បណ្តាញសង្គម

ពិធីបិទវគ្គប្រកួតបាល់ទាត់ ជើងឯកសាកកវិទ្យាល័យមាជ័យ ឆ្នាំ២០១៨

បន្ទាយមានជ័យ ៖ ដើម្បីជាការរួមចំណែកលើកស្ទួយវិស័យកីឡា ក៏ដូចលេងកីឡាដើម្បីទទួលបានសុខភាពល្អ សាកលវិទ្យាល័យមានជ័យ បានរៀបចំបិទការប្រកួត ពាន់រង្វាន់ជើងឯកសាកលវិទ្យាល័យមានជ័យ ឆ្នាំ២០១៨ ក្នុងការចំរាញយកជើងឯកប្រចាំសាលា នឹងជ្រើសរើសកីឡាករ បន្តទៅប្រកួតនៅរាជធានីភ្នំពេញ។ ដែលកម្មពិធីបិទនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សួន បវរ អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ និងជាក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យមានជ័យ ។ ការប្រកួតនេះបានចាប់ផ្តើមតាំងពីថ្ងៃទី ២៧ ខែឧសភា ដល់ថ្ងៃទី១០ ខែមិថុនា ២០១៨ ដោយប្រកួតមានលក្ខណវិលជុំមាន ១០ប្រកួត ។

ឯកឧត្តម សំ ង៉ា សាកលវិទ្យាធិកាសាកលវិទ្យាល័យមានជ័យ មានប្រសាសន៍លើកឡើងឲ្យដឹងថា តាមរយៈកាលប្រកួតដោយការខិតខំប្រឹងប្រែង គោរពវិន័យយ៉ាងម៉ឹងម៉ាត់ ក្នុងរយៈពេល ១៤ថ្ងៃរួចមក ក្រុមកីឡាករដែលចូលរួមប្រកួតមាន ៥ក្រុម ៖ ទី១ មហាវិទ្យាល័យ គ្រប់គ្រង់ពាណិជ្ជកម្ម និងទេសចរណ៍ ។ ២ មហាវិទ្យាល័យ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។ ៣ ដេប៉ាតេម៉ង់ គ្រឿងយន្តកសិកម្ម ។៤ មហាវិទ្យាល័យ កសិម្ម និងកែច្នៃអាហារ ។ ៥ មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្រ្ត និងភាសា ។ ឯកឧត្តមបន្តថា សម្រាប់កីឡាករដែលទទួលបានជ័យលាភី ក្នុងការប្រកួត និងត្រូវជ្រើសរើស ទៅបន្តការប្រកួតសិស្ស និស្សិត ឧត្តមសិក្សាបច្ចេកទេស ដែលរៀបចំឡើងដោយក្រសួងអប់រំយុវជន និងកីឡា ដែលនឹងចាប់ផ្តើមនាដើមខែសីហា ខាងមុខ នៅរាជាធានីភ្នំពេញ ។ សាកលវិទ្យាធិការ បានបញ្ជាក់ថា សាកលវិទ្យាល័យមានជ័យ តែងតែមានការរៀបចំឲ្យមានការប្រកួត ជារៀងរាលឆ្នាំ ដោយមានគោលបំណង ៖

~លើកកម្ពស់ ផ្តលឱកាស បណ្តុះបណ្តាលអប់រំកាយកីឡា ដល់និស្សិតនៅក្នុងសាកលវិទ្យាល័យ ។

~ចូលរួមលើកកម្ពស់វិស័យកីឡា ឲ្យកាន់តែមានភាពរីកចម្រើន។

~លេងកីឡា ដើម្បីទទួលបានសុខភាពល្អ និងជៀសឆ្ងាយពីគ្រឿងញៀន

~ បង្កើមានភាពស្និទ្ធសាល រវាងនិស្សិតក្នុងមហាវិទ្យាល័យនីមួយៗ ឲ្យចេះសាមគ្គីភាពគ្នាល្អ ។

មានប្រសាសន៍បិទការប្រកួត ឯកឧត្តម សួន បវរ បានថ្លែងការកោតសរសើ ដល់ក្រុមកីឡាករ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងចិត្ត ក្នុងការប្រកួតយ៉ាងស្វិតស្វាញ ដោយគោរពតាមវិន័យខ្ពស់ ។ ឯកឧត្តមបន្តថា វិស័យអបរំ ក៏ដូចជាវិស័យកីឡាត្រូវបានបាត់ក្នុងសម័យ ១៩៧៥~១៩៧៩ ដែលជាសម័យដ៏ខ្មៅងងឹត ពិសេសយុវជនដែលស្ថិតក្នុងវ័យសិក្សា ត្រូវក្លាយជាកងកុមារ កងចល័ត ពង្រាត់ពីឪពុកម្តាយ រស់នៅជាក្រុម ធ្វើការទាំងយប់ទាងថ្ងៃ គ្មានឱកាសជួបជុំក្រុមគ្រួសារ គ្មានការអាណិតអាសូរ និងព្រៃផ្សៃជាទីបំផុត ។ អភិបាលខេត្ត លើកឡើងបន្តថា  ពិតមែនតែវិស័យកីឡានេះដើរក្រោយប្រទេសដទៃមួយចំនួនក៏ពិតមែន  តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានខិតខំ និងបោះជំហាន ទទួលបានផ្លែផ្កាគួរជាទីមោទន ជាក់ស្តែងឆ្នាំ២០១៧ ក៏ដូចជាដើមឆ្នាំ២០១៨ កន្លងមកនេះ យើងបានរៀបចំឲ្យមានការប្រកួតកីឡាបាលទាត់ដណ្តើមពាន់រង្វាន់ មានច្រើនក្រុមជាបន្តបន្ទាប់ ។ ជាមួយគ្នានោះ ឯកឧត្តម សួន បវរ ក៏បានជម្រុញដល់សិស្សានុសិស្សិ ត្រូវនាំគ្នាលេងកីឡាឲ្យបានគ្រប់ៗគ្នា ដលម្បីទទួលបានសុខភាពល្អ ពិសេសត្រូវជៀសឆ្ងាយពីគ្រឿងញៀន ។

សូមបញ្ជាក់ថា ជាលទ្ធផលនៃការប្រកួត ៖ លេខ១  ប្រកួតបាន៤ប្រកួត ឈ្នះ៤ប្រកួត ទទួលបាន១២ពិន្ទុ បានទៅលើមហាវិទ្យាល័យ គ្រប់គ្រងសេដ្ឋកិច្ច និទេសចរណ៍  ។លេខ២ បាន៤ប្រកួត ឈ្នះ៣ប្រកួត ទទួលបាន៩ពិន្ទុ បានទៅលើមហាវិទ្យាល័យ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ។ ចំណែកលេខ ៣ បាន៤ប្រកួត ឈ្នះ១ប្រកួត ស្នើ២ប្រកួត ទទួលបាន៥ពិន្ទុ បានទៅលើមហាវិទ្យាល័យ គ្រឿងយន្តកសិកម្ម ។ ដោយក្នុនោះចំណាត់ថ្នាក់លេខ១ ទទួលបានពាន១ ទង់ជ័យលាភី១ បាល់៤គ្រាប់ ថវិការ ៨០ម៉ឺនរៀល ។ លេខ២ ទទួលទង់ជ័យលាភី១ បាល់៤គ្រាប់ ថវិការ ៧០ម៉ឺនរៀល ។ និងលេខ ៣ ទទួលទង់ជ័យលាភី១ បាល់៤គ្រាប់ ថវិការ ៦០ម៉ឺនរៀល ។ ឯកឧត្តម សួន បវរ ក៏បានឧបត្ថម្ភជូនកីឡាករ ទាំង៥ក្រុម ក្នុង១ក្រុមទទួល បាន៤០ម៉ឺនរៀល និងអាជ្ញារកណ្តាល ៣នាក់ ម្នាក់ទទួលបាន ១០ម៉ឺនរៀលផងដែរ ៕