បណ្តាញសង្គម

Neymar ស៊ុត​១​គ្រាប់​នាំ​ PSG ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​ French League Cup

Paris St-Germain បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ French League Cup ក្រោយយកឈ្នះ Amiens ២ទល់០ កាលពីយប់មិញ។ការប្រកួតនៅកីឡដ្ឋាន Stade de la Licorne ក្រុម Amiens ដែលឈរចំណាត់ថ្នាក់លេខ១៣នៅលីគបើទោះជាលេងក្នុងទឹកដីរបស់ខ្លួនមែនពិត តែមិនមានឱកាសវាយសម្រុកលើក្រុមភ្ញៀវប៉ុន្មានទេ ផ្ទុយទៅវិញពួកគេព្យាយាមលេងរបៀបការពារច្រើន។

នៅនាទី៣៤ Amiens ត្រូវបាត់បង់អ្នកចាំទី Regis Gurtner ដោយសារយកជើងទៅឈូសខ្សែប្រយុទ្ធ Kylian Mbappe ឲ្យដួលនៅក្រៅប្រអប់ ធ្វើឲ្យក្រុមទាំងមូលត្រូវលេង១០ទល់១១ នៅ៥៦នាទីចុងក្រោយ។ គ្រាប់បាល់ទី១ប្រកួតយប់មិញកើតឡើងនាទី៥៣ជាការទាត់ប៉េណាល់ទីរបស់ Neymar។

ដោយឡែកមួយគ្រាប់ទៀតគឺស៊ុតបញ្ចូលទីដោយខ្សែបម្រើ Adrien Rabiot នៅនាទី៧៨។ មែនទែនទៅបាល់នោះគឺបោកនឹងបង្គោលទីហើយធ្លាក់មកអ្នកចាំទីចាប់បានប៉ុន្តែអាជ្ញាកណ្ដាលមើលឃើញថាវាឆ្លងផុតខ្សែបន្ទាត់ទើបសម្រេចឲ្យពិន្ទុទៅ PSG។

គូផ្សេងទៀត Rennes យកឈ្នះ Toulouse ៤-២ និង Angers ចាញ់ Montpellier ០-១ ហើយមួយគូដែលលេងរួចកាលពីថ្ងៃអង្គារនោះគឺ Nice ចាញ់ Monaco ១-២ ដូច្នេះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគឺ Rennes ប៉ះ Paris St-Germain ហើយ Monaco ប៉ះ Montpellier៕