្រីជាម្តាយតែម្តង។ ដែលពួកគេកើតមុន២០ថ្ងៃ តាមកាលកំណត់របស់ក្រុមគ្រូពេទ្យដែលបានបញ្ជាក់ប្រាប់។ ក្នុងនោះដែរ ទារិកាទាំង ៣នាក់ នោះមានឈ្មោះកូនស្រីបងឈ្មោះ ស្រី លាភ ទី២.ឈ្មោះ ស្រី មាន និងទី៣.ឈ្មោះ ស្រីហេង កូនស្រីទាំង៣នាក់មកដល់ពេលនេះមានអាយុ ៣ខែហើយ។ ក្នុងឱកាសខាងលើនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និង ជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌ បានធ្វើការ សំណេះសំណាលសួរសុខទុក្ខស្ត្រីមេម៉ាយខាងលើ និង បានធ្វើការផ្តែផ្តាំផ្ញើរដល់ស្ត្រីខាងលើ សូមកុំអោយនាងគិតច្រើន ត្រូវសម្រាកអោយបានច្រើន និង ហូបចុកអោយបានទៀងទាត់ ទើបមានសុខភាពល្អ អាចនៅមើលថែទាំដល់កូនស្រីទាំង ៣នាក់ បន្តទៅពេលខាងមុខទៀត។

ប្រជាពលរដ្ឋដែល​ធ្លាក់ខ្លួន​ឈឺ​​នៅ​ស្រុក​កែវ​សីមាមួយចំនួនបាន​ចាក​ចេញពី​មន្ទីរពេទ្យ​ហើយ​

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរខេត្តបានឲ្យដឹងថា នៅព្រលប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋចំនួន៨៤នាក់ ដែលធ្លាក់ខ្លួនឈឺជាបន្ដបន្ទាប់ ដោយសារជំងឺរាតត្បាតនៅស្រុកកែវសីមានោះ បានចាកចេញពីមន្ទីរពេទ្យទៅផ្ទះរៀងៗខ្លួនជិតអស់ហើយ ក្រោយសុខភាពវិលមកដូចដើមវិញ។ អាជ្ញាធរបញ្ជាក់ថា ប្រជាពលរដ្ឋដែលកំពុងបន្ដតាមដានសុខភាពនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល ខេត្តក្រចេះ មានតែប្រមាណ២០នាក់ទៀតតែប៉ុណ្ណោះ ហើយមិនយូរនោះទេ ពួកគាត់នឹងអាចចាកចេញពីមន្ទីរពេទ្យបានហើយ។ សូមរំលឹកថា ករណីនេះបានផ្ទុះឡើងនៅភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ដំបូងឡើយមានតែឲ្យមនុស្សប្រុសស្រី១៤នាក់ រងនូវអាការៈក្អូតចង្អោរ ប៉ុន្តែគិតត្រឹមម៉ោង១និង៣០នាទីថ្ងៃទី១០ ខែឧសភា បានកើនឡើងដល់ជាង៨០នាក់។ ជុំវិញករណីខាងលើនេះក្រសួងសុខាភិបាល នៅព្រលប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ក៏បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយដោយបញ្ជាក់ថា តាមរយៈការអង្កេតស្រាវជ្រាវ ក្រុមការងារបានឆ្លើយតបបន្ទាន់ គឺមានករណីអ្នកជំងឺមកពីភូមិខាងលើ បានសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកស្នូល នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ចំនួន២៦ករណី ហើយរាល់ករណីមកសម្រាកពេទ្យជាករណីសង្ស័យថា ជាជំងឺផ្តាសាយធំ និងមានសភាពស្រាល ដែលពួកគាត់បានចេញទៅ មូលដ្ឋានមួយចំនួនអស់ហើយ ក្រោយបានសម្រាកព្យាបាលចំនួន៣-៤ម៉ោងប៉ុណ្ណោះ»៕

ករណីពុលទឹកនៅខេត្តមណ្ឌលគិរី កើនឡើងដល់ជាង៣០នាក់ហើយ

(មណ្ឌលគិរី)៖ ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី ឡោ សុខា បានប្រាប់បណ្ដាញព័ត៌មានឲ្យដឹងនៅមុននេះបន្ដិច នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះថា ជនរងគ្រោះដែលពុលទឹកនៅស្រុកកែវសីមា បានកើនឡើងជាង៣០នាក់ហើយ។ សូមបញ្ជាក់ថា ករណីពុលទឹកនេះបានកើតឡើងនៅភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា ដែលបណ្ដាលឲ្យមនុស្សប្រុសស្រី១៤នាក់ រងនូវអាការៈក្អូតចង្អោរ នៅព្រឹកនេះកើនឡើងដល់ជាង៣០នាក់។ ភ្នាក់ងារ  ប្រចាំខេត្តមណ្ឌលគិរី ក៏បានរាយការណ៍មកថា សម្រាប់ប្រជាពលរដ្ឋរងគ្រោះទាំង១៤នាក់នោះ ក្រោយពីមានការជួយសង្គ្រោះ ពុំមានប៉ះពាល់ដល់អាយុជីវិតនោះទេ ហើយក្នុងនោះ មានប្រជាពលរដ្ឋចំនួន០៦នាក់ មានអាការៈធូរស្បើយហើយ អាចត្រឡប់ទៅគេហដ្ឋានវិញ។ នៅសល់០៨នាក់ទៀត កំពុងតែធ្វើការសង្គ្រោះបន្ទាន់នៅពេទ្យបង្អែកស្រុកស្នួល ខេត្តក្រចេះ។ សូមជម្រាបថា ករណីពុលទឹកនេះដែលនៅប៉ុន្មានថ្ងៃមុននេះ ក៏បានផ្ទុះឡើងផងដែរ នៅភូមិស្រែនន និងភូមិអាលច ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បណ្ដាលជនរងគ្រោះបានស្លាប់ចំនួន១៣នាក់ ក្នុងនោះមានស្រី៨នាក់ និងអ្នកធ្លាក់ខ្លួនឈឺមានចំនួន២៨០នាក់ ក្នុងនោះស្រី១៦២នាក់ និងកុមារ៦៩នាក់៕

សមត្ថកិច្ចឃាត់ខ្លួន​នេន​មួយអង្គ ករណី​លួច​ព្រះ​ពុទ្ធរូប​ស្ពាន់​ទម្ងន់​ជាង​៣០​គីឡូ​

ខេត្តរតនគិរី ៖ កូននេនមួយអង្គ ត្រូវបាននគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីលួចយកព្រះពុទ្ធរូប១អង្គនៅក្នុងបន្ទប់កុដិលោក កាលពីវេលាម៉ោង៦ និង១១នាទី ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិវើនសៃ ឃុំវើនសៃ ស្រុកវើនសៃ។ មន្ត្រីនគរបាលស្រុកវើនសៃបានឲ្យដឹងថា បានទទួលព័ត៌មានពីចៅអធិការវត្តបានរាយការណ៍ថា មានករណីចោរកម្មលួចព្រះពុទ្ធរូប១អង្គ នៅក្នុងបន្ទប់កុដិលោកភ្លាម កម្លាំងជំនាញអធិការនគរបាលស្រុកវើនសៃ បានចុះស្រាវជ្រាវភ្លាមៗ ក៏បានឃើញលោកនេន១អង្គ ឈ្មោះ ឡុង សុខន អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិតាលន់ ឃុំស្លាម៉ាត ស្រុកស្អាង ខេត្តកណ្តាល បានមកគង់នៅវត្តភូមិវើនសៃរយៈពេល២យប់មកហើយ បន្ទាប់មកសមត្ថកិច្ចមានការសង្ស័យក៏បានសួរនាំ ពេលនោះកូននេនោះបានសារភាពថា ខ្លួនបានលួចយកព្រះពុទ្ធរូប១អង្គធ្វើអំពីស្ពាន់ទម្ងន់ប្រហែល៣៦គីឡូក្រាម នៅកុដ្ឋិលោកចៅអធិការវត្ត រួចយកទៅលាក់ទុកនៅរោងទូក.ង មុខវត្តក្បែរមាត់ទន្លេពិតប្រាកដមែន។ មន្ត្រីនគរបាលបន្តថា បន្ទាប់ពីបានសាកសួររួចរាល់ហើយ ក៏បាននាំទៅយកព្រះពុទ្ធរូបមកវិញភ្លាមនោះដែរ កម្លាំងនគរបាលបានសហការជាមួយការិយាល័យធម្មាការស្រុក និងអនុគុណធ្វើការផ្សឹកភ្លាមៗ រួចក៏នាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបំពេញបែបបទតាមនីតិវិធីច្បាប់បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការបន្ត៕

​ភ្លៀង​និង​ខ្យល់​បណ្តាលឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​៧​ខ្នង​រង​ការខូចខាត​

កំពង់ស្ពឺៈរយៈពេលពីរថ្ងៃផ្ទះប្រជាពលរដ្ឋចំនួនប្រាំពីរខ្នងត្រូវរបើកដំបូលរងការខូចខាតធ្ងន់ធ្ងរ។គ្រោះធម្មជាតិនេះបានកើតឡើងនៅភូមិច្រកឬស្សីភូមអូរអង្គំឃុំអមលាំងស្រុកថ្ពងខេត្តកំពង់ស្ពឺកាលពីថ្ងៃទី៧និងទី៨ខែឧសភាឆ្នាំ២០១៨។ មន្ត្រីនគរបាលស្រុកថ្ពងបានឱ្យដឹងថាផ្ទះប្រជាពលរដ្ឋទាំងប្រាំពីរខ្នងដែលរងការខូចខាតដោយសារភ្លៀងខ្យល់កន្ត្រាក់នោះសង់ផ្ទាល់ដីចំនួន៥ខ្នងសងអំពីឈើប្រក់ស័ង្កសី។របើកដំបូលដែលមានម្ចាស់ឈ្មោះរុនសាវ៉េតភេទប្រុសអាយុ២៨ឆ្នាំ២ឈ្មោះទុយរីមភេទប្រុសអាយុ៣៤ឆ្នាំ៣ឈ្មោះសានសៅថេងភេទប្រុសអាយុ៣០ឆ្នាំ៤ឈ្មោះបារីមភេទស្រីអាយុ៦២ឆ្នាំ៥ឈ្មោះគងសំណាងភេទប្រុសអាយុ៣៨ឆ្នាំ។ ទាំងប្រាំគ្រួសាររស់នៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើ។ចំណែកផ្ទះប្រជាពលរដ្ឋពីខ្នងទៀតនៅចំណុចភូមិក្រាំងក្រូចឃុំតាំសំរោងស្រុកភ្នំស្រួច។ប្រភពបានបន្តថាផ្ទះពីខ្នងនេះមានម្ចាស់ឈ្មោះខាបអឿនភេទប្រុសអាយុ៥១ឆ្នាំនិងឈ្មោះគុយថុងភេទប្រុសអាយុ៥៦ឆ្នាំនាក់ទាំងពីរស់នៅភូមិក្រាំងក្រូចឃុំតាំងសំរោងស្រុកភ្នំស្រួច។ករណីខាងលើមិនបង្កអោយមានមនុស្សរងគ្រោះដោយសារភ្លៀងខ្យល់កន្ត្រាក់នោះទេ៕

ពលរដ្ឋ​ជាង​៤០​នាក់​នៅ​ស្រុក​ឆ្លូង ខេត្តក្រចេះ​ពុល​នំអន្សម​អាំង

ខេត្តក្រចេះ ៖ មានករណីពុលនំអន្សមអាំង ស្ថិតនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ សរុបជនរង គ្រោះចំនួន៤៤នាក់ ក្នុងនោះរងគ្រោះធ្ងន់ធ្ងរចំនួន២៨នាក់ ស្រី២៣នាក់ និងរងគ្រោះស្រាលចំនួន១៦នាក់ (ស្រី៨នាក់)។កាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨។ អភិបាលស្រុកឆ្លូង លោក ហេង សុខផា បានឲ្យដឹងថា ជនរងគ្រោះ មានអាការៈវិលមុខ រាគ ទន់ដៃទន់ជើង និងក្អួតចង្អោរ ក្រោយបរិភោគនំអន្សមនោះ។ លោកថា ដល់ល្ងាចថ្ងៃដដែល ជនរងគ្រោះភាគច្រើន បានធូរស្រាល ហើយបានវិលទៅលំនៅឋានវិញផងដែរ។ លោកបញ្ជាក់ថា ករណីនេះមិនមានប៉ះពាល់ដល់អាយុជីវិតពលរដ្ឋណាម្នាក់នោះទេ។ លោកអភិបាលស្រុកឆ្លូងបន្តថា មន្ត្រីមន្ទីរសុខាភិបាលខេត្តក្រចេះ បានយកសំណាកនំអន្សមនោះទៅធ្វើកោសល្យវិច័យតែនៅមិនទាន់បង្ហាញលទ្ធផលនៅឡើយទេ។ចំពោះនំអន្សមនោះ ជានំដែលអ្នកភូមិ វិចលក់តាមភូមិ៕

ស្លាប់​១១​នាក់ ខណៈ​១៥១​នាក់​ទៀត​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដោយសារ​ពុល​ទឹក​

ខេត្តក្រចេះ ៖ គិតត្រឹមវេលាម៉ោងជាង៨នាយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨នេះថា ជនរងគ្រោះដែលស្លាប់ដោយសារពុលទឹកនៅខេត្តក្រចេះ បានកើនដល់១១នាក់ហើយ ក្នុងនោះមានស្រីចំនួន៦នាក់ខណ:ជនរងគ្រោះចំនួន១៥១នាក់ទៀត ក្នុងនោះស្រី៧៥នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ នេះបើយោងតាមអភិបាលខេត្តក្រចេះ លោក វ៉ា ថន បានថ្លែងប្រាប់អ្នកសារព័ត៌មាន។ ជាមួយគ្នានេះ លោកអភិបាលខេត្ត រួមជាមួយស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ លន់ សុផាត ក៏ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពប្រជាពលរដ្ឋ ដែលកំពុងជម្លៀសចេញពីភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ទីដែលកើតហេតុផ្ទាល់ ដោយបាននាំទឹកស្អាត និងគ្រឿងបរិភោគដ៏ច្រើនផងដែរ សម្រាប់ចែកជូនប្រជាពលរដ្ឋប្រើប្រាស់។ លោកអភិបាលបញ្ជាក់ថា លោកអភិបាលខេត្តពន្យល់ថា ប្រជាពលរដ្ឋក្នុងភូមិកើតហេតុ គឺភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ភាគច្រើនផឹកទឹកអូរ លុះពេលមានភ្លៀងថ្នាំពុលបាញ់ស្មៅបានហូរចូលក្នុងទឹកប្រជាពលរដ្ឋប្រើប្រាស់នោះ ទើបបណ្តាលឲ្យពុលតែម្តង។ ទន្ទឹមនោះលោកអភិបាលខេត្ត បានចាត់ឲ្យកម្លាំងសមត្ថកិច្ចទាំង៣ស្ថាប័ន នៅប្រចាំការជាប់ ដើម្បីជួយអន្តរាគមន៍ដល់ជនរងគ្រោះ និងជួយដឹកមកកាន់មន្ទីរពេទ្យ នៅពេលមានជនរងគ្រោះផ្សេងទៀត។ សូមបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ មានករណីពុលទឹកមួយបានកើតឡើង ភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ដែលគេសង្ស័យថា ជាករណីពុលថ្នាំគីមី ហូរចូលទៅក្នុងទឹកព្រែក ដែលកសិករប្រើប្រាស់ដើម្បីការពារដំណាំ។ ករណីនេះដំបូងឡើយមានអ្នកស្លាប់តែ៥នាក់ប៉ុណ្ណោះ ប៉ុន្តែចំនួនអ្នកស្លាប់បានកើនឡើងជាបន្តបន្ទាប់៕

រន្ទះបាញ់​ធ្លាក់​ពីលើ​គោយន្ត ហើយ​ត្រូវ​គោយន្ត​កិន​ទៀត សំណាង​មិន​ស្លាប់​

ខេត្តបាត់ដំបង ៖ បុរសម្នាក់បានរងរបួសធ្ងន់ដោយសាររន្ទះបាញ់ធ្លាក់ពីលើគោយន្ត ហើយត្រូវគោយន្តកិនពីលើ ខណៈកំពុងបើកគោយន្តត្រឡប់មកផ្ទះមេឃកំពុងភ្លៀង ដែលហេតុការណ៍នេះកើតឡើងថ្ងៃ៧រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងទី ០៦ ខែ ឧសភា គ.ស ២០១៨ វេលាម៉ោង ១៥ និង១០ នាទីរសៀល នៅចំណុចវាលស្រែទួលរកា ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល។តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ម៉ៅ ម៉ារឌី ភេទប្រុស អាយុ៣១ ឆ្នាំ នៅភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ របួសត្រង់ដើមទ្រូង និងដៃទាំងសងខាង ( របួសធ្ងន់ )។ ប្រភពបញ្ជាក់ថា ក្រោយកើតហេតុលោក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោលបានដឹកនាំកម្លាំងស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ជ្រោយយករថយន្តសង្គ្រោះដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យបង្អែកស្រុកថ្មគោលដើម្បីសង្រ្គោះ៕

ផ្ទះមួយល្វែងត្រូវបានអគ្គិភ័យឆេះស្ទើរទាំងស្រុង នៅខណ្ឌចំការមន ទាំងកណ្តាលអាធ្រាត្រ

(ភ្នំពេញ)៖ នាម៉ោងជាង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានអគ្គិភ័យមួយបានកើតឡើង ដោយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយល្វែង ស្ទើរទាំងស្រុង។

មុនកើតហេតុគេបានឃើញ ផ្សែងលាយជាមួយអណ្តាតភ្លើង ចេញពីផ្ទះខាងលើ ភ្លាមនោះអ្នកបានឃើញហេតុការណ៍ បានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឲ្យជួយអន្តរាគមន៍ ហើយភ្លាមនោះអាជ្ញាធរមូលដ្ឋាន បានរាយការណ៍ទៅកម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយភ្លាមនោះកម្លាំងពន្លត់អគ្គិភ័យ បានចេញជួយអន្តរាគមន៍ តែទោះបីយ៉ាងអគ្គិភ័យបានឆេះលេបត្របាក់ផ្ទះខាងលើ ស្ទើរតែស្រុងទៅហើយ ដោយបានបំផ្លាញទ្រព្យសម្បត្តិជាច្រើនផងដែរ តែមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ។

ក្នុងប្រតិបត្តិការជួយពន្លត់ខាងលើ កម្លាំងអគ្គិភ័យបានប្រើប្រាស់រថយន្តចំនួន១៣គ្រឿង ក្នុងការជួយបាញ់ពន្លត់៕

គ្រោះធម្មជាតិរន្ទះបាញ់​ប្រល័យ​ជីវិត​មនុស្ស​ម្នាក់​ទៀតហើយ​នៅ​ក្រុង​សៀមរាប

ខេត្តសៀមរាប ៖ បុរសវ័យចំណាស់ម្នាក់ត្រូវរន្ទះបាញ់ស្លាប់នៅហ្នឹងកន្លែង ខណៈកំពុងឈរមើលត្រាក់ទ័រភ្ជួរស្រែនៅកណ្តាលវាល ដែលហេតុការណ៍កើតឡើងនៅវេលាម៉ោង១៦ និង៣០នាទីល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិបឹង សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប។ សមត្ថកិច្ចនគរបាលបានកញ្ជាក់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ុំ សាំ ភេទប្រុស អាយុ៥០ ឆាំ្នរស់នៅភូមិបឹង សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប មានមុខរបរធ្វើស្រែ។ សមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុជនរងគ្រោះកំពុងឈរមើលត្រាក់ទ័រភ្ជួរស្រែនៅកណ្តាលវាលហើយក៏ត្រូវរន្ទះបាញ់ស្លាប់តែម្តង។ សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅភូមិឃុំខាងលើ៕

ពលរដ្ឋ​ចាំមើល​ចំណាត់ការ​អាជ្ញាធរ​លើ​ការដ្ឋាន​មួយកន្លែង​កំពុង​ចាក់ និង​ឈូសឆាយដី​

ខេត្តព្រះសីហនុ ៖ ការដ្ឋានកំពុងចាក់និងឈូសឆាយដីមួយកន្លែង បើតាមប្រភពពីពលរដ្ឋរស់នៅក្បែរនោះថា អាចបង្កការលិចលង់ផ្ទះសំបែងដោយជំនន់ទឹកភ្លៀង ព្រោះខ្វះផ្លូវលូបង្ហូររំដោះទឹកចេញពីតំបន់នេះ ដែលស្ថិតនៅចំណុចអន្លង់ក្រពើ ភូមិ៣ សង្កាត់លេខ៣ ជាប់ចំណុចអតីតចំណតរថយន្តចាស់ (វិមានឯករាជ្យ) ក្រុង.ខេត្តព្រះសីហនុ។ ជាក់ស្ដែងនៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ ការដ្ឋានខាងលើនេះ បើតាមការឲ្យដឹងពីម្ចាស់ការដ្ឋានបានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា ដីរបស់គាត់មានឯកសារត្រឹមត្រូវ បើចង់ច្បាស់លាស់សូមទៅសួររកពីខេត្តចុះ។ លោក ជា វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងប្រាប់សារព័ត៌មាននៅល្ងាចថ្ងៃដដែលថា ចំពោះរឿងនេះគាត់ទទួលតួនាទីរុករកចំណុចអូ និងធ្វើការស្ដារឡើងវិញនៅកាកសំណល់ បញ្ចៀសការកកស្ទះ ព្រោះជារដូវវស្សាមកដល់ហើយ បើមានបញ្ហាដូច្នេះមែនលោកនឹងចាត់ក្រុមការងារខេត្តចុះទៅពិនិត្យមើល។ កន្លងមកលោកជា វិជ្ជាក់អភិបាលរងខេត្តព្រះសីហនុ បានបង្ហាញជំហរ យ៉ាងម៉ឺងម៉ាត់ថា ចាប់ពីថ្ងៃនេះទៅ រដ្ឋបាលខេត្តនឹងមិនបណ្តែតបណ្តោយឲ្យជនរំលោភចំណីអូរធ្វើអ្វីតាមតែអំពើចិត្តនោះទេ លោកនឹងចាត់វិធានការណ៍ក្តៅ ដោយអនុវត្តន៍ទៅតាមផ្លូវច្បាប់ អាចឈានទៅ កាយដីចេញវិញ ឬដកហូតទុកជាសម្បត្តិរដ្ឋ ដោយពុំមានការយោគយល់ទៀតទេ។ ព្រោះបើពុំដូចនោះទេ ក្រុងព្រះសីហនុ នូវរដូវវស្សាខាងមុខនេះ នឹងជួបបញ្ហាជាក់ជាពុំខានឡើយ។ ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុចាំមើលថា តើរដ្ឋបាលខេត្តព្រះសីហនុមានវិធានការយ៉ាងណាចំពោះការដ្ឋានខាងលើនេះ។ ចំពោះបញ្ហាប្រឈមក្នុងក្រុងព្រះសីហនុថ្មីៗនេះហាក់មានបញ្ហាជាច្រើន ដូចជាបញ្ហាសំរាមក្នុងអូ លូ ពិសេសការចាក់ដីរំលោភយកដីអូពីសំណាក់អ្នកមានលុយមានអំណាចនេះតែម្ដង ដែលបង្កឲ្យមានការលិចលង់ផ្ទះសំបែងរបស់ប្រជាពលរដ្ឋក្នុងព្រះសីហនុ។ កន្លងកន្លងមកមន្ត្រីអាជ្ញាធរក្រុង.ខេត្ត លោកបានខិតខំបញ្ចៀសរាល់បញ្ហាទាំងនេះជូនពលរដ្ឋណាស់ ប៉ុន្តែនៅតែមានការរំលោភបំពានពីសំណាក់អ្នកលុយមានអំណាចសឹងតែរាល់ថ្ងៃ៕

ចាក់​សាំង​ដុត​សម្លាប់ខ្លួន ឆេះ​ទាំង​ផ្ទះ ​បន្ទាប់ពី​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​

ខេត្តបាត់ដំបង ៖ បុរសម្នាក់បានស្លាប់យ៉ាងវេទនានៅក្នុងអណ្តាតភ្លើង បន្ទាប់ពីផឹកស៊ីស្រវឹង ហើយបាន ឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ រួចហើយក៏បានយកសាំងចាក់លើខ្លួនប្រាណ ព្រមទាំងបានដុតសម្លាប់ខ្លួន ឆេះទាំងផ្ទះទាំស្រុងតែម្តង។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨ និង១០ នាទីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិបាយដំរាំ ឃុំឈើទាលស្រុកបាណន់ ខេត្តបាត់ដំបង។ បុរសជាប្តីដែលស្លាប់ឈ្មោះ ភ្លឿន ទិត្យ អាយុ៣៨ឆ្នាំ ហើយតូបលក់ឥវ៉ាន់ដែលឆេះអស់ទាំងស្រុងមាន ទំហំ៤ម៉ែត្រគូន៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី និងជញ្ជាំងស័ង្កសី ដោយ ឡែកទ្រព្យសម្បត្តិក៏ត្រូវឆេះទាំងស្រុងដែរដោយគ្មានបានយកចេញ ទាន់ឡើយ រីឯប្រពន្ធមានតែការទួញសោកតែប៉ុណ្ណោះ។ ប្រភពដដែលបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឮមានការឈ្លោះប្រកែកគ្នារវាងប្តី ប្រពន្ធនៅត្រង់ចំណុចតូបលក់ចាប់ហ៊ួយខាងលើ ដោយបុរសជា ប្តីមានការស្រវឹងជោកជាំផង។ ប្រភពបន្តថា ការឈ្លោះប្រកែកគ្នានេះបានបង្កទៅជាធំឡើងៗ ទើបឈានដល់ការយកដបសាំងដែលដាក់ លក់នៅខាងមុខផ្ទះ មកគម្រាមដុតសម្លាប់ខ្លួន បើទោះបីជាមានការអន្តរាគមន៍ពីប្រជាពលរដ្ឋ នៅជិតខាងក៏ដោយ ក៏បុរសរូប នេះមិនស្តាប់ដែរ ព្រមទាំងបានគម្រាមចាក់សាំងដុតជាមួយគ្នាបើ មាននរណាម្នាក់ចូលទៅក្នុងផ្ទះនេះ។ រំពេចដោយគ្មានអ្នកណាហ៊ានចូលជួយ ឡើយរហូតរាងកាយឆេះខ្លោចទាំងស្រុង ព្រមទាំងស្លាប់នៅក្នុង អណ្តាតភ្លើងនោះតែម្តង បើទោះបីជាមានការអន្តរាគមន៍ពីសំណាក់រថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាន នគរបាលខេត្ត ក៏ដោយ ក៏មិនអាចទៅដល់ទាន់សភាពការណ៍ដែរ៕

រថយន្ត​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម​

កណ្ដាលៈគ្រោះថ្នាក់ចរាចរមួយរវាងរថយន្តបើកបុកជាមួយអ្នកជិះម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម។ហេតុការណ៍បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូមែត្រលេខ៣៥-៣៦ ស្ថិតក្នុងភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូលខេត្តកណ្តាលកាលពីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ។ មន្ត្រីនគរបាលបានឱ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ ឯល ធន់ ភេទប្រុស អាយុ៦១ឆ្នាំ មានទីលំនៅភូមិ ព្រែកផ្លៅ ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ជិះម៉ូតូម៉ាកសង់កូរ៉េ ធុន១០០ ពណ៌ក្រហម ពាក់ស្លាកលេខ ពោធិសាត់1C-3276 ។ ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ធុនធំ ប្រភេទរថយន្តក្រុងដឹកអ្នកដំណើរ ពណ៌ស +ខៀវ ពាក់ស្លាកលេខភ្នំពេញ3A2096 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណដោយក្រោយកើតហេតុរត់គេចខ្លួនបាត់។ ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះខាងលើជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៦ ។លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែជនរងគ្រោះបានបត់ឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិចដោយមិនមើលឆ្វេងមើលស្ដាំនោះទេ ខណៈនោះក៏មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ធុនធំ បើកដោយល្បឿនលឿន ក៏ឈប់មិនទាន់ជាន់ហ្វ្រាំងមិនជាប់បានជ្រុលទៅបុកជនរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ សាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។មធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

បុរស​ជា​កម្មករសំណង់​ម្នាក់ មិន​ស្រួល​សំងំ​ដេក ហើយ​បាន​ខ្យល់គ​ស្លាប់​

ភ្នំពេញ: បុរសជាកម្មករសំណង់ម្នាក់ ខណៈដែលមិនស្រួលខ្លួន មិនបានធ្វើការងារ សុខចិត្តនៅសំងំដេកពេញមួយថ្ងៃ បែរជាប្រះឃើញស្លាប់ទៅវិញដោយសារខ្យល់គ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅរោងកម្មករ ការដ្ឋានសំណង់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ សពជនរងគ្រោះ ឈ្មោះ កែម សឿន ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅក្នុងរោង ការដ្ឋានសំណង់ មានស្រុកកំណើត ភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិសាត់ ។ តាមសម្តីកម្មករស្នាក់នៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះ បានត្អួញប្រាប់គេឯងដែរថា មិនស្រួលខ្លួន ហើយតាំងពីព្រឹកមកម្លេះជនរងគ្រោះមិនបានធ្វើការងារឡើយ នៅសំងំដេកក្នុងរោង រីឯកម្មករផ្សេងទៀតជាប់រវល់តែការងាររៀងខ្លួន រហូតដល់វេលាម៉ោង២រសៀលថ្ងៃដដែលនេះ ជនរងគ្រោះបានក្រោក ងូតទឹកម្តងហើយ តែមិនបានហូបបាយទេ ក៏ចូលទៅដេកសម្រាកវិញ លុះរហូតដល់ព្រលប់ទៅហើយ នៅតែមិនឃើញជនរងគ្រោះ ងើបចេញមកសោះ ទើបនាំគ្នាទៅមើលបែប្រទះឃើញដេកស្លាប់ទៅវិញ។ ក្រោយពីប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងរោង រាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យមើលជាក់ស្តែងតែម្តង។ សាកសពក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យកោសល្យពិច័យរួចឃើញថា ពិតជាស្លាប់ដោយសារជំងឺខ្យល់គ រួចទំនាក់ទំនងទៅក្រុមគ្រួសារ មកដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

រយៈពេល​៤​ខែ​ឆ្នាំ​២០១៨ បង្ក្រាប​គ្រឿងញៀន​២,៤៤៣​ករណី ឃាត់ខ្លួន​៤,៨៤៥​នាក់​

រាជធានីភ្នំពេញ ៖ នៅរយៈពេល៤ខែ ចាប់ពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ចនៅទូទាំងប្រទេស បង្ក្រាបបាន២,៤៤៣ករណី ឃាត់ខ្លួន៤,៨៤៥ករណី (ស្ត្រី៤១៩នាក់) ក្នុងនោះករណីជួញដូរ ១,៥៤៧ករណី ឃាត់ខ្លួន២,៨៤៤នាក់ និងករណីប្រើប្រាស់ ៨៩៦ករណី ឃាត់ខ្លួន២,០០១នាក់។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផល នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់។ របាយការណ៍បញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបពេញ៤ខែនេះ សមត្ថកិច្ចបានចាប់យកសារធាតុញៀនគ្រប់ប្រភេទជាង៩៣គីឡូក្រាម និង៦៨៤កញ្ចប់ និងកញ្ឆាក្រៀមជិត២៣គីឡូក្រាម និង១២២,៦៩៤ដើម ដកហូតរថយន្ត២៣គ្រឿង ម៉ូតូ៦២៦គ្រឿង ទូរស័ព្ទដៃ១,៥១១គ្រឿង, អាវុធខ្លី៧ដើម និងអាវុធវែង៦ដើម៕

បើក​ម៉ូតូ​លឿន​ទាក់​ដៃចង្កូត​គ្នា​ដួល​បោក​ក្បាល​ស្លាប់​ម្នាក់​

ភ្នំពេញៈបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារបើកម៉ូតូលឿនទាក់ដៃចង្កូតគ្នាបណ្តាលឲ្យដួលបោកក្បាលទៅនឹងថ្នល់។ ចំណែកភាគីម្ខាងទៀតលើកម៉ូតូគេចខ្លួនបាត់ ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៩យប់ថ្ងៃទី២៩ខែមេសាចំណុចអតីតកន្លែងជញ្ជីងថ្លឹងរថយន្ត តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1E 3644 ។ បុរសជាសន្តិសុខម្នាក់ដែលបានឃើញហេតុការណ៍នេះបានឲ្យដឹងថាដំបូងជនរងគ្រោះបានជិះម៉ូតូម្នាក់ឯងក្នុងល្បឿនលឿនតាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច។ពេលដល់ចំណុចកើត ហេតុ បានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត ដួលទាំងពីរនាក់តែម្តង។ជនរងគ្រោះមិនបានពាក់មួកសុវត្ថិភាពទេក៏បានរងរបួសធ្ងន់ហូរឈាមដាបខ្លួន។ប្រជាពលរដ្ឋបានទំនាក់ទំនងទៅរថយន្តសាមុយឲ្យជួយសង្គ្រោះតែជាអកុសលគាត់បានដាច់ខ្យល់ស្លាប់។ចំណែកភាគីម្ខាងទៀតរបួសស្រាលក៏លើកម៉ូតូគេច ខ្លួនបាត់ ។ ក្រោយកើតហេតុសមត្ថកិច្ចបានមកធ្វើការវាស់វែងនៅនឹងកន្លែងកើតហេតុ ៕

​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​២៩​ខែមេសា​ស្លាប់​៨​នាក់​របួស​១៩​នាក់​

ពេញៈតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឱ្យដឹងថាកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៦លើក។ក្នុងនោះ បណ្ដាលឱ្យមនុស្សស្លាប់៨នាក់ និងរបួសធ្ងន់ស្រាល១៩នាក់។ របាយការណ៍ដដែលបានបញ្ជាក់ឱ្យដឹងទៀតថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១១គ្រឿង រថយន្តតូច១១គ្រឿង រថយន្ដធុនធំ៤គ្រឿង និងថ្មើជើង៤នាក់។ មូលហេតុដែលបណ្ដាលឱ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានមិនគោរពសិទ្ធិ-ល្មើសល្បឿន-មិនប្រកាន់ស្ដាំ-ប្រជែង-និងស្រវឹង។ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរយៈពេល២៩ថ្ងៃ ខែមេសា ឆ្នាំ២០១៨នេះ មានចំនួន៣១២លើក បណ្ដាលឲ្យមនុស្សស្លាប់១៧៤នាក់ របួសធ្ងន់ចំនួន២៩៥នាក់ និងរបួសស្រាលចំនួន១៧៦នាក់៕

ផ្ទះល្វែង​៥​ខ្នង​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​ដោយ​ទុស្សេ​ចរន្តអគ្គិសនី​ស្លាប់​មនុស្ស​ស្រី​ម្នាក់​

បាត់ដំបងៈកាលពីម៉ោង១១យប់ថ្ងៃទី២៩ខែមេសាឆ្នាំ២០១៨នៅចំណុចខាងត្បូងផ្សាថ្មី(ផ្សារ១៣មករា)ស្ថិតក្នុងភូមិ១៣មករាសង្កាត់ព្រែកព្រះស្តេចក្តុងបាត់ដំបងមានអគ្គិភ័យឆាបឆេះផ្ទះទាំងស្រុងចំនួន៥ខ្នងនិង២ខ្នងទៀតឆេះខ្លោចជញ្ជាំងនិងស្លាប់ស្ត្រីចំណាស់ម្នាក់ដោយជាប់សោចេញមិនរួចព្រមទាំងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំប្រើប្រាស់រថយន្តរបស់អង្គភាពអគ្គិភ័យចំនួនបីគ្រឿងអស់ទឹក១២ឡានទើបរលត់ទាំងស្រុងនៅរំលងអាធ្រាត្រ។ វត្តមានក្នុងយប់នោះមានលោកអភិបាលក្រុងអភិបាលរងក្រុងអធិការអធិការរងប៉ូលិសប៉ុស្តិ៍មន្ត្រីប៉េអឹមក្រុងនិងប្រជាពលរដ្ឋជាច្រើននាក់ជួយអន្តរាគមន៍ពន្លត់ជាច្រើននាក់។ចំណែកលោកគឹម ប៊ុនធឿននាយការិយាល៏យបង្ការនិងពន្លត់អគ្គភ័យខេត្តបានប្រាប់ថាកម្លាំជំនាញបានចេញរថយន្តចំនួនបីគ្រឿងប្រើប្រាស់ទឹកអស់១២រថយន្តទើបភ្លើងរលត់ទៅវិញនៅរំលងអាធ្រាត្រចូលថ្ងៃទី៣០ខែមរសា។ ចំពោះមូលហេតុមកពីឆ្លងចរន្តអគ្គិសនីចេញពីផ្ទះលេខ៤៧៤ដែលម្ចាស់មិននៅចាក់សោចោលបណ្តាលឲ្យស្លាប់ស្ត្រីម្នាក់ឈ្មោះគឹមស៊ាងអាយុ៦៦ឆ្នាំផ្ទះលេខ៤៧៦នៅម្នាក់ឯងប្តីរវល់ទៅភ្នំពេញនិងខូចខាតទ្រព្យសម្បត្តិជាច្រើនមិនទាន់ដឹងចំនួន៕

នគរបាល​គ្រឿងញៀន​ខេត្តសៀមរាប បញ្ជូន​ខ្លួន​យុវជន​ចំនួន​០៦​នាក់ ទៅ​តុលាការ​

សៀមរាប: យុវជនចំនួន៦នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពួក និងស្រុកសូទ្រនិគម បានធ្វើការឃាត់ខ្លួនក្នុងការបង្ក្រាបករណីចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិទឹកថ្លា ឃុំខ្នាតនិងភូមិបន្ទាយស្រី ឃុំដំដែក។ ប្រតិបត្តការបង្ក្រាបករណីចាត់ចែងឲ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀននេះ បានធ្វើឡើងកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨កន្លងទៅនេះ ស្ថិតនៅភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក និងភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សមត្ថកិច្ចនគរបាលគ្រឿងញៀនខេត្តសៀមរាប បាននិយាយថា ក្នុងករណីបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចយើង បានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ និងដកហូតបានវត្ថុតាងមួយចំនួន។ សមត្ថកិច្ចបានបន្តថា ជនសង្ស័យទាំង៦នាក់ ដែលត្រូវបានឃាត់ខ្លួនគឺមានទី១.ឈ្មោះ ពេជ្រ សុភ័ក្ត ភេទប្រុស ឆ្នាំកំណើត១៩៩៥ មុខរបរគ្មាន ទីលំនៅភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប, ទី២. ឈ្មោះ ឆាយ មករា ហៅក្តិប ភេទប្រុស ឆ្នាំកំណើត ២០០១ មុខរបរគ្មាន ទីលំនៅភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប, ទី៣ ឈ្មោះ ឡូ លីន ភេទប្រុស ឆ្នាំកំណើត២០០០ មុខរបរគ្មាន ទីលំនៅភូមិជ្រេស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប, ទី៤ ឈ្មោះ សាំង កុសល្យ ភេទប្រុស ឆ្នាំកំណើត១៩៩៤ មុខរបរគ្មាន ទីលំនៅភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប, ទី៥ ឈ្មោះ ថោង រក្សា ភេទប្រុស ឆ្នាំកំណើត២០០២ មុខរបរគ្មាន ទីលំនៅភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប, និងទី៦ ឈ្មោះ ឆេង កក្កដា ភេទប្រុស ឆ្នាំកំណើត២០០២ មុខរបរគ្មាន ទីលំនៅភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ជនសង្ស័យទាំង៦នាក់ត្រូវបានសមត្ថកិច្ចនគរបាលគ្រឿងញៀន កសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីធ្វើការចោទប្រកាន់តាមផ្លូវច្បាប់៕