បណ្តាញសង្គម

កម្ពុជា បន្ត​ចាញ់​លើក​ទី​២ ​វគ្គ​សន្សំ​ពិន្ទុ​​ពូ​ល A ពាន Suzuki Cup

កីឡា ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបន្តចាញ់ជាលើកទី២ វគ្គសន្សំពិន្ទុក្នុងពូល A នៃពានរង្វាន់ជើងឯកបាល់ទាត់តំបន់អាស៊ាន AFF Suzuki Cup នាកីឡដ្ឋាន Mandalarthiri នាទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា ក្រោមការដឹកនាំផ្ទាល់របស់លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមរហស្សនាមគោព្រៃកម្ពុជា។ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានស៊ុត១គ្រាប់ នៅនាទី២៣ជួយឲ្យកម្ពុជានាំមុខក្រុមម្ចាស់ផ្ទះ ១-០ នៅតង់ទី១ ក្រោយទទួលបានបញ្ជូនដ៏ល្អពីខ្សែបម្រើ សុះ ស៊ូហាណា។ យ៉ាងណាក្ដី ១គ្រាប់នោះ ក្លាយជាឥតន័យ ក្រោយមីយ៉ាន់ម៉ា វាយបក ៤គ្រាប់វិញ នៅតង់ទី២ ដោយកីឡាករ Hlaing Bo Bo ២គ្រាប់ (នាទី ៦០, នាទី ៩០+៣), Than Htet Aung (នាទី ៧០) និង Aung Si Thu (នាទី ៨៧)។ ជ័យជម្នះនេះជួយឲ្យមីយ៉ាន់ម៉ា ទទួលបាន ៣ពិន្ទុពេញ ក្នុងប្រកួតដំបូងរបស់ខ្លួន ខណៈកម្ពុជា នៅតែគ្មានពិន្ទុរាប់ ក្រោយចាញ់ ២ប្រកួតជាប់គ្នា (ប្រកួតទី១ ចាញ់ម៉ាឡេស៊ី ០-១)។ ជាមួយនឹងការបរាជ័យនេះបានធ្វើឲ្យក្រុមគោព្រៃកម្ពុជា រក្សានូវកំណត់ត្រាមិនទាន់ស្គាល់ឈ្នះដដែល ក្រោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានតែងតាំងលោក Keisuke Honda មកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ។ នេះគឺជាប្រកួតទី២ ហើយ ដែលោក Honda បានដឹកនាំផ្ទាល់ ខណៈប្រកួតលើកទី១ ដែលលោកដឹកនាំ គឺចាញ់ក្រុមម៉ាឡេស៊ី ៣-១ ដូចគ្នា ក្នុងជំនួបមិត្តភាព កាលពីខែកញ្ញា ។ រីឯ ៣ប្រកួតទៀត ដែលដឹកនាំដោយលោក Felix គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា គឺចាញ់ ១ និងស្មើ១ ក្នុងជំនួបមិត្តភាព ខណៈប្រកួតផ្លូវការជាមួយម៉ាឡេស៊ី កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ចាញ់ម៉ាឡេស៊ី ១-០។ សូមជម្រាបថា ប្រកួតបន្ទាប់ កម្ពុជា ទទួលភ្ញៀវ ឡាវ រីឯមីយ៉ាន់ម៉ា ស្វាគមន៍ក្រុមវៀតណាម នៅថ្ងៃទី២០ ខែវិច្ឆិកា ដូចគ្នា៕

796-715x400