បណ្តាញសង្គម

បិទ​ការប្រកួត​កីឡា​វាយ​សី​ដណ្តើម​ពានរង្វាន់​អភិបាលខេត្ត​ព្រះសីហនុ​លើក​ទី​១ អបអរ​ទិវា​ជ័យជំនះ​៧​មករា

ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ នៅសាលាខេត្តព្រះសីហនុ បានបិទការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់លោក យន្ត មីន លើកទី១ ដើម្បីអបអរសាទរទិវាជ័យជំនះ ៧មករា ឆ្នាំ ២០១៨ ក្រោមវត្តមានលោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ។ លោក ថោង វីរ៉ូ ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាខេត្តព្រះសីហនុបានឲ្យដឹងថា ការប្រកួតកីឡាវាសី ពានរង្វាន់ឯកឧត្តម យន្តមីន លើកទី១ អបអរសាទរទិវាជ័យជន្នះ ៧មករា ២០១៨ មានកីឡារករ កីឡាការិនីចូលរួមប្រកួតចំនួន ៤៨គូរ ក្នុងនោះមានកីឡាករ កីឡាការិនីវាយគូរចាប់ពីអាយុលើ ៥០ឆ្នាំ វាយគូរអាយុ ៤០ វាយគូរអាយុលើ ៣០ឆ្នាំ វាយគូរអាយុក្រោម៣០ និងវាយគូរលើ ១៩ឆ្នាំ វាយគូរអាយុ ១៥ឆ្នាំ និងវាយគូរអាយុក្រោម១០ឆ្នាំ គ្រប់កីឡាករទាំងអស់បានបញ្ចេញអស់កម្លាំងកាយ និងបច្ចេកទេស រៀងៗខ្លួន ដើម្បីដណ្តើមយកជ័យលាភីឯកឧត្តម យន្ត មីន ទទួលបានលទ្ធផលល្អតាមការគ្រោងទុក យើងសង្ឃឹមថា នឹងមានការប្រកួតវាយសីដណ្តើមពានរង្វាន់ជារៀងរាល់ឆ្នាំបន្តទៀត ។ លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបាន មានប្រសាសន៍ បិទកីឡាវាយសីលើកទី១ អបអរទិវាជ័យជន្នះ ៧មករា ថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមសមាគមកីឡាករវាយសីខេត្តព្រះសីហនុ មានសេចក្តីសប្បាយរីករាយដោយបានបញ្ចប់នៃការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ ៧មករា នេះជាលើកទីមួយ ដែលយើងដណ្ដើមបានពានរង្វាន់ប្រកួតប្រជែង ដើម្បីដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីជ្រើសរើសជើងឯកដែលមានសមត្ថភាពខ្ពស់ក្នុងការបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនបន្ថែមជំនាញវាយសីស្លាបយើងនេះ ឆ្លងតាមការប្រកួតរយៈពេល ២ថ្ងៃយើងបានរកឃើញនូវជ័យលាភីជើងឯកខាងវាយសីស្លាប ។ នេះជាឆ្នាំទីមួយដែលយើងបានធ្វើការជ្រើសរើសរកជើងឯកពានរង្វាន់ដោយមានកីឡាករ កីឡាការិនីអាយុក្រោម ១០ឆ្នាំ ចូលរួមប្រកួត ដែលជាសញ្ញាឲ្យឃើញនូវការរីកចម្រើននៃវិស័យកីឡានៅក្នុងព្រះរាជា ណាចក្រកម្ពុជា ពិសេសកីឡាករនៅខេត្តព្រះសីហនុ ដោយសារខេត្តព្រះសីហនុមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងវិស័យផ្សេងៗ ហើយវិស័យកីឡាក៏មានការរីកចម្រើនផង ដែរ ។ ដោយឡែកនៅស្រុកព្រៃនប់ក៏មានការប្រកួតជ្រើសរើសជើងឯកបាល់ទាត់ពានរង្វាន់ឯកឧត្តម យន្ត មីន ផងដែរប្រចាំឆ្នាំ២០១៧ -២០១៨ យើងសង្ឃឹមថា នឹងមានវិញ្ញាសារបន្តទៀត ដូចជាបាល់ទះ បាល់បោះនិងវិស័យផ្សេងៗទៀត ព្រោះកីឡានាំមកនូវសុខភាព កីឡានាំមកនូវមិត្តភាព កីឡានាំមកនូវសុខសន្តិភាព កីឡានាំមកនូវវិន័យ ការលេងកីឡាអាចជៀសឆ្ងាយពីការសេពគ្រឿងញៀនថែមទៀតផង យើងងាកមក លេងកីឡា ដើម្បីសុខភាពក្នុងការបង្កើនធនធានមនុស្ស វិស័យកីឡាអាចជួយយើងបានច្រើនណាស់ ដោយសាបច្ចុប្បន្នកីឡាករកំពុងមានការរីកចម្រើន បានទៅចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិទទួលបានមេដាយមាស ប្រាក់ និងសំរឹទ្ធជាបន្តបន្ទាប់ ។ នៅឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម យើងសង្ឃឹមថា កីឡាករខេត្តព្រះសីហនុ មានបេក្ខភាពទៅចូលរួមប្រកួតលំដាប់អាស៊ាន ។ លទ្ធផលនៃការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ទិវាជ័យជំនះ ៧មករា ចែកជា ៧ក្រុម ទី១ ពានរង្វាន់វិញ្ញាសាវាយសីគូរលើអាយុ ៥០ឆ្នាំ វិញ្ញាសាវាយសីគូរលើអាយុ ៤០ឆ្នាំ វិញ្ញាសាវាយសីគូរលើអាយុ ៣០ឆ្នាំ វិញ្ញាសាវាយសីគូរក្រោមអាយុ ៣០ឆ្នាំ វិញ្ញាសាវាយសីគូរក្រោមអាយុ ១៩ឆ្នាំ វិញ្ញាសាវាយសីគូរក្រោមអាយុ ១៥ឆ្នាំ និងវិញ្ញាសាវាយសីគូរលើអាយុ ១០ឆ្នាំ ក្នុងនោះ លេខ១ ទទួលបានពាន ០១ ថវិកា ១៥០ដុល្លា រ៉ូកែតវាយសីចំនួន ១ដើមម្នាក់ ,លេខ២ ទទួលបានថវិការ ១០០ដុល្លា រ៉ូកែតវាយសីចំនួន ០១ដើមម្នាក់ លេខ៣ ទទួលបានថវិកា ៥០ដុល្លា និងរ៉ូកែតវាយសីចំនួន០១ដើមម្នាក់ ៕

 

ក្បាច់​​ល្អ​ៗ​ ធឿន ធារ៉ា ក្រោយ​មហាជន​ស្ទើរ​ពេញ​ប្រទេស​ចាប់​អារម្មណ៍

រហូតមកដល់ពេលនេះ ធឿន ធារ៉ា ធ្លាប់ឡើងសង្វៀន Max Muay Thai បានចំនួន ៨ លើកហើយ ដោយក្នុងនោះឈ្នះ ៦ ស្មើ ១ និងចាញ់ ១ សរុបការប្រកួតធ្លាប់ឡើងសង្វៀនបាន ២៦ ដងឈ្នះ ២៥ដង និងចាញ់១ម្ដង ។ប៉ុន្តែអ្នកស្នេហាវិស័យប្រដាល់ប្រហែលជាមិនចាប់អារម្មណ៍ទេថា ជើងខ្លាំងមកពីខេត្តព្រៃវែងរូបនេះមានចំណុចល្អអ្វីខ្លះ ដែលធ្វើឲ្យគេកំពុងមានឈ្មោះបោះសំឡេងលើទឹកដីថៃ និងពិភពប្រដាល់ខ្មែរ។ ពេលនេះ Sabay សូមបង្ហាញ៥ ក្បាច់ល្អៗដែលធ្វើឲ្យគេកំពុងខ្លាំងនៅលើសង្វៀន។

  • ១-មានភាពឆ្លាតវៃក្នុងការប្រើកែង៖ ធារ៉ា មានផ្លែកែងល្អមែនទែន ពោលគឺគេអាចប្រើវាបានគ្រប់កាលៈទេសៈមិនថាការបោះ កែងខ្លី និង វែង។ អ្វីដែលពិសេសគឺផ្លែកែងវាយចេញច្បាស់ៗ ធ្ងន់ និងទទួលបានផលច្រើនក្នុងការផ្ដួលដៃគូកន្លងមក។
  • ២-កម្លាំង និងជំហររឹងមាំ៖ គ្រប់គ្នាសុទ្ធតែបានឃើញហើយថា ធារ៉ា មានជំហរ និងកម្លាំងកាច់ ព្រមទាំងកម្លាំងអំណត់ (កម្លាំង ស៊ូស ) បានយូរ។ យុវជនវ័យ១៨ឆ្នាំរូបនេះអាចកាច់ដៃគូចាប់វាយជង្គង់ និងរុញដៃគូឲ្យថយក្រោយ ដើម្បីយកផលចំណេញក្នុងការងាយស្រួលឡើងជង្គង់។ នេះអាចធ្វើបានដោយសាររូបគេមានកម្លាំងខ្លាំង និងជំហររឹងមាំ។ មួយទៀតកីឡាកររូបនេះអាចវាយបានស្ទើរពេញ ៥ ទឹកដោយមិនមានការថមថយទម្ងន់ដៃ នេះមកពីកម្លាំងអំណត់ខ្លាំងល្អ។
  • ៣-ទាត់បានខ្ពស់ និងធ្ងន់៖ ជាទូទៅកីឡាករសឹងគ្រប់គ្នាអាចទាត់បានខ្ពស់ដូចគ្នា តែហាក់មិនសូវមានទម្ងន់ធ្ងន់ប៉ុន្មានទេ។ ប៉ុន្តែ ធារ៉ា វិញអាចទាត់បានខ្ពស់ដល់ក ឬក្បាលជាមួយទម្ងន់ជើងដ៏ធ្ងន់ ដែលចំណុចនេះរូបគេធ្វើល្អតាមគន្លងរៀមច្បងលោក អេ ភូថង។ មួយទៀតជើងរបស់គេមានភាពរហ័សក្នុងការធាក់ទប់ ជាមួយទម្ងន់ធ្ងន់ៗ។
  • ៤-កណ្ដាប់ដៃរហ័ស និងធ្ងន់៖ អ្នកប្រដាល់រូបនេះត្រូវបានគេមើលឃើញថា មានកាយសម្បទារឹងមាំល្អ និងកម្ពស់ខ្ពស់ ព្រមទាំងមានកណ្ដាប់ដៃរហ័សធ្ងន់ល្អ។ តាំងពីចាប់ផ្ដើមប្រកួតដំបូងមកម្ល៉េះ ធារ៉ា បានផ្ដួលអ្នកប្រដាល់ថ្មីៗដូចគ្នា ជាមួយកណ្ដាប់ដៃរបស់គេ ហើយមកដល់ពេលនេះនៅរក្សាចំណុចល្អនេះនៅដដែល។
  • ៥-ឆ្លាតក្នុងការគេច៖ ចំណុចនេះក៏ ធារ៉ា ធ្វើបានល្អផងដែរ ពិសេសនៅពេលដៃគូកៀបសង្កត់ទៅលើគេ។ អ្នកប្រដាល់វ័យក្មេងរូបនេះតែងរកវិធីគេចចេញពីការកៀបសង្កត់របស់ដៃគូ ហើយវាយបកលឿនៗ ដែលនេះអ្នកប្រដាល់គ្រប់រូបកម្រធ្វើបាន៕

ឪពុក​ ចាន់ វឌ្ឍនាកា​ ផ្លាស់​ចេញ​ពី​អភិបាល​ខេត្ត​ទៅ​កន្លែង​ដើម​វិញ​

អភិបាលខេត្តកំពត ចាន់ ចេស្តា ដែលជាឪពុករបស់តារាបាល់ទាត់ឆ្នើម ចាន់ វឌ្ឍនាកា ត្រូវបានដូរចេញឲ្យទៅធ្វើការនៅកន្លែងចាស់វិញ បន្ទាប់ពីបានឡើងកាន់តំណែងនេះបានជាងមួយឆ្នាំប៉ុណ្ណោះ។

កាលពីជាងមួយឆ្នាំមុនលោកបានឡើងកាន់តំណែងមួយនេះ ស្របពេលដែលកូនប្រុសរបស់លោកគឺចាន់ វឌ្ឍនាកាកំពុងទទួលបានប្រជាប្រិយភាពខ្លាំង និងបានចេញទៅលេងនៅជប៉ុន។ ពេលនេះលោកត្រូវបានគេដកឲ្យទៅបម្រើការងារនៅកន្លែងចាស់វិញ ស្របពេលដែល ចាន់ វឌ្ឍនាកា ចេញទៅប្រកបអាជីពនៅប្រទេសម៉ាឡេស៊ី។

តាមព្រះរាជក្រឹត្យបានបង្ហាញថា លោក ជាវ ត្រា ត្រូវបានតែងតាំងជំនួសលោក ចាន់ ចេស្តាដែលត្រូវផ្លាស់ទៅកន្លែងចាស់វិញ។ មុខងារចាស់របស់លោកគឺជាប្រធានមន្ទីរកសិកម្មខេត្តកំពត។

អតីត​ខ្សែប្រយុទ្ធ Chelsea ម្នាក់​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ប្រទេស​លី​បេ​រី​យ៉ា​

បាល់ទាត់ ៖ អតីតខ្សែប្រយុទ្ធក្រុម Chelsea និង Manchester City កីឡាករ George Weah បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីបន្ទាប់របស់ប្រទេសលីបេរីយ៉ា។នេះបើយោងតាមចេញផ្សាយរបស់សារព័ត៌មាន BBC នៅព្រឹកនេះ។ កីឡាករវ័យ៥១ឆ្នាំរូបនេះ បានក្លាយជាកីឡាករមិនមែនអឺរ៉ុបដំបូងគេដែលបានឈ្នះពានរង្វាន់ Ballon d’Or នៅឆ្នាំ ១៩៩៥ ដែលជាសមិទ្ធផលមួយអាជីពរយៈពេល ១៨ ឆ្នាំ។លោក Weah ចូលនិវត្តន៍ពីអាជីពបាល់ទាត់ក្នុងឆ្នាំ ២០០៣ និងបានក្លាយជា សមាជិកព្រឹទ្ធសភានៅក្នុងសភាប្រទេសលីបេរីយ៉ា។ ជ័យជំនះរបស់គាត់ត្រូវបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ប្រទេសលីបេរីយ៉ាកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ។ លោក Weah បានទទួលសម្លែងឆ្នោត៦១,៥% ក្នុងចំណោមសន្លឹកឆ្នោតសរុបចំនួន ៩៨,១% ។ យ៉ាងណាមិញ Weah នឹងចូលកាន់ប្រធានាធិបតីជំនួសលោកស្រី Ellen Johnson Sirleaf ដែលឈ្នះក្នុងការការបោះឆ្នោតជាលើកដំបូងក្នុងឆ្នាំ២០០៥ ក្រោយពីប្រទេសមួយនេះបានបញ្ឈប់សង្គ្រាមស៊ីវិលដ៏ឃោរឃៅ៕

ការនាំចេញ​ផលិតផល​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​សម្រាប់​ឆ្នាំ​២០១៨​ពុំមាន​ការប្រែប្រួល​នោះទេ​

រាជធានីភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសុរបការងារពាណិជ្ជកម្ម ឆ្នាំ២០១៧ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្ម ឆ្នាំ២០១៨ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្ដីការ ក្រសួង លោករដ្ឋមន្ត្រី ប៉ាន សូស័ក្កិ បានអះអាងថា ការនាំផលិតផលរបស់កម្ពុជា ចេញទៅ EU សម្រាប់ឆ្នាំ២០១៨ខាងមុខនេះ មិនជាអ្វីត្រូវព្រួយបារម្ភនោះទេ ព្រោះអ្នកបញ្ជា ទិញនៅសហភាព អឺរ៉ុបបានបញ្ជាទិញ និងចុះកិច្ចសន្យារួចរាល់អស់ហើយ ។ ដូច្នេះគ្មានបញ្ហានោះទេ ។ សូមជម្រាបថា សហភាពអឺរ៉ុបគឺទីផ្សារដ៏ធំ និងសំខាន់បំផុតសម្រាប់ទំនិញរបស់កម្ពុជា ដោយប្រទេសនៅ EU នេះ បានអនុគ្រោះពន្ធនាំចូលដល់កម្ពុជា ខណទំនិញដែលកម្ពុជានាំចេញ ទៅអឺរ៉ុបភាគច្រើន គឺផលិតវាយនភណ្ឌ អង្ករ និងស្ករស រួមទាំងផលិតកសិកម្មមួយចំនួនទៀត។ យោងតាមរបាយការណ៍ក្នុងឆ្នាំ២០១៧នេះ កម្ពុជាបាននាំចេញទំនិញ តាមប្រព័ន្ធអនុគ្រោះ ពាណិជ្ជកម្ម ដែលមានសហភាពអឺរ៉ុប និងអាមេរិកផងដែរនោះ មានទឹកប្រាក់ចំនួន ៩,៥៥៦,២៧១,០៦៦ដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងឆ្នាំ២០១៦ ដែលមានទឹកប្រាក់សរុប ចំនួន ៨,០១៧,៩៧៧,៣៨១ ដុល្លារអាមេរិក គឺកើនឡើងចំនួន១៩,២២% ។ ការថ្លែងអះអាងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រៀបដូចបានទះកំផ្លៀងទៅលើ កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា និងអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងរត់គេច ខ្លួននៅបរទេស ខណដែលពួកគេទាំងពីរនាក់បានព្យាយាមអូសទាញ បណ្តាប្រទេស EU រួមទាំងសហរដ្ឋអាមេរិកឲ្យដាក់ទណ្ឌកម្មលើរាជរដ្ឋាភិបាលក្រុងភ្នំពេញ តាមរយះការបញ្ឈប់ទិញទំនិញពីកម្ពុជា ៕

Liverpool ទិញយក van Dijk ពី Southampton តម្លៃ​៧៥​លាន​ផោន​

បាល់ទាត់ ៖ ខ្សែការពារកណ្តាលរបស់ក្លឹប Southampton កីឡាករ Virgil van Dijk នឹងចូលរួមជាមួយក្លឹប Liverpool នៅពេលដែលទីផ្សារផ្ទេរបើកឡើងវិញនៅថ្ងៃទី ១ខែមករា ឆ្នាំ២០១៨ខាងមុខនេះ ក្នុងកិច្ចព្រមព្រៀងតម្លៃ ៧៥ លានផោន។ កីឡាករសញ្ជាតិជាតិហូឡង់ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយក្រុមហង្សក្រហមកាលពីរដូវក្តៅមុន ប៉ុន្តែ Southampton មិនយល់ព្រម ហើយចោទ Liverpool ថាបានទាក់ទងសាមីខ្លួនដោយខុសច្បាប់។ ក្រុមលោក Jurgen Klopp ក៏បានសូមទោសពីករណីនេះ។ តម្លៃនេះគឺជាការចំណាយច្រើនបំផុតសម្រាប់ខ្សែការពារម្នាក់ ខណៈ Manchester City បានចំណាយប្រាក់៥២ លានផោនប៉ុណ្ណោះទៅលើខ្សែការពារ Benjamin Mendy របស់ប្រទេសម៉ូណាកូកាលខែកក្កដា។ Van Dijk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាគាត់មានការ “រីករាយនិងកិត្តិយស” ក្នុងការចុះហត្ថលេខាជាមួយក្លឹបហង្សក្រហម និង ទទួលស្គាល់ថា គេជួបការលំបាកខ្លាំងមួយរយៈចុងក្រោយ” នៅកីឡដ្ឋាន St Mary’s ។ គួរបញ្ជាក់ កីឡាករវ័យ២៦ឆ្នាំរូបនេះ បានផ្លាស់ពី Celtic ទៅ Southampton ក្នុងតម្លៃ១៣លានផោន កាលខែកញ្ញា ឆ្នាំ២០១៥ ហើយក្រុមជើងឯកលីគកំពូលស្កុតលែន ក៏ទទួលបានផលចំណេញ១០ភាគរយនៃការផ្ទេរនេះដែរ៕

ក្ដៅៗ Kane ទើប​បំបែក​កំណត់​ត្រា​ស៊ុត​ចូល​ទី​​ PLច្រើន​បំផុត​ក្នុង​១ឆ្នាំ​របស់ Shearer

អម្បាញ់មិញនេះ ខ្សែប្រយុទ្ធ Harry Kane ទើបបំបែកកំណត់ត្រាស៊ុតចូលទីក្នុងលីគកំពូលអង់គ្លេសច្រើនបំផុតក្នុងមួយប្រតិទិនឆ្នាំ របស់ខ្សែប្រយុទ្ធ Alan Shearer បន្ទាប់ពីស៊ុតបើកឆាកចូល ២គ្រាប់លើក្រុម Southampton នៅតង់ទីមួយ។គ្រាប់បាល់ដែលរកបានសម្រេចនៅនាទី ២២ និង ៣៩ បានជួយឲ្យចំនួនគ្រាប់បាល់ EPLសរុបដែលខ្សែប្រយុទ្ធ Kane បំប៉ោងសំណាញ់បាន ឡើងដល់ចំនួន ៣៧ គ្រាប់ហើយក្នុងឆ្នាំ ២០១៧នេះ។ នេះមានន័យថា Kane បានបំបែកកំណត់ត្រារបស់កំពូលខ្សែប្រយុទ្ធ Shearer ដែលរកបានចំនួន ៣៦គ្រាប់ឲ្យ ក្លឹប Blackburn Rovers កាលពីឆ្នាំ ១៩៩៥។ក្រោយពីកំណត់ត្រាខ្លួនត្រូវបានបំបែក Shearer បានបង្ហោះសារតាម Twitter អបអរទៅ Kane ថា៖ "ឆ្នាំ ២០១៧ ពិតជាឆ្នាំដ៏អស្ចារ្យសម្រាប់អ្នកឯង។ អ្នកសមនឹងកាន់កំណត់ត្រាមួយនេះ"៕

 

Cristiano Ronaldo ពន្យារពេល​ចរចារ​កុងត្រា​ថ្មី​ជាមួយ Real

បាល់ទាត់ ៖ យោងតាមរបាយការណ៍មួយបានឱ្យដឹងថាកីឡាករ Cristiano Ronaldo បានយល់ព្រមពន្យារពេលចំពោះការចរចាកិច្ចសន្យាថ្មីជាមួយក្លិប Real Madrid រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ កីឡាករវ័យ ៣២ ឆ្នាំរូបនេះថ្មីៗនេះទើបតែបានឈ្នះពាន Ballon d’Or លើកទី៥ របស់ខ្លួន និងក៏បានជួយឲ្យក្លឹបយក្សសអេស្ប៉ាញឈ្នះពានរង្វាន់ FIFA Club World Cup លើកទី ២ ជាប់ៗគ្នាផងដែរ។ ទោះបីជា Ronaldo បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីរយៈពេល ៥ ឆ្នាំចុងក្រោយកាលពីខែវិច្ឆិកាក្តីប៉ុន្តែអនាគតរបស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ នៅកីឡដ្ឋាន Bernabeu នៅតែជាប្រធានបទក្ដៅគគុកនៅឡើយ ។ យោងតាមគេហទំព័រ Mundo Deportivo របស់អេស្ប៉ាញបានឱ្យដឹងថា Ronaldo កំពុងទាមទារប្រាក់ខែស្មើកីឡាករ Lionel Messi របស់ក្លិប Barcelona និង Neymar របស់ក្លឹប Paris Saint Germain ។របាយការណ៍នេះបន្តអះអាងថាប្រធានាក្លិប Florentino Perez បាននិយាយជាមួយ Ronaldo ហើយចំពោះការចរចាកិច្ចព្រមព្រៀងថ្មីនឹងត្រូវ បានពន្យារពេលដល់រហូតដល់ខែមិថុនា។ គូរបញ្ជាក់ថា Ronaldo បានស៊ុតបញ្ចូលទីចំនួន៤២២ គ្រាប់និងបញ្ជូនបាល់ឲ្យដៃគូបានចំនួន១២៧លើក ក្នុងការបង្ហាញខ្លួន ៤១៥ ប្រកួតសំរាប់ក្រុម Real ចាប់តាំងពីផ្ទេរពី Man Utd កាលពីឆ្នាំ ២០០៩៕

Bravo សង្គ្រោះបាល​ប៉េណាល់ទី​​​ជួយឲ្យ​ City ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ League Cup

Manchester City បានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន League Cup ក្រោយយកឈ្នះ Leicester City នៅវគ្គទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី។ការប្រកួតនៅទឹកដី King Power កាលពីយប់មិញក្រុមទាំងពីរបញ្ចប់ការប្រកួត៩០នាទីដោយលទ្ធផល ១ទល់នឹង១ ក្នុងនោះក្រុមភ្ញៀវរកគ្រាប់បាល់បានមុននៅនាទី២៦ ស៊ុតបញ្ចូលទីរបស់ Bernardo Silva ក្រោយ Gündogan ចោះបាល់ឲ្យយ៉ាងស្អាត។

ដោយឡែកនៅវគ្គទីពីរ រៀបនឹងចប់ការប្រកួតទៅហើយ Walker ដែលប្ដូរចូលនៅនាទី៨១នោះបានទៅរុញ Demarai Gray ដួលធ្វើឲ្យអាជ្ញាកណ្ដាលពិន័យបាល់១១ម៉ែត្រហើយ Vardy ស៊ុតទម្លាយសំណាញ់បានសម្រេច។

នៅម៉ោងបន្ថែម១៥នាទី២ដងភាគីទាំងសងខាងគ្មានការស៊ុតបញ្ចូលទីទេ ហើយវគ្គទាត់ប៉េណាល់ទី Man City ស៊ុតចូល៤គ្រាប់ ខណៈ Leicester ស៊ុតចូលតែ៣គ្រាប់ប៉ុណ្ណោះដោយសារតារាឆ្នើមទាំងពីរ Vardy ស៊ុតចេញក្រៅ ហើយការស៊ុតរបស់ Mahrez ត្រូវ Bravo ចាប់បាន ធ្វើឲ្យម្ចាស់ផ្ទះហាលអាវត្រឹមវគ្គនេះ។

មួយគូទៀត Arsenal យកឈ្នះ West Ham ១-០ បានកៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងគេដែរ ជាថ្វីជើងស៊ុតបញ្ចូលទីរបស់ Danny Welbeck៕

ដំណឹង​រសើបពី​ម៉ាឡេស៊ី​ ​ចាន់ វឌ្ឍនាកា ​ទៅ​លេង​ក្លឹប​ថ្មី​ទទួល​កម្រៃ​ជាង​១​ម៉ឺន​ដុល្លារ ១​ខែ

ចាន់ វឌ្ឍនាកា បានចាកចេញពីប្រទេសកម្ពុជាហើយ កាលពីម្សិលមិញនេះ ដោយរូបគេទៅប្រទេសម៉ាឡេស៊ី ហើយត្រូវបានគេដឹងថានឹងទៅចរចាចុះកុងត្រាជាមួយក្លឹបថ្មីនៅទីនោះ។បើតាមភ្នាក់ងារពីប្រទេសម៉ាឡេស៊ី បានបង្ហើបថាខ្សែប្រយុទ្ធកម្ពុជារូបនេះ នឹងផ្លាស់ទៅលេងនៅក្លឹបធំមួយនៅម៉ាឡេស៊ី ហើយចំពោះតម្លៃពលកម្មវិញក៏ច្រើនជាងនៅប្រទេសជប៉ុនកាលលេងជាមួយក្រុមលីគលំដាប់ទី៣នោះដែរ។ ប្រភពដែលទុកចិត្តបានរូបនេះ បន្ដថាការចុះកុងត្រានឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ ហើយតម្លៃខ្លួននោះអាចជា ១៥០០០ដុល្លារអាមេរិកឯណោះ។

ត្បិតតែយ៉ាងនេះក្ដី ប្រភពមួយនេះសុំលាក់ឈ្មោះក្លឹបថ្មីនោះសិន ដោយចាំខាងសាមីប្រកាសជាផ្លូវការនៅពេលឆាប់ៗនេះតែម្ដង។ ដោយឡែកតម្លៃខ្លួននោះ អាចនឹងមានការប្រែប្រួលបន្តិចបន្តួចទៀត ក្រោយពីមានការចរចាគ្នាផ្ទាល់តែម្ដង អំឡុងពេលកូនប្រុសចៅហ្វាយខេត្តកំពតទៅជួបក្លឹបផ្ទាល់។

វឌ្ឍនាកា បានចាកចេញពីកម្ពុជាក្រោយពីជួយក្រុមបឹងកេតធ្លាក់ត្រឹមវគ្គដំបូងពានរង្វាន់ Toyota Mekong Cup ។ បើតាមការឆ្លើយតបជាមួយអ្នកគាំទ្រ រូបគេនឹងត្រលប់មកកម្ពុជាវិញនៅថ្ងៃស្អែកនេះ៕

របួស​.កជើង Bailly ទំនង​​ទាមទារ​ការ​វះកាត់​ អាច​អវត្តមាន​ពេញ​មួយ​រដូវ​កាល​

Eric Bailly ទំនងជាត្រូវការវះកាត់របួស.កជើងដ៏រ៉ាំរ៉ៃរបស់ខ្លួនដើម្បីអាចចូលលេងវិញបាន។ នេះបើតាមការបញ្ជាក់របស់លោក Jose Mourinho។កីឡាករវ័យ២៣ឆ្នាំដែលរងរបួសអំឡុងប្រកួតឲ្យជម្រើសជាតិកូឌីវ័រ ខកខានលេងឲ្យ Manchester United តាំងពីថ្ងៃទី៥ ខែវិច្ឆិកា ទល់នឹង Chelsea មក ហើយរូបគេប្រហែលជាអវត្តមានពេញមួយរដូវកាលនេះតែម្ដង។

“ខ្ញុំមិនចង់និយាយអ្វីដែលមិនល្អនោះទេ ព្រោះចង់ទុកតួនាទីនេះឲ្យគ្រូពេទ្យ។ ពួកយើងចង់ព្យាបាលឲ្យអស់លទ្ធភាពសិន តែបើវានៅតែមិនទទួលផល Bailly ប្រាកដជាត្រូវការវះកាត់ ហើយនឹងចំណាយពេលសម្រាកយូរជាងនេះ"។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់និយាយដូច្នេះ។

Bailly គឺជាកីឡាករដំបូងដែល Mourinho ចុះហត្ថលេខាយកពេលកាន់កាប់កៅអីអ្នកចាត់ការទូទៅនៅក្លឹបបិសាចក្រហម។ ខ្សែការពារកណ្ដាលស្បែកខ្មៅបានផ្ទេរពី Villareal ក្នុងតម្លៃ៣០លានផោន កាលពីឆ្នាំ២០១៦៕

ត្រកូល​ Manchester ឈ្នះ​រៀង​ខ្លួន​ តែ Liverpool និង​ Arsenal ណាត់​គ្នា​ស្មើ

ការប្រកួត Premier League សប្ដាហ៍ទី១៧បានបញ្ចប់កាលពីយប់មិញក្នុងនោះតំណែង Top 4 កំពុងប្រដេញពិន្ទុគ្នាយ៉ាងសស្រាក់សស្រាំ ខណៈ ក្រុមកំពូលតារាងទាំងពីរ Manchester City និង United គ្មាននរណាអាចរំខានបាននោះទេ។Man City បានបន្តជ័យជម្នះឥតឈប់ឈរដោយយកឈ្នះ Swansea City ៤-០ ស្របពេលអ្នកជិតខាង United រកឃើញ៣ពិន្ទុឡើងវិញដោយឈ្នះ Bournemouth ១-០។ Tottenham Hotspur បានហក់ពីលេខ៧មកលេខ៤ក្រោយឈ្នះ Brighton & Hove Albion ២-០។

Liverpool និង Arsenal ដែលស្មើកាលពីសប្ដាហ៍មុន នៅតែបន្តស្មើទៀតដោយក្រុមលោក Jurgen Klopp ទទួលលទ្ធផល ០-០ ទល់ West Bromwich ហើយ Arsenal ស្មើគូប្រជែងនៅទីក្រុងឡុង West Ham ០-០ ដែរ៕

ខ្លា​ចាស់​ Fasurak៖​ ស្វាគមន៍​ជា​និច្ច​បើ​ ឡៅ​ ចន្រ្ទា​ ចង់​សងសឹក​វិញ

ខ្លាចាស់ឆ្លងដែនមកពីប្រទេសថៃ Fasurak Kirracfightteam ថា ស្វាគមន៍ជានិច្ចប្រសិនបើជើងខ្លាំងប្រចាំក្លឹបទ័ពពិសេសឆត្រយោង ៩១១ ឡៅ ចន្រ្ទា ចង់ប្រកួតសងសឹកលើរូបគេវិញនៅពេលណាមួយក៏បានដែរ។កីឡាករ Fasurak បានឲ្យដឹងកាលពីថ្ងៃអាទិត្យនេះថា ឡៅ ចន្រ្ទា ជាជើងខ្លាំងម្នាក់របស់កម្ពុជា គេរឹងមាំ និងល្អគ្រប់ក្បាច់ ហើយប្រសិនបើគេខំប្រឹងហ្វឹកហាត់នៅពេលខាងមុខនិងខ្លាំងជាងនេះទៅទៀត។ជើងខ្លាំងទើបបង្ហាញមុខនៅកម្ពុជាខាងលើបន្តថា បើនិយាយពីស្នៀតប្រយុទ្ធរបស់ ឡៅ ចន្រ្ទា គឺម្យ៉ាងម្នាក់និងរូបគេ ហើយនៅពេលខាងមុនប្រសិនបើជើងខ្លាំងរបស់កម្ពុជារូបនេះ គេចង់សងសឹកនោះអាចប្រាប់ខ្លួនបាន ដោយគ្រាន់តែសុំពេលវេលាគ្រប់គ្រាន់សម្រាប់ហ្វឹកហាត់ប៉ុណ្ណោះ។Fasurak Kirracfightteam ធ្លាប់ឈ្នះពិន្ទុកីឡាករ ឡៅ ចន្រ្ទា ម្ដងហើយកាលពីវិច្ឆិកាក្នុងកម្មវិធីគូបូតារបស់សង្វៀនបាយ័ន។ ការប្រកួតចុងក្រោយរបស់កីឡាករថៃរូបនេះផ្ដួលអ្នកលេងគុនខ្មែរ មៀច សុខរ៉ា នៅទឹកទី៤ ដោយអាជ្ញាកណ្ដាលបញ្ឈប់ព្រោះសមត្ថភាពមិនដល់ Fasurak ម្នាក់នេះទេ៕

 

Salah ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ទ្វីប​អាហ្វ្រិក​

 

Mohamed Salah ត្រូវបានបោះឆ្នោតជាកីឡាករឆ្នើមប្រចាំទ្វីបអាហ្វ្រិករបស់សារព័ត៌មានអង់គ្លេស BBC សម្រាប់ឆ្នាំ២០១៧។ខ្សែប្រយុទ្ធរបស់ Liverpool ទទួលសំឡេងគាំទ្រវ៉ាដាច់គូប្រជែងផ្សេងទៀតមកពីអាហ្វ្រិកដូចគ្នាមាន Pierre-Emerick Aubameyang, Guinean Naby Keita, Victor Moses និងមិត្តរួមក្រុម Sadio Mane។ កីឡាករដែលឈ្នះពាននេះកាលពីឆ្នាំ២០១៦គឺ Riyad Mahrez របស់ Leicester City។

តារាឆ្នើមសញ្ជាតិអេហ្ស៊ីប ស៊ុតបាន១៥គ្រាប់នៅ Premier League និង ៥គ្រាប់នៅ Champions League ថែមទាំងជួយជម្រើសជាតិឡើង World Cup លើកដំបូងគិតចាប់ពីឆ្នាំ១៩៩០ដោយរកបាន៧គ្រាប់តែឯងនៅវគ្គជម្រុះ។

BBC African Footballer of the Year គឺជាពានដែលរៀបចំឡើងដោយ BBC ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩២មក ហើយជយលាភីពាននេះគឺសម្រេចលើសំឡេងឆ្នោតដែលបោះតាមរយៈសារទូរស័ព្ទ និងអ៊ីនធឺណិត៕

Real, Barca និង​ Sevilla ប៉ះ​សុទ្ធ​តែ​គីឡូ​ធ្ងន់​នៅ​វគ្គ​១៦​ក្រុម

ការចាប់ឆ្នោតវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League បានធ្វើរួចរាល់ហើយកាលពីយប់មិញ ក្នុងនោះក្រុមទាំង៣របស់អេស្ប៉ាញសុទ្ធតែប៉ះគីឡូធ្ងន់។ជើងឯកចាស់ Real Madrid ត្រូវប្រឈមមុខជាមួយ Paris Saint-Germain ដែលប្រមូលម្ដុំដោយ Super star សំខាន់ៗនៅរដូវកាលនេះ ខណៈដែល Barcelona ប៉ះជើងឯកអង់គ្លេសតោខៀវ Chelsea។ Sevilla ដែលមានហាក់ទន់ជ្រាយជាងគេបើធៀបនឹងក្រុមអេស្ប៉ាញ២ទៀត ត្រូវតទល់នឹង Manchester United។

ងាកទៅមើលជើងខ្លាំងផ្សេងទៀត Juventus ប៉ះ Spurs, Manchester City ប៉ះ FC Basel, ហង្សក្រុម Liverpool ប៉ះ Porto, Roma ប៉ះ Shakhtar និង Beyern Munich ប៉ះ Besiktas។ ការប្រកួតជើងទីមួយធ្វើឡើងថ្ងៃទី១៣/១៤ ខែកុម្ភៈ ឬថ្ងៃទី ២០/២១ ខែកុម្ភៈ ហើយជើងទីពីរនៅថ្ងៃទៅ ៦/៧ ខែមិនា ឬ ១៣/១៤ ខែមិនា ឆ្នាំ២០១៨៕

រូបចម្លាក់ ម៉េ​ស​ស៊ី នៅ​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ ត្រូវបាន​វាយបំផ្លាញ​ជាថ្មី​

រូបចម្លាក់របស់តារាបាល់ទាត់អាហ្សង់ទីន លីអូនែល ម៉េសស៊ី ត្រូវបានគេវាយកម្ទេចចោលនៅក្នុងរដ្ឋធានី ប៊ុយណូស៊ែ ជាថ្មីទៀតហើយ។ នេះបើតាមប្រភពសារព័ត៌មានប៊ីប៊ីស៊ី កាលពីថ្ងៃទី ៤ ធ្នូ។ រូបចម្លាក់ធ្វើពីសំរឹទ្ធិនេះត្រូវបានវាយកម្ទេចត្រឹមកជើង ជាមួយតួខ្លួនរូបចម្លាក់ទាំងមូលរលំដួលលើចិញ្ចើមថ្នល់។ នេះជាលើកទី ២ ហើយដែលរូបសំណាក ដែលត្រូវបានបង្ហាញកាលពីខែមិថុនាឆ្នាំ ២០១៦ នេះ ត្រូវបានក្លាយជាមុខសញ្ញាវាយកម្ទេចពីសំណាក់ជនដើរបំផ្លាញសម្បត្តិសាធារណៈ។ ប៉ូលិសនិយាយថា ចេតនាវាយកម្ទេចនេះគឺនៅមិនទាន់ដឹងច្បាស់ទេ។ ម៉េសស៊ីថ្មីៗនេះបានជួយឱ្យក្រុមជម្រើសជាតិអាហ្សង់ទីនកក់កៅអីទៅលេងនៅព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨ នៅពេលដែលរូបគេស៊ុតបញ្ចូលទីបាន ៣ គ្រាប់ម្នាក់ឯងទៅលើក្រុមអេក្វាទ័រកាលពីខែតុលា៕

គ្រូ​បឹង​កេត​ថា នៅ​សល់ ៩០ នាទី​ទៀត​​ដើម្បី​ស្រង់​ដើម​ពី​​​ណាហ្គា

លោក ហៅ សុជាតិ គ្រូបង្វឹករបស់បឹងកេតបានអះអាងថា ក្រុមរបស់លោកនៅសល់ពេល ៩០នាទីទៀត ដើម្បីផ្ដួលណាហ្គាវើលក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Hun Sen Cup ជើងទី២ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧។គ្រូបង្វឹកដែលឡើងជួយបឹងកេតបណ្ដោះអាសន្នរូបនេះបាននិយាយថា ក្រុមរបស់លោកនៅស្ទើរតំបន់ប្រយុទ្ធ។ និយាយពីឱកាសបឹងកេតមានច្រើន ប៉ុន្តែខ្សែប្រយុទ្ធធ្វើមិនបានសម្រេច ទោះជាបែបនេះក្ដីក្រុមរបស់លោកនៅសល់ ៩០នាទីទៀត ដើម្បីស្រង់ដើមមកវិញ។

លោកបន្ថែមថា សម្រាប់ជំនួបជើងទីពីរក្រុមរបស់លោក នឹងផ្ដោតសំខាន់នៅតំបន់ប្រយុទ្ធឲ្យបានខ្ពស់ជាងនេះ។ អ្វីដែលសំខាន់សម្រាប់បឹងកេត នឹងប្រឹងប្រែងកែប្រែប្រវត្តិសាស្ត្ររបស់ខ្លួន ដែលមិនធ្លាប់ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Hun Sen Cup ។

សម្រាប់ការប្រកួត Hun Sen Cup ជើងទី២ ខាងលើ នឹងអាចមានការប្រែប្រួលម្ដងទៀត ដោយសារថ្ងៃទី១៣ ខែធ្នូ ជាថ្ងៃដែលក្រុមលីគកំពូលកម្ពុជាត្រូវទទួលក្រុមខ្លាំងរបស់វៀតណាម ក្នុងការប្រកួត Toyota Mekong Club Championship 2017 នៅពហុកីឡដ្ឋានជាតិ៕

Arsenal និង Liverpool ឈ្នះ​ធំធេង ខណៈ Sterling បន្ត​ស៊ុត​ចុង​ម៉ោង​ជួយ Man City

Premier League សប្ដាហ៍ទី១៤នេះ ក្រុមខ្លាំងៗដូចជា Arsenal, Chelsea, Man Cityនិង Liverpool សុទ្ធតែទទួលបានជ័យជម្នះដូចគ្នា។

  • Arsenal បានបំបាក់ក្រុម Huddersfield Town ៥ទល់នឹង ០។ ក្នុងនោះ Olivier Giroud រកបាន២គ្រាប់, Sanchez, Mesut Ozil និង Alexandre Lacazette បានម្នាក់មួយគ្រាប់។

  • Chelsea ឈ្នះ Swansea City ១-០។ ខ្សែការពារ Antonio Ruediger ជាអ្នករកគ្រាប់បាល់ជ័យជម្នះនាទី៥៥។

  • Liverpool លត់ Stoke City ៣-០។ Sadio Mane មួយគ្រាប់ និង Mahamed Salah ២គ្រាប់ម្នាក់ឯង។ ២គ្រាប់នេះធ្វើឲ្យ Salah មាន១២គ្រាប់បន្តឈរលើគេ ជាអ្នកទាត់បញ្ចូលទីច្រើនជាងគេនៅ BPL ពេលនេះ។

  • Man City ឈ្នះ Southamton ២-១។ Kevin de Bruyne ជាអ្នកបើកឆាកឲ្យក្រុមមេឃខៀវនាទី៣៦។ លុះឈានដល់វគ្គទី២នាទី៧៥ Oriol Romeu របស់ Southamton បានតាមស្មើវិញ មុនពេល Raheem Sterling ស៊ុតនាទី៩០បូក ជួយក្រុមបានជ័យជម្នះសាជាថ្មី។ ការប្រកួតជាមួយ Huddersfield Town កាលពីសប្ដាហ៍មុន  Sterling ក៏ជាវីរបុរសទាត់ចុងម៉ោងជួយ Man City ឈ្នះ ២-១ដូចគ្នា៕

AIA ​នាំ​គ្រូ Spurs ​២​នាក់​មក ​ណែនាំ​បច្ចេកទេស​​នៅ​អង្គការ​ផ្កាយ​សមុទ្រ

AIA បាននាំយកគ្រូបច្ចេកទេសរបស់ក្រុម Spurs ២នាក់មកណែនាំបច្ចេកទេសដល់ក្មេងៗជាង១ពាន់នាក់នៅអង្គការផ្កាយសមុទ្រ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។អង្គារផ្កាយសមុទ្រ បានចាប់ដៃគូសហការគ្នាជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA រយៈពេល៣ឆ្នាំ និងបានបង្កើតជាការប្រកួតពានរង្វាន់ AIA-ISF Youth League ១ផងដែរ ដែលមានការប្រកួតតាមលំដាប់ ក្រោមអាយុ១០ឆ្នាំ ១៤ឆ្នាំ និងក្រោមអាយុ១៨ឆ្នាំ។ ក្នុងឱកាសនៃការបើកការប្រកួតនិងវិធីប្រកាសចាប់ដៃគូសហការគ្នានេះដែរ AIA បាននាំយកគ្រូបច្ចេកទេសរបស់ក្រុម Spurs ២រូប មកណែនាំពីរបៀបលេងបាល់ និងអត្ថប្រយោជន៍នៃការលេងបាល់ដល់ក្មេងៗ។លោក Leo Brogan សមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការផ្កាយសមុទ្របាននិយាយថា៖ “យើងពិតជារីករាយដែលបានធ្វើការជាមួយខាង AIA ដែលមានឆន្ទៈក្នុងការគាំទ្រ និងជំរុញឱ្យមានការរស់នៅប្រកបដោយសុខភាពល្អ សម្រាប់មនុស្សគ្រប់រូប និងសហគមន៍ក្រីក្រ។ ការសហការគ្នានេះ នឹងធ្វើឱ្យកុមារនៅកម្ពុជាមានឱកាសកាន់តែច្រើនក្នុងការទទួលបានបច្ចេកទេសលេងបាល់ទាត់ ព្រោះក្រុមហ៊ុននេះ មានទំនាក់ទំនងល្អជាមួយក្រុម Spurs ។ ពួកគេនឹងជួយយើងកាន់តែច្រើន ចំពោះបច្ចេកទេសក្នុងការលេងបាល់ទាត់”។ដោយឡែក លោក Richard Bates អគ្គនាយកក្រុមហ៊ុន AIA ក៏រីករាយក្នុងការសហការគ្នានេះដែរ ដើម្បីជាការជួយដល់សង្គម និងអភិវឌ្ឍវិស័យបាល់ទាត់។ ស្របគ្នានេះដែរ ក្រុមហ៊ុនរបស់លោក នឹងធ្វើការកាន់តែជិតស្និទ្ធបន្ថែមទៀត ក្នុងការជួយដល់សង្គម តាមរយៈការបង្កើតជាកម្មវិធីផ្សេងៗ ព្រោះថាអង្គការផ្កាយសមុទ្រមានកម្មវិធីច្រើនទៀតដើម្បីធ្វើ នាឆ្នាំក្រោយៗនេះ។បានជួបជាមួយក្មេងៗជាង១ពាន់នាក់នៅកម្ពុជា Daniel Mitchell គ្រូបង្វឹកយុវជនរបស់ក្រុម Spurs បាននិយាយប្រាប់ Sabay ថា៖ “ខាងខ្ញុំពិតជាមានកិត្តិយសណាស់ ដែលត្រូវបានអញ្ជើញមកកម្ពុជា ដើម្បីបានឃើញក្មេងៗនៅក្នុងប្រទេសនេះស្រលាញ់បាល់ទាត់ខ្លាំង។ ការស្រលាញ់កីឡាពេញមួយជីវិត គឺចាប់ផ្ដើមពីកុមារភាពទៅ ហើយវាអាចផ្ដល់ជាផលវិជ្ជមានលើសពីការរំពឹងទុកថែមទៀតផង”។កម្មវិធីប្រកួត AIA-ISF Youth League ឆ្នាំ២០១៧-១៨ (U10 U14 U18)នេះ មានក្រុមចូលរួម១០០ក្រុម ហើយធ្វើការប្រកួតវិលជុំ ជារៀងរាល់សប្ដាហ៍នៅកីឡដ្ឋានរបស់អង្គការផ្កាយសមុទ្រ ផ្ទាល់តែម្ដង៕


Griezmann ប្រើ​ក្បាច់​ពិសេស​ជួយ​ Atletico រក​ឃើញ​ជ័យ​ជម្នះ​ដំបូង​នៅ UCL

Atletico Madrid បានរក្សាក្ដីសង្ឃឹមទៅវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីរកឃើញជ័យជម្នះលើកដំបូងនៅ UEFA Champions League វគ្គសន្សំពិន្ទុក្នុងពូល C។ការប្រកួតកាលពីយប់មិញនៅវគ្គទីមួយ Atletico និង Roma មិនអាចទម្លាយសំណាញ់ទីគ្នាបានទេ ទើបតែតង់ទីពីរនាទី ៦៩ Griezmann បានលោតទាត់ផ្កាប់ចានបញ្ចូលទីគូប្រកួតបានយ៉ាងល្អ ហើយក្រោយមក Kevin Gameiro ជាអ្នកស៊ុតបន្ថែមគ្រាប់ទីពីរ នៅនាទី៨៥។


ក្រុមជើងខ្លាំងអេស្ប៉ាញបានចាប់ផ្ដើម៤ប្រកួតដំបូងដោយស្មើ៣ និងចាញ់១ ឈរលេខ៣ក្នុងពូលប៉ុន្តែជ័យជម្នះនៅទឹកដី Wanda Metropolitano ធ្វើឲ្យពួកគេសល់ក្ដីសង្ឃឹមតូចមួយដើម្បីឈានទៅវគ្គបន្ត។ Atletico ឈរលេខ៣ ចាញ់ពិន្ទុក្រុមលេខ២ចំនួន២ពិន្ទុដូច្នេះដើម្បីឡើងវគ្គ១៦ក្រុមបានដរាបណាខ្លួនត្រូវឈ្នះ Chelsea ហើយ Roma ចាញ់ Qarabag FK នៅប្រកួតចុងក្រោយ៕

 

Basel ធ្វើ​ឲ្យ​ Man Utd ត្រូវ​អ៊ុត​១​ប្រកួត​ទៀត​ដើម្បី​ទៅ​វគ្គ​១៦​ក្រុម​

FC Basel បានយកឈ្នះ Manchester United ១ទល់នឹង០ក្នុងការប្រកួត UEFA Champions League វគ្គសន្សំពិន្ទុក្នុងពូលA។បរាជ័យនេះធ្វើឲ្យក្រុមលោក Jose Mourinho ត្រូវពន្យារពេលឡើងវគ្គ១៦ក្រុមចុងក្រោយដោយត្រូវចាំអ៊ុតប្រកួតចុងក្រោយជាមួយ CSKA Moscow នៅទឹកដី Old Trafford។ Man Utd ត្រូវការឈ្នះ ឬត្រឹមស្មើពេលប៉ះ CSKA នៅផ្ទះរបស់ខ្លួនហើយបើចាញ់តិចគ្រាប់ក៏នៅតែឡើងដដែលព្រោះផ្អែកលើរូបមន្ត Head to Head ពួកគេបានយកឈ្នះនៅជើងទីមួយរហូតដល់៤ទល់នឹង១។

គ្រាប់បាល់ជ័យជម្នះរបស់ Basel ធ្វើបានដោយខ្សែការពារ Michael Lang ចុងម៉ោងនាទី៨៩។ ប្រកួតចុងក្រោយ Manchester United ប៉ះ CSKA ហើយ FC Basel ប៉ះ Benfica នៅថ្ងៃទី៦ ខែធ្នូ៕