បណ្តាញសង្គម

លោក សំ វ៉ាន់​ដេ​ត មាន​គម្រោង​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ឲ្យ​ក្លឹប​នៅក្រៅ​ប្រទេស​

បាល់ទាត់ ៖ អតីតគ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង លោក សំ វ៉ាន់ដេត បាននឹងកំពុងទាក់ទងក្លឹបធំៗមួយចំនួន នៅប្រទេសថៃ និងម៉ាឡេស៊ី ដើម្បីធ្វើការងារលក្ខណៈស្ម័គ្រចិត្ត ព្រោះលោកចង់ទទួលបានបទពិសោធថ្មីៗ សម្រាប់ពង្រីកចំណេះដឹងក្នុងការដឹកនាំក្រុមបាល់ទាត់របស់ខ្លួនបន្ទាប់គម្រោងទៅរៀនយកសញ្ញាបត្រកម្រិត A-License បានស្ងប់ស្ងាត់ទៅវិញនោះ។ លោក សំ វ៉ាន់ដេត បានថ្លែងបញ្ជាក់ថា ទាក់ទងនឹងគម្រោងទៅរៀន License A នៅបរទេស គឺមានបញ្ហាជាច្រើន ដែលជាឧបសគ្គរបស់លោក ទី១ គឺបញ្ហាថវិកា ដែលលោកត្រូវចំណាយច្រើន ហើយទី២ គឺបញ្ហាភាសា ដែលធ្វើឲ្យលោកពិបាក ។ដូច្នេះលោកបានបង្វែរឱកាសទំនេរពីការដឹកនាំក្រុមបាល់ទាត់នេះ រង់ចាំឱកាសល្អមួយ ដែលមានវគ្គបណ្ដុះបណ្ដាលក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីបន្ដការសិក្សានាពេលក្រោយ ។ បន្ថែមលើនេះលោកក៏បានបង្ហើបពីគម្រោងទៅធ្វើការងារបណ្ដោះអាសន្នជាមួយក្លឹបនៅថៃ និងម៉ាឡេស៊ីតែម្ដង ។បច្ចុប្បន្នលោកកំពុងព្យាយាមទាក់ទងក្លឹបនៅថៃមាន Maungthong United និង Buriram និងក្លឹបនៅម៉ាឡេស៊ី ដូចជាក្លឹប Johor ជាដើម ដើម្បីបានសិក្សាខ្លីៗនៅទីនោះ ដោយយើងចូលរួមលក្ខណៈ Volunteer(ស្ម័គ្រចិត្ត) ដើម្បីចង់ដឹងពីក្លឹបគេ ការរៀបចំរបស់គេសម្រាប់ការប្រកួតនីមួយៗ» ៕