បណ្តាញសង្គម

អតីត​​គ្រូ​បង្វឹក​ភ្នំពេញក្រោន​ បង្ហើប​ចំណុច​ដែល​កូន​ក្រុម​ខ្លួន​ត្រូវ​ធ្វើ ដើម្បី​ជោគ​ជ័យ​រដូវកាល​ក្រោយ

(ភ្នំពេញ)៖ មុនពេលលោក Sean Sainbury អតីតគ្រូបង្វឹករបស់ក្រុមភ្នំពេញក្រោនចាកចេញ កាលពីពេលថ្មីៗនេះបានយល់ឃើញថា ពេញ១រដូវកាលនេះ កូនក្រុមរបស់ខ្លួនធ្វើការងារច្រើនណាស់ បើទោះបីជាមិនបានជោគជ័យក៏ពិតមែន ហើយចំពោះចំណុចដែលជាឧបសគ្គចម្បងរបស់ពួកគេនោះ គឺទាក់ទងទៅនឹងបញ្ហាសម្ពាធពេលដែលគេលេងលើទីលាន។

ក្នុងបទសម្ភាសន៍ចុងក្រោយ លោកបានបញ្ជាក់ថា «ថ្វីដ្បិតតែយើងមិនបានជោគជ័យក្នុងរដូវកាលនេះ ប៉ុន្តែយើងជាក្រុមមួយដែលគ្រោះថ្នាក់សម្រាប់ក្រុមដទៃ។ ក្រុមរបស់យើងសំបូរទៅដោយយុវជនល្អៗ ប៉ុន្តែអ្វីដែលពួកគេត្រូវជម្នះឲ្យបាននោះ គឺសម្ពាធនៅលើទីលាន ហើយឆ្លងកាត់ការប្រកួតក្នុង១រដូវកាលនេះ ខ្ញុំសង្ឃឹមថាពួកគេនឹងជម្នះវាឲ្យបានសម្រាប់រដូវកាលក្រោយ»។

សូមរំលឹកផងដែរថា គ្រូបង្វឹកសញ្ជាតិអង់គ្លេស Sean Sainbury បានចំណាយពេលពេញ១រដូវកាលឆ្នាំ២០១៨ ក្នុងការបង្វឹក ក៏ដូចជាដឹកនាំក្រុមឈុតធំនៃក្លឹបបាល់ទាត់ភ្នំពេញក្រោនហើយអ្វីដែលលោកលើកឡើងនេះ គឺជាអ្វីដែលលោកចង់ឃើញកូនក្រុមរបស់ខ្លួនកែប្រែនៅរដូវកាលក្រោយៗទៀត ដើម្បីឈានទៅរកភាពជោគជ័យ៕