បណ្តាញសង្គម

រ៉ូ​ណា​ល់​ដូ ខ្ចី​ទូរស័ព្ទ​គ្រូពេទ្យ​ដើម្បី​ឆ្លុះ​មើលមុខ​របួស​នៅលើ​ទីលាន​

ខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ គ្រីស្ទាណូ រ៉ូណាល់ដូ បានបំបែកភាពខ្សត់គ្រាប់បាល់របស់គាត់កាលពីថ្ងៃអាទិត្យទី២១មករា ប៉ុន្តែមិនមែនគ្រាប់បាល់របស់គាត់ទេ ដែលល្បីលើសារព័ត៌មាន។ ដោយកំពុងដើរចេញពីទីលានទាំងមានរបួស រ៉ូណាល់ដូបានខ្ចីកាមេរ៉ាទូរស័ព្ទពីគ្រូពេទ្យដើម្បីពិនិត្យមើលមុខរបស់គាត់នៅក្នុង “កញ្ចក់”។ ខណៈអ្នកអត្ថាធិប្បាយនាំគ្នាសើច ដោយប្រកាសថា ពួកគេបាន “មើលឃើញអ្វីៗគ្រប់យ៉ាងឥឡូវនេះអស់ហើយ” រ៉ូណាល់ដូ គ្រវីក្បាលទាំងមិនសប្បាយចិត្ត។ សារព័ត៌មានកីឡារបស់រ៉យទ័របានសរសេរក្រោយពីការប្រកួតថា “រ៉ូណាល់ដូ បាននាំយកការងប់ងុលនឹងមុខមាត់របស់គាត់ទៅដល់កម្រិតថ្មីមួយ”។ វេបសាយកីឡា Benchwarmers សរសេរថា “វាជាពេលវេលាអស្ចារ្យបំផុតរបស់រ៉ូណាល់ដូ ពិតជាមិនគួរឱ្យជឿ”។ អ្នកអត្ថាធិប្បាយកីឡារបស់ទូរទស្សន៍ប៊ីប៊ីស៊ីនិយាយថា “រ៉ូណាល់ដូ សម្លឹងមើលមុខខ្លួនឯងនៅក្នុងកញ្ចក់ សូម្បីគាត់កំពុងនៅលើទីលាន”។ ទោះបីជាមានការចម្អកលេងយ៉ាងខ្លាំងនៅលើបណ្តាញសង្គមក៏ដោយ ក៏ប៉ុន្តែរបួសរបស់រ៉ូណាល់ដូ ដែលបណ្តាលមកពីការធាក់របស់កីឡាករ ហ្វាបៀន សា របស់ Deportivo La Coruna ត្រូវបានចាត់ទុកថាធ្ងន់ធ្ងរល្មម បញ្ឈប់គាត់មិនឱ្យលេងបន្តទៀតទេ៕