បណ្តាញសង្គម

កម្ពុជា​ឈ្នះ​មេដាយ​៤​គ្រឿង​ពី​ព្រឹត្តិការណ៍ China-ASEAN International Marathon 2018 នៅប្រទេស​ចិន​

កីឡា ៖ ក្រុមអត្តពលិកម៉ារ៉ាតុងកម្ពុជា ដណ្ដើមបានមេដាយ៤គ្រឿ ក្នុងនោះរួមមាន ប្រាក់១គ្រឿង និងសំរិទ្ធក្នុងកម្មវិធីរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចិន-អាស៊ាន ឆ្នាំ២០១៨ ប្រភេទចម្ងាយផ្លូវ ២១គីឡូម៉ែត (ពាក់កណ្តាលម៉ារ៉ាតុង) នាទីក្រុង Fangchenggang ខេត្តក្វាងស៊ី ប្រទេសចិន ដែលប្រព្រឹត្តទៅ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា កន្លងទៅ។ អត្តពលិកកម្ពុជា វ៉ាន់ ភារ៉ា បានឈ្នះមេដាយប្រាក់ (កម្រិតអាស៊ាន ឈរពីក្រោយកីឡាករឡាវ ) មួយគ្រឿង និងសំរិទ្ធ(កម្រិតអន្តរជាតិ ឈរក្រោយកីឡាករកេនយ៉ា និងឡាវ) មួយគ្រឿង ខណៈដែល កីឡាករ ជា សម្ភស្ស ទទួលបានមេដាយសំរិទ្ធ (កម្រិតអាស៊ាន)។ ផ្នែកនារី កីឡាការិនី ហេង ម៉ីជូ ទទួលជោគជ័យបានមេដាយសំរិទ្ធមួយគ្រឿង(កម្រិតអាស៊ាន) ដោយឈរនៅពីក្រោយកីឡាការិនី មីយ៉ាន់ម៉ា និងឡាវ។ ជាមួយគ្នានេះដែរ នៅក្នុងប្រភេទចម្ងាយ៥គីឡូម៉ែត តែមិនមានផ្តល់ជូនមេដាយ អត្តពលិកថ្នាលកម្ពុជា ក្រសោបបានជ័យលាភីស្ទើរទាំងអស់។ ពោលគឺ កីឡាករ ផាត សុភុត ទទួលបានចំណាត់ថ្នាក់លេខ១ កីឡាករ សាត ឧត្តម ទទួលបានចំណាត់ថ្នាក់លេខ២ និងកីឡាករ ឡៃ ពិសិទ្ធ ទទួលបានចំណាត់ថ្នាក់លេខ៣។ ផ្នែកនារី កីឡាការិនី បូ សំណាង ទទួលបានចំណាត់ថ្នាក់លេខ១ កីឡាការិនី បូរ ស៊ុនណារី ទទួលបានចំណាត់ថ្នាក់លេខ២ និងកីឡាការិនីម្ចាស់ផ្ទះចិន ទទួលបានចំណាត់ថ្នាក់លេខ៣។ កម្មវិធីរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចិន-អាស៊ាន ឆ្នាំ២០១៨ ចែកចេញជាបីវិញ្ញាសា៖ ៥គីឡូម៉ែត ២១គីឡូម៉ែត និង៤២គីឡូម៉ែត ដោយមានអត្តពលិកសរុប ១៣៤១៤នាក់ មកពី១៦ប្រទេស។ គួរជម្រាបជូនថា នៅក្នុងព្រឹត្តិការណ៍ខាងលើ កម្ពុជាបញ្ជូនអត្តពលិក១១រូបចូលរួម (កីឡាការិនី៣រូប) ដឹកនាំដោយលោក ដាំ ភិរម្យ អនុប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ជាប្រធានប្រតិភូ៕