បណ្តាញសង្គម

នាំមកជូនដោយ Ramos ​បាក់​ខ្ទង់​ច្រមុះ ​ក្នុង​ជំនួប Madrid Derby ​យប់មិញ

ការប្រកួត Madrid Derby កាលពីយប់មិញនេះ បញ្ចប់ទៅដោយលទ្ធផល ០-០ ដែលធ្វើឱ្យក្រុមសប្បាយចិត្តចំពោះលទ្ធផលនេះគឺ FC Barcelona ព្រោះពួកគេកំពុងដាច់ពិន្ទុរហូតដល់១០ពិន្ទុហើយ។Real Madrid ព្យាយាមលេងសម្រុកខ្លាំងមែនទែន ដើម្បីស្វែងរកជ័យជម្នះយក៣ពិន្ទុដេញតាម Barcelona ។ តែទោះជាយ៉ាងនេះក្ដី ប្រព័ន្ធការពាររបស់ក្រុម Atletico Madrid នៅតែរៀបបានល្អដដែល ពោលគឺមិនឱ្យក្រុមរបស់លោក Zidane មានឱកាសរកគ្រាប់បាល់បាននោះទេ។ មិនត្រឹមតែរកគ្រាប់បាល់មិនបានហើយ កីឡាកររបស់ក្រុមអធិរាជស Sergio Ramos ថែមទាំងមានរបួសបាក់ខ្ទង់ច្រមុះត្រូវប្ដូរចេញទៀត ក្រោយពីប៉ះទង្គិចគ្នាជាមួយកីឡាករ Lucas Hernandez ។នេះជាលើកដំបូងហើយដែលក្រុមទាំងពីរលេងរក្សាលទ្ធផល ០-០ គិតចាប់តាំងពីឆ្នាំ២០០៥មក ហើយលទ្ធផលនេះក៏បានធ្វើឱ្យក្រុមខ្លាំងទាំងពីរកាន់តែពិបាកក្នុងការប្រជែងជាមួយ Barcelona ដែរ ត្បិតអីការប្រកួតនៅសល់ច្រើនមែន តែពិន្ទុដាច់ឆ្ងាយពីគ្នាដល់ទៅ១០ពិន្ទុឯណោះ


RONALDO លួច​ទូរស័ព្ទ​អួត MESSI ថា ខ្លួន​នឹង​ឈ្នះ​ពាន BALLON D’OR នៅ​ឆ្នាំ​នេះ

តាមប្រភពព័ត៌មាន Daily Mail បានឲ្យដឹងថា កីឡាករល្បីថាអាត្មានិយមតែខ្លាំងថ្នាក់កំពូល Cristiano Ronaldo បានទួរស័ព្ទទៅកីឡាករខ្ញីចាស់ Lionel Messi ថារូបគេនឹងឈ្នះពាន Ballon d’Or នៅពេលខាងមុខ ។ នេះជាអ្វីដែលព័ត៌មាននៅប្រទេសអេស្ប៉ាញបានចុះ ។

នាពេលថ្មីៗនេះ មានការចុះផ្សាយអបអរនឹងការត្រៀមឈ្នះពាន Ballon d’Or របស់ Messi នៅលើទស្សនាវដ្តីបាល់ទាត់បារាំង ។ តែសម្រាប់កាសែតរបស់អេស្ប៉ាញវិញ បានផ្សាយថា Ronaldo ប្រាប់អួត Messi ថាខ្លួននឹងឈ្នះ ។

គួរបញ្ជាក់ផងដែរថា ការប្រកាសជាផ្លូវការពីម្ចាស់ពាន Ballon d’Or គឺនឹងធ្វើនៅថ្ងៃទី០៧ ខែក្រោយ ។ មនុស្សភាគច្រើនរំពឹងថា Messi នឹងជាម្ចាស់ពាន ៕

ប្រាក់ សុវណ្ណារ៉ា៖ ទោះ​ខ្ញុំ​លែង​ដឹក​នាំ​កម្ពុជា ​ឬ​មាន​បរទេស​ជំនួស កីឡាករ​ខ្មែរ​ត្រូវ​ចាំ​ពាក្យ​នេះ

លោក ប្រាក់ សុវណ្ណារ៉ា ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តែងតាំងជំនួសលោក Leonardo ដើម្បីដឹកនាំក្រុមឱ្យអស់ប្រកួតក្នុងឆ្នាំ២០១៧នេះ។ខណៈដែលក្រុមកម្ពុជា អស់ប្រកួតត្រឹមល្ងាចមិញនេះហើយ ដោយចាញ់ក្រុមហ្សកដានីនៅពហុកីឡដ្ឋានជាតិ ១-០។ ទន្ទឹមគ្នានេះដែរ លោក ប្រាក់ សុវណ្ណារ៉ា បានបង្ហើបថាអនាគតរបស់លោកគឺស្ថិតនៅលើសហព័ន្ធជាអ្នកសម្រេចថានៅឆ្នាំ២០១៨ដឹកនាំបន្ដទៀតឬយ៉ាងណា។ តែបើទោះជាមានបរទេសមកដឹកនាំក្ដី ក៏លោកសប្បាយចិត្តដែលបានជួយក្រុមកម្ពុជាប៉ុន្មានប្រកួតកន្លងមកដែរ។

អតីតគ្រូបង្វឹកក្លឹបអាជីពបឹងកេត ខាងលើបានបន្ដទៀតថា៖ “ទោះជាខ្ញុំមិនបានដឹកនាំកម្ពុជាក៏មិនដែរ សំខាន់ក្រុមរីកចំរើន។ ខ្ញុំសូមផ្ដាំទៅកីឡាករទាំងអស់ថា ត្រូវតែចាំទុក យើងលេងត្រូវសាមគ្គីគ្នា ទើបទទួលបានជ័យជម្នះ ដើម្បីជាតិយើង”។ក្រោមការដឹកនាំរបស់លោក ប្រាក់ សុវណ្ណារ៉ា ២ប្រកួតកន្លងទៅនេះ គឺក្រុមកម្ពុជាលេងចាញ់ក្រុមមីយ៉ាន់ម៉ាក្នុងលទ្ធផល ២-១ និងចាញ់ក្រុមខ្លាំងហ្សកដានីក្នុងលទ្ធផល ១-០៕

Buffon សម្រក់​ទឹកភ្នែក​ពេល​អ៊ីតាលី​អត់​កៅអី​ទៅ​ World Cup

ក្រុមជម្រើសជាតិអ៊ីតាលីទីបំផុតគ្មានកៅអីទៅ World Cup នៅរុស្ស៊ីឆ្នាំក្រោយទេក្រោយស្មើគ្នាជាមួយស៊ុយអែត ០ ទល់នឹង០ កាលពីយប់មិញ។ជើងឯកពិភពលោកកាលពីឆ្នាំ២០០៦បានចាញ់ ១-០ នៅវគ្គ Play-off ជើងទីមួយហើយមិនអាចធ្វើអ្វីគូប្រជែងបាននៅជើងទីពីរធ្វើឲ្យពួកគេអស់ឱកាសលេង World Cup លើកដំបូងគិតចាប់ពីឆ្នាំ ១៩៥៨មក។ នេះគឺជាលើកទីពីរហើយដែលក្រុមរហស្សនាមថា Azzurri គ្មានកៅអីទៅពានរង្វាន់ពិភពលោកដោយលើកទីមួយគឺ ១៩៣០។

ក្រោយបរាជ័យដ៏ធំធេងនេះអ្នកចាំទីជើងចាស់ Gianluigi Buffon បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិទាំងសម្រក់ទឹកភ្នែកដោយសាររូបគេមានវ័យ៣៩ឆ្នាំទៅហើយមិនអាចបន្តលេងដល់ World Cup លើកក្រោយបានទៀតនោះទេ។

ដោយឡែកគ្រូបង្វឹក Gian Piero Ventura វិញបាននិយាយថាខ្លួនមិនទាន់សម្រេចចិត្តថាគួរលាឈប់ពីតំណែង ឬក៏បន្តទៀតឡើយដោយសារមិនទាន់បានពិភាក្សាជាមួយសហព័ន្ធ ហើយហេតុផលមួយទៀតគឺកីឡាករក្នុងក្រុមមានទំនាក់ទំនងល្អជាមួយលោក៕

ឆ្នាំ​២០១៧ ​ហ្សកដានី ​ស៊យ​ណាស់​លេង​ក្រៅ​ដី អីចឹង​ជា​ឱកាស​ល្អ​សម្រាប់​កម្ពុជា

គ្រូបង្វឹករបស់ក្រុមហ្សកដានី ថាពួកគេមកប្រកួតជាមួយកម្ពុជាលើកនេះ គឺដើម្បីយក៣ពិន្ទុ ក្ដោបឱកាសបានឡើងទៅវគ្គបន្ដក្នុងពានរង្វាន់ AFC Asian Cup ដោយមិនខ្វល់ពីប្រវត្តិពីមុនមកនោះទេ។យ៉ាងណាមិញ កម្ពុជាហាក់ដូចជាមិនអាចបំភ្លេចបានឡើយ នៅគ្រាដែលពួកគេចាញ់ក្រុមខ្លាំងនៅអាស៊ីមួយនេះដល់ទៅ ៧-០ ឯណោះ កាលពីជើងទី១កន្លងទៅ។ ជាក់ស្ដែង ហ្សកដានីពិតជាខ្លាំងមែនក្នុងដីរបស់ពួកគេ ដោយយកឈ្នះក្រុមខ្លាំងៗជាច្រើនដូចជា ហ្សកហ្ស៊ី ហុងកុង អីជាដើម ប៉ុន្តែលេងក្រៅដីវិញ ហាក់ធ្វើមិនបានល្អទេ។

តួយ៉ាងក្នុងឆ្នាំ២០១៧នេះ ៥ប្រកួតរបស់ហ្សកដានី នៅក្រៅដី មិនទាន់ស្គាល់ពាក្យឈ្នះឡើយ ទោះលេងជាមួយក្រុមណាក៏ដោយ។ ដោយចាញ់ក្រុមអីរ៉ាក់ ១-០ ស្មើជាមួយ ហុងកុង ០-០ ស្មើ វៀតណាម ០-០ ស្មើជាមួយបារែន ០-០ និងស្មើអាហ្វហ្គានីស្ថាន ៣-៣។ តែបើក្នុងដីវិញ ឈ្នះហ្សកហ្ស៊ី ១-០ ឈ្នះហុងកុង ៤-០ ឈ្នះ កម្ពុជា ៧-០ ឈ្នះអាហ្វហ្គានីស្ថាន ៤-១ ឯណោះ។ស្ថិតិនេះ ដូចជាបញ្ជាក់បានខ្លះៗថា ការចង់បានត្រឹមស្មើ របស់លោកប្រាក់ សុវណ្ណារ៉ា ហាក់ដូចជាមានឱកាសច្រើនដែរ ត្បិតអីលោកក៏បង្កើតពីកត្តាកម្ពុជាមានប្រៀបជាងហ្សកដានីដែរ។ ដូច្នេះហើយ មានតែសង្ឃឹមលើបងប្អូនអ្នកគាំទ្រចូលរួមទស្សនាឱ្យបានច្រើន លើកទឹកចិត្តកីឡាករកម្ពុជាក្នុងការប្រកួតសំខាន់មួយនេះ។រឿងដែលមិនអាចភ្លេចបាន ការដឹកនាំក្រុមប៉ុន្មានប្រកួតខាងលើនេះ មិនមែនក្រោមការដឹកនាំរបស់លោក Jamal Abu-Abed ឡើយ។ ដោយគ្រូបង្វឹករូបនេះ ជាគ្រូថ្មី ហើយការប្រកួតជាមួយកម្ពុជាជាប្រកួតដំបូងរបស់លោក។ លោក Jamal មុននាំក្រុមមកកម្ពុជា បានផ្លាស់ប្ដូរកីឡាករច្រើនមែនទែន នៅក្នុងក្រុម ជាពិសេសខ្សែប្រយុទ្ធតែម្ដង ដោយកីឡាករធ្លាប់ស៊ុតចូលកម្ពុជាទាំង៧គ្រាប់នោះ មានឈ្មោះក្នុងបញ្ជីប្រកួតលើកទី២នេះទេ៕

ប្រភិភូដឹកនាំ គ្រូបង្វឹក និងវីរកីឡាការិនី កែ ឡេង ធ្វើដំណើរមកដល់កម្ពុជាហើយ!

(ភ្នំពេញ)៖ នៅខណៈពេលនេះ ប្រតិភូដឹកនាំ គ្រូបង្វឹក និងអត្តពលិកទាំង ៤រូបរួមទាំងវិរកីឡាការិនី កែ ឡេង បានធ្វើដំណើរមកដល់កម្ពុជាវិញហើយ ដោយបាននាំយកមេដាយ ២គ្រឿង (មាស១ និងសំរឹទ្ធ១) មកជាមួយផងដែរ ក្រោយបញ្ចប់បេសកកម្មប្រកួតជើងឯកពិភពលោក ផ្នែកកីឡាប៉េតង់ ឆ្នាំ២០១៧ នៅប្រទេសចិន។ ដើម្បីជាការស្វាគមន៍ និងអបអរសាទរចំពោះម្ចាស់មេដាយមាស សំរឹទ្ធដែលបានជួយលើកកិត្តិស័ព្ទកម្ពុជាលើឆាកអន្តរជាតិ ក្បួនម៉ូតូធំចំនួន ១២គ្រឿងនឹងដង្ហែអត្តពលិកជម្រើសជាតិទាំង ៤រូបនៅតាមដងផ្លូវធំៗមួយចំនួនក្នុងរាជធានីភ្នំពេញ ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ បន្ថែមលើនេះ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់មេដាយសម្រិតពិភពលោក មេដាយមាស នឹងទទួលបានប្រាក់រង្វាន់ ១២០លានរៀល មេដាយប្រាក់ ៨០លានរៀល និងមេដាយសំរឹទ្ធ ៦០លានរៀល។ សូមរំលឹកផងដែរថា កម្ពុជាបានបញ្ជូនអត្តពលិកកីឡាប៉េតង់ផ្នែកនារី ៤រូប (កែ ឡេង, អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា និង ស្រ៊ាង សុរ៉ាឃីម) ដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតប៉េតង់ពិភពលោក ឆ្នាំ២០១៧ នៅទីក្រុង Kaihua ប្រទេសចិន ដែលមាន ៤៣ប្រទេសចូលរួម។ សម្រេចជាលទ្ធផលកីឡាការិនី កែ ឡេង ដណ្តើមបានមេដាយមាស ១គ្រឿង ដែលជាមេដាយធ្លាប់ឈ្នះ ២សម័យកាលជាប់គ្នាគឺក្នុងឆ្នាំ២០១៣ នៅបារាំង និងឆ្នាំ២០១៥ នៅប្រទេសថៃ មុនពេលចាប់ដៃគូវាយ ៣នាក់ទល់នឹង ៣នាក់ បានឈ្នះត្រឹមមេដាយសំរឹទ្ធ ១គ្រឿងទៀត ក្រោយចាញ់ក្រុមកីឡាការិនីបារាំង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ៕

​ថ្ងៃ​នេះ​ វីរនារី​ កែ ឡេង​ ត្រូវ​ការពារ​មេដាយ​មាស​ពិភព​លោក​របស់​ខ្លួន​ជា​លើក​ទី​២​

ការប្រកួតជើងឯកប៉េតង់ពិភពលោកផ្នែកនារីប្រចាំឆ្នាំ២០១៧នៅប្រទេសចិននេះមានប្រទេសចំនួន៤៣ចូលរួមប្រកួត ដូច្នេះវីរនារីកម្ពុជា កែ ឡេង ត្រូវឆ្លងកាត់ឧបសគ្គច្រើន ប្រសិនបើការពារមេដាយមាសរបស់ខ្លួនបានសម្រេច។ វិញ្ញាសានារីវាយទោល Shooting នេះអ្នកស្រី កែ ឡេង ធ្លាប់ឈ្នះមេដាយមាស២ដងគឺលើកទី១ឈ្នះនៅប្រទេសបារាំងកាលពីឆ្នាំ២០១៣ និងលើកទី២ឈ្នះនៅប្រទេសថៃឆ្នាំ២០១៥ដែលជាឆ្នាំការពារមេដាយមាសរបស់ខ្លួនទី១បានសម្រេច។ សម្រាប់ឆ្នាំ២០១៧នេះ អ្នកស្រីត្រូវការពារជាលើកទី២។

វិញ្ញាសា Shooting នេះ កីឡាការិនីបារាំង Angelique Papon មានកំណត់ត្រាឈ្នះច្រើនជាងគេក្នុងប្រវត្តិសាស្ត្រគឺឈ្នះបាន៣ដងដែលលើកទី១ ឆ្នាំ២០០៥ លើកទី២ ឆ្នាំ២០០៧ និងលើកទី៣ឈ្នះឆ្នាំ២០០៩។

កម្ពុជាបានបញ្ជូនគណៈប្រតិភូចំនួន៦នាក់សម្រាប់ផ្នែកនារីនេះគឺលោក អ៊ីន គឹមស៊្រុនជាប្រធានដឹកនាំ លោក សុខ ម៉ុងជាគ្រូបង្វឹក និងកីឡាការិនី កែ ឡេង អ៊ុក ស្រីម៉ុំ ស្រេង សារ៉ាឃីម និងអ៊ុន ស្រីយ៉ា។ការប្រកួតជើងឯកប៉េតង់ពិភពលោកប្រចាំឆ្នាំ២០១៧ផ្នែកនារីនៅទីក្រុង Kaihua ប្រទេសចិនត្រូវចាប់ផ្តើមប្រកួតពីថ្ងៃទី៨ដល់ថ្ងៃទី១២ ខែវិច្ឆិកានេះ៕

ក្រោម​សំឡេង​អ្នក​គាំទ្រ​ពេញ​ស្តាត កម្ពុជា​ ចាញ់ មីយ៉ាន់ម៉ា​ ២-១

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានចាញ់ក្រុមភ្ញៀវក្រុមមីយ៉ាន់ម៉ាដោយលទ្ធផល ២-១ នៅពហុកីឡដ្ឋានជាតិដែលមានអ្នកគាំទ្រយ៉ាងច្រើនកុះកររហូតជាង៣ម៉ឺននាក់ក្នុងជំនួបមិត្តភាពអន្តរជាតិដ៏សំខាន់មួយមុនពេលវគ្គជម្រុះ AFC Asian Cup មកដល់នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ មីយ៉ាន់ម៉ារកបាន២គ្រាប់នៅនាទីទី១៥នៃវគ្គទី១ដោយកីឡាករ Zaw Min Tun និងគ្រាប់ទី២ដោយកីឡាករ Aung Thu នៅនាទីទី៧១នៃវគ្គទី២។ ចំពោះ១គ្រាប់របស់កម្ពុជារកបានដោយ ប្រាក់ មុន្នីឧត្តម នៅនាទីទី៥០នៃ វគ្គទី២។

ចំពោះខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ទទួលបានឱកាសមាសជាច្រើន ប៉ុន្តែធ្វើមិនបានសម្រេច ជាពិសេសនៅនាទីទី៧៨ និង៨០ទទួលបានដាច់មាត់យ៉ាងល្អ ប៉ុន្តែស៊ុតខុសទីទាំងពីរលើក៕

Suarez ថា បើសិនជាមកមែន Coutinho នឹងជួយ Barca បានច្រើន

Luis Suarez ក្នុងថ្ងៃនេះបាននិយាយថា Philippe Coutinho នឹងជួយ Barcelona បើសិនជាកីឡាករសញ្ជាតិប្រេស៊ីល ចូលរួមជាមួយក្លឹបអ្នកមានបុណ្យមែន។ពេលសួរថាបើសិនជាមក Barca តើ Coutinho អាចជួយក្លឹបមួយនេះបានកម្រិតណា Suarez បានឆ្លើយប្រាប់សារព័ត៌មាន Mundo Deportivo វិញថា៖ "គេនឹងជួយបានច្រើនណាស់។ ខ្ញុំស្គាល់គេទាំងនៅក្នុង និងក្រៅទីលានប្រកួត ព្រោះខ្ញុំធ្លាប់លេងជាមួយគេ ប៉ុន្តែគ្រប់គ្នាសុទ្ធតែដឹងថា Coutinho មានសមត្ថភាពជួយក្រុមបានច្រើន។ គេជាកីឡាករមួយរូបដែលបច្ចុប្បន្ន កំពុងលេងបានយ៉ាងល្អ"។

កីឡាករសញ្ជាតិអ៊ុយរុយហ្គាយបន្តទៀតថា៖ "ច្បាស់ណាស់ គេប្រាកដជាចង់មកលេងឲ្យ Barca ពីព្រោះគេជាកីឡាករដែលមានមហិច្ឆតាខ្ពស់។ និយាយតាមត្រង់ទៅ នរណាក៏ចង់មកលេងឲ្យក្លឹប Barca ដែរ"។ Suarez និង Coutinho ធ្លាប់លេងអស់រយៈពេល១រដូវកាលកន្លះ ជាមួយគ្នានៅក្លឹបហង្សក្រហម Liverpool មុនពេល Suarez ចាកចេញទៅ Barcelona កាលពីពាក់កណ្ដាលឆ្នាំ ២០១៤។

បន្ទាប់ពី Neymar បានចាកចេញទៅ PSG បាត់ទៅនៅខែដើមខែសីហា ក្លឹប Barcelona បានប្រឹងប្រែងជាច្រើនលើកច្រើនសាក្នុងការតាមទិញខ្សែបម្រើប្រយុទ្ធ Coutinho ពី Liverpool បើទោះជាក្លឹបហង្សក្រហម បដិសេធម្ដងហើយម្ដងទៀតក៏ដោយ៕

សំដី​ មាស ម៉ើ​ នេះ​ពិត​ជា​​អ្នក​វ៉ៃ​ជំរុញ​ទឹក​ចិត្ត​ខ្លួន​ឯង​ខ្លាំង​​

អ្នកលេងគុនចម្រុះក្នុងទ្រុង MMA របស់កម្ពុជា មាស ម៉ើ កំពុងសាងកេរ្តិ៍ឈ្មោះល្បីខ្លាំងនៅក្រៅប្រទេសជាពិសេសនៅប្រទេសថៃ បន្ទាប់ពីរូបគេបានផ្តួលដៃគូឲ្យសន្លប់ផ្ទួនៗគ្នានៅទីនោះ។ ទោះជាយ៉ាងណានៅប្រទេសកំណើតរបស់ខ្លួនហាក់មិនសូវល្បីល្បាញប៉ុន្មានឡើយដោយសាររូបគេមិនធ្លាប់វ៉ៃជាមួយកីឡាករបរទេសនៅកម្ពុជាឡើយ។ថ្វីបើមិនសូវល្បីល្បាញ និងមិនសូវទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងស្រុកក៏ដោយ ក័មាស ម៉ើ នៅតែជំរុញទឹកចិត្តរបស់ខ្លួនឲ្យខិតខំប្រឹងប្រែងបន្តទៀត។ កាលពីយប់មិញជើងខ្លាំងកម្ពុជារូបនេះបាននិយាយថា ៖«កីឡាកររូបនេះ (ខ្លួនឯង) ខិតខំប្រឹងប្រែងរាល់ថ្ងៃនេះ មិនមែនដើម្បីសាងកេរ្ដិ៍ខ្លួនតែម្យ៉ាងនោះទេ គឺខំប្រឹងដើម្បីគឺខិតខំប្រឹងដើម្បីរក្សាគុនខ្មែរ និង គុនចម្រុះ MMA។ ខិតខំប្រឹងដើម្បីប្រទេសជាតិកម្ពុជាទាំងមូល។ ខិតខំប្រឹងដើម្បីឲ្យកីឡាករគ្រប់រូបមានភាពតស៊ូនៅលើសង្វៀនមិនថាដៃគូមកពីប្រទេសណាកុំញញើត(វ៉ៃ)។ សង្ឃឹមថា មេដឹកនាំនៃប្រទេស និង អស់លោកអ្នកធំៗ ជួយជ្រោមជ្រែងកីឡាកររូបនេះ និងកីឡាករដទៃទៀត ព្រោះសមត្ថភាពនិងធនធាននៃកីឡាករល្អ គួររក្សាទុកឲ្យល្អ»។

មាស ម៉ើ ជាកំពូលអ្នកវ៉ៃក្នុងទ្រុងគ្មានពីរសម្រាប់កម្ពុជានាពេលបច្ចុប្បន្ន។ កីឡាករដែលធ្លាប់វ៉ៃបាន៣០ដង និងចាញ់១ដងបានបញ្ឈប់ដៃគូប្រកួតមិនឲ្យឆ្លងទឹកទី២ឡើយ។ រាល់ការប្រកួតនៅប្រទេសថៃម្តងៗ ពិធីករតែងតែនិយាយថា ពួកគាត់មិនធ្លាប់កីឡាករកម្ពុជាដែលមានទេពកោសល្យផ្នែកប្រដាល់ MMA ដូចមាស ម៉ើឡើយ។ ចាំបានថា ៣ប្រកួតចុងក្រោយនៅទឹកដីថៃ រូបគេបានផ្តួលកីឡាករម្ចាស់ផ្ទះថៃ២នាក់ និងឈ្នះកីឡាករម៉ាឡេស៊ី៕

Asensio បន្ត​ស៊ុត​គ្រាប់​ពី​ចម្ងាយ​ខណៈ​ Real រក​បាន​ជ័យ​ជម្នះ​មក​វិញ

Real Madrid ធ្វើបាន៣ពិន្ទុក្នុងការប្រកួត La Liga សប្ដាហ៍ទី១១បន្ទាប់ពីផ្ដួល Las Palmas ៣-០ កាលពីយប់មិញ។ការប្រកួតនៅកីឡដ្ឋាន Santiago Bernabeu ដែលមានអ្នកគាំទ្រ ៦៧១២០នាក់ក្រុមម្ចាស់ផ្ទះលេងគាបសង្កត់យ៉ាងខ្លាំងនៅវគ្គទីមួយរហូតធ្វើបានសម្រេចគ្រាប់ដំបូងនៅនាទី៤១ជាការតែតបាល់បញ្ចូលទីដោយCasemiro។

នៅវគ្គទីពីរក្រុមការពារដំណែងជើងឯក La Liga នៅតែបន្តការគាបសង្កត់ហើយរកឃើញគ្រាប់ទីពីរនៅនាទី៥៦ជាថ្វីជើងទាត់ពីចម្ងាយរបស់ Marco Asensio។ នៅនាទី៧២ តារាឆ្នើម Ronaldo បានបញ្ជូនបាល់ពីស្លាបខាងស្ដាំឲ្យ Isco ស៊ុតបញ្ចូលទីបានសម្រេចគ្រាប់ទីបី។

ទោះ Assist បានមួយគ្រាប់ក៏ Ronaldo ខ្លួនឯងនៅតែមិនទាន់អាចស៊ុតបញ្ចូលបានទៀតនៅឡើយក្រោយរកបានតែមួយគ្រាប់គត់ក្នុងការបង្ហាញខ្លួន៦ប្រកួតកន្លងមក៕

Wenger ថា​២​គ្រាប់​ Man City មួយ​ជា​បាល់​ធ្វើ​ពុត​ មួយ​ទៀត​ជា​បាល់​ Offside

Arsène Wenger បានសម្ដែងការខកចិត្តចំពោះលទ្ធផលចាញ់ Manchester City កាលពីយប់មិញដោយលោកគិតថាលទ្ធផលគួរតែស្មើគ្នា បើសិនជាអាជ្ញាកណ្ដាលកាត់ក្ដីបានល្អជាងនេះ។ការប្រកួតនៅទឹកដី Etihad ក្នុងទីក្រុង Manchester លទ្ធផល៩០នាទីគឺម្ចាស់ផ្ទះបានយកឈ្នះ ៣ទល់នឹង១។ ៣គ្រាប់របស់ Man City ស៊ុតបញ្ចូលទីដោយ Kevin de Bruyne នៅនាទី១៩, Sergio Aguero នៅនាទី៥០ ជាការទាត់បាល់ប៉េណាល់ទី និង Gabriel Jesus នៅនាទិ៧៤។ ១គ្រាប់របស់ Arsenal ធ្វើបានដោយ Alexandre Lacazette នាទី៦៥។


យ៉ាងណាក៏ដោយលោក Wenger បានរិះគន់ថាគ្រាប់បាល់ប៉េណាល់ទីរបស់ Man City មិនគួរផ្ដល់ឲ្យនោះទេដោយសារវាកើតចេញពីការធ្វើពុតរបស់ Sterling ហើយគ្រាប់បាល់ទីបីរបស់ Jesus គឺជាបាល់ក្រៅល្បែង (Offside) ១០០%។

“វាមិនគួរផ្ដល់បាល់ប៉េណាល់ទីឡើយ ព្រោះយើងដឹងហើយថា Sterling មានជំនាញធ្វើពុត គាត់ធ្វើបានយ៉ាងល្អ។ ចំពោះគ្រាប់ទីបីជាបាល់ក្រៅល្បែង។ អាជ្ញាកណ្ដាលកាត់សេចក្ដីនៅមានកំហុសច្រើន ហើយកម្រិតនៃការងាររបស់ពួកគេកាន់តែថយចុះពីមួយរដូវកាលទៅមួយរដូវកាល"។ អ្នកចាត់ការសញ្ជាតិបារាំងរិះគន់ដូច្នេះ៕

ចាន់ វឌ្ឍនាកា «ទោះ​ពួក​យើង​ធ្លាក់​ នៅ​តែ​មាន​ស្មារតី​​ចង់​ឈ្នះ​ហ្សកដានី​»

«ទោះពួកយើងធ្លាក់ នៅតែមានស្មារតីចង់ឈ្នះហ្សកដានី» ។ជាសម្ដីរបស់ខ្សែប្រយុទ្ធឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា បាននិយាយកាលពីម្សិលមិញនេះនៅពហុកីឡដ្ឋានជាតិក្រោយអង្គុយបម្រុងមើលក្រុមជម្រើសជាតិចាញ់ក្រុម African All Stars ២-១ ដែលជាជំនួបមិត្តភាពកម្ដៅសាច់ដុំ។ក្រុមជម្រើសជាតិកម្ពុជាសឹងតែអស់ឱកាស ១០០ % ទៅហើយក្នុងការឡើងទៅវគ្គបន្ត សម្រាប់ការប្រកួតជម្រុះ AFC Asian Cup ដោយរកបានត្រឹម ៣ ពិន្ទុក្នុងការប្រកួតចំនួន ៤ លើកកន្លងមក។



កម្ពុជានៅសល់ពីរប្រកួតក្នុងដៃដែលត្រូវទទួលក្រុមខ្លាំងហ្សកដានី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ និងទៅជួបក្រុម អាហ្វហ្គានីស្ថាន ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។ ទាក់ទងការប្រកួតជម្រុះពានរង្វាន់ខាងលើ ខ្សែប្រយុទ្ធកំពុងប្រកបអាជីពនៅលីគទី៣ ជប៉ុនក្លឹប Fujieda MYFC រូបនេះបានឲ្យដឹងថា កីឡាកររបស់កម្ពុជាមានឆន្ទៈក្នុងការប្រកួតប្រជែងជាមួយហ្សកដានី។ ជំនួបផ្លូវការខាងមុខ វឌ្ឍនាកា ជឿថា កម្ពុជា នឹងអាចប្រកួតប្រជែងជាមួយដៃគូដ៏ខ្លាំងមួយនេះបាន ដោយសារជំនឿចិត្តរបស់កីឡាករគ្រប់រូបមានខ្ពស់។


និយាយពីកម្រិតនៃការលេងអតីតកីឡាករព្រះខ័នរាជស្វាយរៀងរូបនេះបង្ហើបថា ហ្សកដានី ខ្ពស់ជាងកម្ពុជា ទាំងបច្ចេកទេស និងកម្រិតនៃការលេង។ មុនការប្រកួតផ្លូវការជាមួយហ្សកដានី កម្ពុជា នឹងតទល់ជាមួយក្រុម មីយ៉ាន់ម៉ា ដែលជាជំនួបមិត្តភាពអន្តរជាតិថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ម៉ោង ៦:៣០ នាទីនៅពហុកីឡដ្ឋានជាតិ៕

សកម្មភាពក្រុមជម្រើសជាតិតទល់ជាមួយ African All Stars

African All Stars ​សមត្ថភាព​ប្រយុទ្ធ​មិន​ចាញ់ មីយ៉ាន់ម៉ា ​និង​ហ្សកដានី​ឡើយ

លោក ប្រាក់ សុវណ្ណារ៉ា ថាក្រុម African All Stars មានកីឡាករល្អៗច្រើន ហើយជាពិសេសក្រុមនេះមានសមត្ថភាពប្រយុទ្ធមិនចាញ់មីយ៉ាន់ម៉ា និងហ្សកដានីឡើយ។មិត្តភាពកាលពីល្ងាចម្សិលមិញនេះ ក្រុមជម្រើសជាតិកម្ពុជាចាញ់ក្រុម African All Stars ក្នុងលទ្ធផល ២-១ ។ ក្រោយពីចប់ការប្រកួតកម្ដៅសាច់ដុំនោះដែរ លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជាមើលឃើញថាសមត្ថភាពក្រុមមកពីតំបន់អាហ្វ្រិកពិតជាខ្លាំង។ជាពិសេសនោះតំបន់ប្រយុទ្ធរបស់ពួកគេតែម្ដង ដែលកីឡាករទាំងអស់សុទ្ធសឹងតែលេងនៅលីគកំពូលកម្ពុជា សមត្ថភាពមិនធម្មតាមិនចាញ់ក្រុមមីយ៉ាន់ម៉ា និងហ្សកដានីឡើយ។ ហេតុដូច្នេះហើយបានជាលោកសម្រេចចិត្តធ្វើការប្រកួតមិត្តភាពនេះឡើយ ដើម្បីវាស់ស្ទង់កម្រិតលេងរបស់កីឡាករកម្ពុជា ថាតើត្រូវយកអ្នកណាដើម្បីបានជាប់ជាជម្រើសដំបូង។ដូចគ្នានេះដែរលោក Eselemo Fred គ្រូបង្វឹករបស់ African All Stars ក៏បង្ហាញចំណាប់អារម្មណ៍ដែរថាក្រុមជម្រើសជាតិកម្ពុជាមានការរីកចំរើនច្រើន ក្រោមការដឹកនាំរបស់លោក ប្រាក់ សុវណ្ណារ៉ា។ ការប្រកួតចាញ់នេះ មិនមែនជាបញ្ហាឡើយ ព្រោះវាជាការប្រកួតមិត្តភាព ដូច្នេះលោកសង្ឃឹមថាក្រុមកីឡាករកម្ពុជានឹងរៀនសូត្របានច្រើនពីការប្រកួតសាកកម្លាំងគ្នានេះ។ការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមមីយ៉ាន់ម៉ា នឹងត្រូវធ្វើឡើងនៅថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៧ខាងមុខនេះឡើយ នៅពហុកីឡដ្ឋានជាតិវេលាម៉ោង៦:៣០នាទី។ ចំពោះសំបុត្រចូលទស្សនាវិញមានតម្លៃ១០ ០០០រៀលសម្រាប់កន្លែងមានដំបូល និង៥ ០០០រៀលសម្រាប់កន្លែងអត់ដំបូល៕


 

est Ham វាយ​បក​ទម្លាក់​ Spurs ចេញ​ពី League Cup

West Ham United បានវាយបកទម្លាក់ម្ចាស់ផ្ទះ Tottenham Hotspur ចេញពីពាន League Cup សឹងមិនគួរឲ្យជឿបើទោះជាត្រូវគេនាំមុខមុនក៏ដោយ។ការប្រកួតពានធំទី៣របស់អង់គ្លេសយប់មិញ Spurs បានបើកការនាំមុខ West Ham រហូត២គ្រាប់មុន ស៊ុតបញ្ចូលទីដោយ Sissoko នាទី ទី៦ និង Alli នាទី៣៧។ យ៉ាងណាក៏ដោយក្រុមលោក Slaven Bilić សងបាន៣គ្រាប់វិញនៅវគ្គទីពីរ រកបានដោយ A Ayew ២គ្រាប់ម្នាក់ឯងនៅនាទី ៥០, ៦០ និងគ្រាប់ជ័យជម្នះរកបានដោយ Ogbonna នៅនាទី៧០។

ដោយឡែក Chelsea ឯណោះវិញក៏បានកក់កៅអីវគ្គ៨ក្រុមចុងក្រោយដែរបន្ទាប់ពីយកឈ្នះ Everton ២-១ នៅទឹកដី Stamford Bridge។ ១គ្រាប់របស់ម្ចាស់ផ្ទះរកបានដោយខ្សែការពារ Rüdiger នាទី២៦ និង ខ្សែបម្រើ Willian នាទី៩០+២ ស្របពេល១គ្រាប់ពីភាគី Everton ស៊ុតបញ្ចូលទីដោយយុវជន Calvert-Lewin នាទី៩០+៤។

ការចាប់ឆ្នោតរើសគូរវាងក្រុមទាំង៨នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ៖

 

តារា​ចុង​ម៉ោង​ Giroud ទាត់​បក​ក្រោយ​ជួយ​ Arsenal ឈ្នះ​នៅ​ Europa League

Arsenal បានបន្តផ្ដួលគូប្រជែងនៅ Europa League ដូចទឹកបាក់ទំនប់ក្រោយយកឈ្នះ FK Crvena Zvezda ក្នុងការប្រកួតពូល H។ជំនួបកាលពីយប់មិញនៅទឹកដី Stadion Rajko Mitic ប្រទេសស៊ែប Zvezda មានឱកាសច្រើនក្នុងការទម្លាយសំណាញ់ទីប៉ុន្តែអ្នកចាំទីឆ្នើម Petr Čech បានសង្គ្រោះបាល់ល្អៗជាច្រើនលើកច្រើនសារ ពិសេសគឺនាទី ៣០, ៥១ និង៥៣។ យ៉ាងណានៅនាទី៨០ខ្សែការពារ Milan Rodic បានកាតលឿង២ដងត្រូវបណ្ដេញចេញធ្វើឲ្យម្ចាស់ផ្ទះសល់គ្នា១០នាក់ប៉ុណ្ណោះ។

លុះដល់បាទី៨៥ ខ្សែប្រយុទ្ធ Giroud បានក្លាយជាវីរបុរសដោយលោតទាត់បកក្រោយបញ្ចូលទីឲ្យ Arsenal យកឈ្នះ ១-០ ជាការតែតបញ្ជូនបាល់ឲ្យរបស់ Theo Walcott៕

លីគ​កំពូល​កម្ពុជា សប្ដាហ៍​នេះ​នឹង​កាន់​តែ​ជក់ចិត្ត​បន្ថែម​ទៀត

ការប្រកួតលីគកំពូលកម្ពុជានៅចុងសប្ដាហ៍នេះ នឹងកាន់តែល្អមើលថែមទៀត ត្បិតអីក្រុមខ្លាំងៗបន្ដប៉ះគ្នា ដូចជា ព្រះខ័នរាជស្វាយរៀង តតាំងជាមួយណាហ្គាវើល និងភ្នំពេញក្រោនប៉ះក្រសួងការពារជាតិជាដើម។នេះជាសប្ដាហ៍ទី១៨ហើយសម្រាប់លីគកំពូលកម្ពុជា ខណៈដែលព្រះខ័នរាជស្វាយរៀងនៅតែបន្ដឈរកំពូលតារាងដដែល។ ក្លឹបដែលដឹកនាំដោយលោក សំ វ៉ាន់ដេត នឹងបន្ដប៉ះក្រុមណាហ្គាវើល នៅទីលានស្ដាតចុងសប្ដាហ៍នេះ វេលាម៉ោង ៣:៣០នាទីរសៀល។ ការប្រកួតនេះក្រុមទាំងពីរសុទ្ធតែត្រូវការពិន្ទុដូចគ្នា តួយ៉ាងស្វាយរៀងត្រូវការ៣ពិន្ទុបន្ថែមដើម្បីបន្ដកំពូលតារាង ស្របពេលណាហ្គាវើលក៏ត្រូវការ៣ពិន្ទុដើម្បីរក្សាតំណែងក្នុងតំបន់ Top4 របស់ខ្លួន។

ដោយឡែកសម្រាប់ទ័ពនិងភ្នំពេញក្រោនវិញ ក្រុមទាំងពីរនេះកំពុងប្រដេញគ្នាខ្លាំង ព្រោះក្រោននៅលេខ៤មាន៣២ពិន្ទុនិងក្រសួងការពារជាតិមាន៣០ពិន្ទុឈរនៅលេខ៥។ ប្រសិនបើក្រសួងការពារជាតិអាចយកឈ្នះប្រកួតនេះបាន នោះពួកគេនឹងឈានចូលក្នុងតំបន់ Top4 បានវិញហើយ។អីចឹង មានតែចាំទស្សនាការប្រកួតនៅចុងសប្ដាហ៍នេះទេ ទើបដឹងថាក្រុមណានឹងទទួលបានប៉ុន្មានពិន្ទុ ហើយឈរនៅចំណាត់ថ្នាក់ទីប៉ុន្មានក្នុងតារាងលីគកំពូលកម្ពុជាសប្ដាហ៍ទី១៨៕

ស្រលាញ់​បាល់​ទាត់​ខ្មែរ សូម​ទៅ​មើល! ក្រុម ឪម៉ាល់ ត្រៀម​ទិច កំចាយ​មារ លើក​ពាន​ហ៊្វូតសាល​ជាតិ ក្លៀរ

ជើងខ្លាំងមិនដែលចាញ់ កំចាយមារ នឹងត្រូវប្រយុទ្ធស្លាប់រស់ជាមួយក្រុមសម្បូរទ្រនិច ឪម៉ាល់ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ពានរង្វាន់ក្នុងសាលជាតិ ក្លៀរ CLEAR National Futsal Cup 2017 នៅថ្ងៃសៅរ៍ ទី១៤ តុលានេះហើយ នៅទីលាន Clear Arena The Blue Sports Center បន្ទាប់ពីប្រកួតជម្រុះអស់ជិត ៣ ខែមក។

អ្នកស្រលាញ់បាល់ទាត់ខ្មែរ និងអ្នកគាំទ្រទាំងអស់ អាចមកចូលរួមទស្សនាហ៊ោកញ្ជ្រៀវដោយសេរី និងឥតគិតថ្លៃ នៅទីលានម្ដុំទួលគោកមួយនេះ។

ការពិតទៅ ក្រុម ឪម៉ាល់ ធ្លាប់ចាញ់ក្រោមថ្វីជើងរបស់ក្រុមទ័ពមកពីព្រៃវែង កំចាយមារ ម្ដងរួចមកហើយ កាលពីវគ្គប្រកួត ១០ក្រុមចុងក្រោយ ដោយលទ្ធផល ៤-១។ ឯក្រុមពូកែកម្ទេចសត្រូវ កំចាយមារ គឺជាក្រុមមិនទាន់ស្គាល់ពាក្យថាចាញ់ ឬស្មើនៅឡើយ ដោយមានប្រកួតខ្លះលត់ដៃគូដល់ទៅ ២០-៣០ គ្រាប់ឯណោះ។ ចាំមើលមើល៍ ថាតើ ឪម៉ាល់ អាចទិចសងសឹកគូសត្រូវឲ្យសុសសាច់បានដែរអត់?មិនត្រឹមតែបានទស្សនាសង្គ្រាមហ៊្វូតសាលវគ្គផ្ដាច់ព្រ័ត្រផ្ទាល់ប៉ុណ្ណោះទេ អ្នកចូលរួមនឹងបានឃើញការសម្ដែងពិសេសៗជាច្រើន ដូចជា ការសម្ដែងក្បាច់ត្រិះញាក់បាល់ (Freestyle Futsal) ការសម្ដែងក្បាច់រាំ Break Dance, DJ Rose, ការចាប់ឆ្នោតយករង្វាន់ពីសាប៊ូកក់សក់ CLEAR Men និងការចូលរួមលេងហ្គេមកម្សាន្តផ្សេងៗ។

ពានរង្វាន់ក្នុងសាលជាតិ មាន ២០ ក្រុម ដោយប្រកួតបែងចែក ២ដំណាក់កាល ចាប់ពីថ្ងៃទី២៩ កក្កដា ដល់ ១៤ តុលា ២០១៧។ អ្នកឈ្នះនឹងទទួលបានពានរង្វាន់ មេដាយមាស រួមជាមួយប្រាក់ ៥០០០ ដុល្លារ។

ចង់ដឹងក្រុម ឪម៉ាល់ អាចទិចបំបាក់ក្រុមមិនដែលចាញ់ កំចាយមារ នៅវគ្គផ្ដាច់ព្រ័ត្របានអត់ កុំភ្លេចទៅមើលនៅទីលាន Clear Arena The Blue Sports Center៕

១១​​នាក់​​ដែល​​កម្ពុជា ​អាច​ដាក់​លេង​​ប៉ះ​វៀតណាម​យប់​នេះ

ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតជាមួយក្រុមវៀតណាមវេលាម៉ោង ៧:០០ នាទីយប់នេះ ដែលជាការប្រកួតសន្សំពិន្ទុលើកទី៤ ក្នុងពូល C នៃការប្រកួតវគ្គជម្រុះ AFC Asian Cup 2019 ។បើគិតមកដល់ពេលនេះក្រុមកម្ពុជាទើបតែរកបាន ៣ ពិន្ទុប៉ុណ្ណោះ ដោយឈ្នះ១ និងចាញ់ពីរប្រកួត ខណៈក្រុមវៀតណាមរកបាន ៥ ពិន្ទុហើយ ដោយឈ្នះ ១និងស្មើពីរប្រកួត។


វិភាគ​! ​តើ​​កម្ពុជា​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​រៀប​ចំ Khmer Thai Fight ?

ព្រឹត្តិការណ៍ដ៏ធំមិនធ្លាប់មាននៅកម្ពុជា Khmer Thai Fight នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ ដែលកម្ពុជាបានសហការគ្នាជាមួយប្រទេសថៃធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីនេះឡើង។ ព្រឹត្តិការណ៍ដែលមានប្រទេសចូលរួមរហូតដល់១០មួយនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនអ្នកស្នេហាវិស័យប្រដាល់ ចុះប្រិយមិត្តចាប់អារម្មណ៍ទេថា តើការរៀបចំនេះកម្ពុជាទទួលបានអត្ថប្រយោជន៍អ្វីខ្លះ ថ្ងៃនេះ Sabay សូមលើកយកចំណុចខ្លះមកជម្រាបជូន។

១-បង្ហាញឲ្យពិភពលោកបានដឹងពីកម្រិតក្បាច់គុនរបស់ខ្មែរ

ទាក់ទងចំណុចនេះលោក អេ ភូថង គ្រូបង្ហាត់គុនខ្មែរជម្រើសជាតិកម្ពុជាបញ្ចេញទស្សនៈថា នីតិវិធីរបស់ថៃ ក្នុងការផ្សព្វផ្សាយព័ត៌មានតម្កើងគុនខ្មែរមានខ្ពស់។ ដូច្នេះនេះជាឱកាសល្អមែនទែន ដែលប្រទេសថៃព្រមយកកម្មវិធីនេះមករៀបចំនៅកម្ពុជា ដោយពួកគេនឹងកោះហៅកីឡាករល្អៗនៅលើពិភពលោកមកចូលរួម។

មួយវិញទៀត ការរៀបចំនេះអាចឲ្យកម្ពុជាទទួលបានឱកាសបង្ហាញស្នាដៃពីកម្រិតក្បាច់គុនរបស់ខ្លួន ដែលមានមិនក្រោមថៃឲ្យពិភពលោកបានដឹង។

២-ទទួលបានបទពិសោធកាន់តែច្រើនក្នុងការចូលរួមព្រឹត្តិការណ៍ធំៗ

មែនទែនទៅកីឡាករល្បីៗ របស់កម្ពុជាមួយចំនួនមិនទាន់បានប្រលូកព្រឹត្តិការណ៍ធំៗឡើយ។ ឱកាសចូលរួមលើកនេះអាចជាឱកាសល្អឲ្យពួកគេទទួលបានបទពិសោធ និងសិក្សាពីក្បាច់គុនរបស់ប្រទេសដែលចូលចិត្តសិល្បៈប្រយុទ្ធ។

៣-ជារឿងល្អបំផុតសម្រាប់អ្នកគាំទ្រកម្ពុជា

ចំណង់ចំណូលចិត្តទស្សនាផ្ទាល់គឺជាអ្វីអ្នកស្នេហាវិស័យប្រដាល់ត្រូវការ។ និយាយពី Thai Fight អ្នកគាំទ្រកម្ពុជា ប្រហែលជាមានគំនិតមិនខុសគ្នាទេ ដែលកំពុងទន្ទឹងរង់ចាំការមកដល់នៃព្រឹត្តិការណ៍នេះ ដូច្នេះគឺជារឿងល្អបំផុតសម្រាប់អ្នកគាំទ្រ ដែលបានទស្សនាផ្ទាល់នៅលើទឹកដីកម្ពុជា ពុំចាំបាច់ទៅក្រៅប្រទេស។សូមបញ្ជាក់ថា កម្ពុជា បានបញ្ជូនឈ្មោះកីឡាករចំនួន ៤ រូបទៅចូលរួមព្រឹត្តិការណ៍នេះគឺមាន មឿន សុភា ឡៅ ចិត្រា ឃីម ឌីម៉ា និង ពេជ្រ ម្ទេសខ្មាំង ដោយការចូលរួមនេះ កីឡាករកម្ពុជាមិនប៉ះកីឡាករថៃទេ ពោលគឺត្រូវតតាំងជាមួយបណ្ដាប្រទេសដទៃទៀត៕


 

"បាល់ទាត់​ជំពាក់​ពាន​ World Cup ដល់​ Ronaldo”

Football owes Cristiano Ronaldo a World Cup ឬ បាល់ទាត់ជំពាក់ពាន World Cup ដល់ Ronaldo គឺជាចំណងជើងដែលបានចុះផ្សាយលើសារព័ត៌មាន Marca។សារព័ត៌មានដ៏ល្បីរបស់អេស្ប៉ាញបានសរសេរថា វីរបុរសបាល់ទាត់ដែលមានប្រភពមកពី ទីក្រុង Funchal ប្រទេសព័រទុយហ្គាល់នឹងឈានជើងជាន់ដីរុស្ស៊ីលេង World Cup ក្នុងវ័យ៣៣ឆ្នាំ ហើយវាក៏អាចជាលើកចុងក្រោយដែរសម្រាប់ Ronaldo ក្នុងការបង្ហាញខ្លួននៅព្រឹត្តិការណ៍បាល់ទាត់ដ៏ធំរបស់ពិភពលោក។

ខ្សែបម្រើដែលល្បីល្បាញខ្លាំងចាប់តាំងពីលេងនៅ Manchester United នឹងឈានដល់វ័យ៣៧ឆ្នាំសម្រាប់ World Cup លើកក្រោយឆ្នាំ ២០២២ ហើយគ្មាននរណាដឹងនោះទេថារូបគេនឹងលេងបាល់ដល់ពេលនោះឬអត់។ Ronaldo ជាមនុស្សស្រឡាញ់បាល់ទាត់ ជាជនដែលកើតមកចូលចិត្តការប្រកួតប្រជែង និងមិនពេញចិត្តនូវអ្វីដែលខ្លួនមានរហូតធ្វើឲ្យរូបគេព្យាយាមផ្លាស់ប្ដូរជីវិតឥតឈប់ឈរ។Ronaldo បានក្លាយជានិមិត្តរូបប្រជាជនរាប់លាននាក់លើពិភពលោក និងកំពុងលេងឲ្យក្លឹបធំបំផុតមួយក្នុងពិភពបាល់ទាត់។ តារាជើងស៊ុតជំនាញជើងស្ដាំក៏ជាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ និងធ្លាប់រួមចំណែកជួយក្រុមលើកពាន Euro ឆ្នាំ២០១៦។

ខុសពីកីឡាករកំពូលៗមួយចំនួនមានមិត្តរួមក្រុមពោរពេញដោយសមត្ថភាព តែ Ronaldo សឹងជាកីឡាករខ្លាំងតែម្នាក់ឯងនៅក្នុងក្រុមជម្រើសជាតិ ដែលត្រូវធ្វើការច្រើនជាងគេនៅរាល់ប្រកួតម្ដងៗ។ ការឈ្នះពាន World Cup គឺជាក្ដីស្រមៃរបស់បុរសកំព្រាឪពុករូបនេះ ហើយអ្នកគាំទ្រគួរតែរីករាយបើសិនរូបគេបញ្ចប់អាជីពបាល់ទាត់ជាមួយពាន World Cup នៅក្នុងដៃ៕