បណ្តាញសង្គម

ជប៉ុន​បណ្តេញ​លោក Vahid Halihodzic ចេញពី​តំណែង​គ្រូបង្វឹក​ជម្រើសជាតិ

បាល់ទាត់ ៖ លោក Vahid Halihodzic ត្រូវបានបណ្ដេញចេញពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុនពីរខែប៉ុណ្ណោះមុន World Cup 2018 នៅរុស្ស៊ីមកដល់។ នេះបើតាមសេចក្ដីប្រកាសរបស់សហព័ន្ធបាល់ទាត់ជប៉ុន JFA កាលពីព្រឹកថ្ងៃចន្ទម្សិលមិញនេះ។ ប្រធាន JFA លោក Kozo Tashima ថា អ្នកជំនួសតំណែងគ្រូបង្វឹកសញ្ជាតិបូស្នៀរូបនេះ នឹងត្រូវប្រកាសឆាប់ៗនេះ។ លោកបន្តថា អ្នកមកជំនួសតំណែងលោក Halihodzic នឹងមានពេលវាលាខ្លីមួយក្នុងការរៀបចំក្រុមទៅ World Cup ដែលជប៉ុនត្រូវបានចាប់ឆ្នោតចូលក្នុងពូល H ជាមួយកូឡុំប៊ី ប៉ូឡូញ និងសេណេហ្កាល់។ ជប៉ុនមានកាលវិភាគប្រកួតមិត្តភាពបីប្រកួតមុន World Cup ដែលនឹងត្រូវជួបកូឡុំប៊ីមុនគេនៅថ្ងៃទី១៩ ខែមិថុនា។ សូមរំលឹកថា លោក Vahid Halihodzic បានចូលកាន់តំណែងគ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន នៅខែមិនាឆ្នាំ ២០១៥ ដោយដឹកនាំក្រុមឆ្លងផុតវគ្គជម្រុះមកលេង World Cup 6លើកជាប់គ្នា ក្រោយបញ្ចប់លេខ១ ក្នុងពូលនៅលើក អារ៉ាប៊ីសាអ៊ូឌីត និងអូស្ត្រាលី។ យ៉ាងណាក៏ដោយសម្ពាធបានធ្លាក់មកលើគ្រូបង្វឹកវ័យ៦៥ឆ្នាំរូបនេះក្រោយលេងមិត្តភាពស្មើជាមួយម៉ាលី និងចាញ់អ៊ុយក្រែនលក្ខណៈមិត្តភាពខែមុន៕